ភ្នំពេញ៖ សាលារាជធានីភ្នំពេញ បង្គាប់ឲ្យមន្ត្រីផ្សារផ្លាស់ប្ដូរឥរិយាបថ ដើម្បីលុបបំបាត់ភាពអសកម្មទាំងឡាយ ជាពិសេសគឺត្រូវយកតម្លៃភាស៊ីផ្សារ តម្លៃផ្ញើកង់-ម៉ូតូ និងតម្លៃអនាម័យទៅតាមការកំណត់របស់រដ្ឋ។ នេះបើយោងតាមការចុះផ្សាយនៅលើគេហទំព័ររបស់សាលារាជធានីភ្នំពេញ។
អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានបើកិច្ចប្រជុំជាមួយប្រធាន-អនុប្រធាន និងគណៈគ្រប់គ្រងផ្សារក្នុងរាជធានីភ្នំពេញ ព្រមទាំងភិបាលរងខណ្ឌទាំង ០៩ ដែលទទួលបន្ទុកផ្សារ ដើម្បីធ្វើការណែនាំ។
លោក អភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា មន្ត្រីផ្សារត្រូវតែមានទំនាក់ទំនងល្អជាមួយនឹងអាជីវករ និងអតិថិជន ដើម្បីលុបបំបាត់នូវបញ្ហាអសកម្មទាំងឡាយដែលធ្លាប់កើតមាន និងដើម្បីបញ្ចៀសនូវបញ្ហាទាំងឡាយ។
លោកបានសង្កត់ធ្ងន់ថា តម្លៃភាស៊ីផ្សារ តម្លៃផ្ញើកង់-ម៉ូតូ និងតម្លៃអនាម័យនៅតាមផ្សារ ជាពិសេសគឺផ្សាររដ្ឋត្រូវអនុវត្តន៍ទៅតាមការកំណត់ដែលរដ្ឋបានចេញឲ្យ។
គួរបញ្ជាក់ផងដែរថា នៅមុននេះមានប្រជាពលរដ្ឋ ក៏ដូចជាអាជីករដែលចេញ-ចូលនៅក្នុងផ្សាររដ្ឋភាគច្រើនបានរអ៊ូរទាំថា មន្ត្រីផ្សារបានប្រើអាកាប្បកិរិយាមិនសមរម្យ ជាពិសេសគឺការយកថ្លៃទៅលើភាស៊ីផ្សារ និងតម្លៃផ្ញើកង់-ម៉ូតូលើសពីការកំណត់ ពោលគឺថ្លៃជាងតម្លៃដែលបានកំណត់៕
មតិយោបល់