ក្រុមហ៊ុនផលិតរថយន្តស៊េរីទំនើប Roll-Royce Motor Cars ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន BMW បានបង្ហាញរបាយការណ៍លក់រថយន្តនៅក្នុងឆ្នាំ ២០១៣ ដោយមានមានចំនួន ៣.៦៣០គ្រឿងនៅជុំវិញពិភពលោក។

ប្រទេសចិន សហរដ្ឋអាមេរិក និងមជ្ឈឹមបូព៌ា នៅតែជាទីផ្សារធំបំផុតរបស់ Roll-Royce ដែលបានជាប់នៅក្នុងកំណត់ជាប្រទេសដែលលក់រថយន្តបានច្រើនជាងគេ។ ក្នុងនោះការលក់រថយន្តនៅក្នុងប្រទេសចិនបានកើនឡើង ១១ភាគរយ បើធៀបនឹងឆ្នាំមុន ចំណែនៅមជ្ឈឹមបូព៌ាបានកើនឡើង ១៧ភាគរយ។ នេះបើយោងតាមរបាយការណ៍ដែលបានបង្ហាញឲ្យដឹងកាលពីថ្ងៃពុធកន្លងទៅ។
ចំនួនរថយន្តសរុបដែលលក់បាននៅក្នុងឆ្នាំ ២០១៣ មាន ៣.៦៣០គ្រឿង ដែលបានកើនឡើងពី ៣.៥៧៥គ្រឿង កាលពីឆ្នាំ ២០១២ដែលនៅក្នុងនោះរួមមានហាងលក់ថ្មីចំនួន ១៥ត្រូវបានបើកដំណើរការ។
លោក Torsten Muller-Otvos នាយកប្រតិបត្តិក្រុមហ៊ុន Rolls-Royce បាននិយាយថា “ឆ្នាំ២០១៣ ជាឆ្នាំដែលមានតួលេខនៃការលក់ច្រើន និងបានរក្សាតំណែងជាក្រុមហ៊ុនដែលលក់រថយន្តទំនើប ប្រណិតបានច្រើនជាងគេ“។
នៅក្នុងឆ្នាំ ២០១៤ នេះក្រុមហ៊ុនមានគម្រោងជ្រើសរើសបុគ្គលិកថ្មីប្រមាណជាង ១០០នាក់សម្រាប់បម្រើការងារអចិន្ត្រៃយ៍នៅក្នុងប្រទេសអង់គ្លេស ដែលបុច្ចុប្បន្ននេះ Rolls-Royce មានបុគ្គលិកសរុបទាំងអស់ចំនួន ១.៣០០នាក់។
គួរបញ្ជាក់ផងដែរថា នៅក្នុងរបាយការណ៍បានឲ្យដឹងថា ការនាំចេញរថយន្តនៅក្នុងឆ្នាំ ២០១៣ គិតជាទឹកប្រាក់មានចំនួន ៤៩,៥ពាន់លានដុល្លារអាមេរិក នៅក្នុងចក្រភពអង់គ្លេស ដោយបានកើនឡើង ៧ភាគរយ៕
មតិយោបល់