ព័ត៌មានជាតិ

អូន​គង់​ដឹងខ្លួន​

​នៅ​ថ្ងៃ​អាទិត្យ​នេះ ដំណឹង សូម​ជីក​កកាយ​យក​នូវ​បទ​ចម្រៀង​ពី​ជំនាន់​ដើម​មួយ​បទ ដែល​មាន​ចំណងជើង​ថា “​អូន​គង់​ដឹងខ្លួន​” ដែល​ជា​ច្រៀង​ដោយ​អធិរាជ​សំឡេង​មាស លោក ស៊ិន ស៊ី​សាមុត និង​និពន្ធ​ដោយ​កវី​ជើងចាស់ លោក ពៅ ស៊ីផូ​។​

​ព្រម​ជាមួយ​គ្នា​នោះ ក៏​សូម​លើក​យក​នូវ​ប្រវត្តិ​សង្ខេប​ដែល​ទាក់ទង​នឹង​ករី ពៅ ស៊ីផូ ដែល​ដកស្រង់​ចេញពី​សៀវភៅ “​ថ្ងៃ​លិច​ឯនាយ​សមុទ្ទ​” របស់លោក សេង តារា​។​

​ខាងក្រោម​នេះ​ជា​ប្រវត្តិ​របស់​លោក ពៅ ស៊ីផូ​៖

​គំនិត​ច្នៃប្រឌិត និង​ទេពកោសល្យ​កវីនិពន្ធ​យើង គ្មាន​អ្នកណា​អាច​វិភាគ និង​វាយតម្លៃ​ឲ្យឃើញ​ពិតប្រាកដ​ថា​មាន​ជម្រៅ​កម្រិតណា​ឡើយ ប៉ុន្តែ​អ្វី​ដែល​យើង​អាច​សន្និដ្ឋាន និង​ស្រាវជ្រាវ​ដឹង​នោះ​គឺ​ស្នាដៃ​របស់​លោក​សុទ្ធតែ​មាន​វ័យ​ចំណាស់​រាប់សិប​ឆ្នាំ​មកហើយ ជាក់ស្តែង​ក្នុង​ចំណោម​កវី​ទាំងនោះ លោក ពៅ​ស៊ីផូ ត្រូវបាន​គេ​ដឹងថា ជា​កវី​មួយរូប​ដែល​មាន​ស្នាដៃ​ចំណាស់​ជាង​គេ​បំផុត​កាលពី​ជំនាន់​មុន ដូច្នេះហើយ​ទើប​អស់លោក​កវីនិពន្ធ​នានា​ក្នុង​ជំនាន់​នោះ​ចាត់ទុក​លោក​ជា “​កវី​រៀមច្បង​” មួយរូប​ដែល​ពូកគេ​យក​ជា​គំរូ និង​រៀនសូត្រ​តាម​។​

​តាម​ការសិក្សា​ស្រាវជ្រាវ យើង​បានដឹង​ថា លោក ពៅ ស៊ីផូ បាន​ផ្តើម​ស្ថាបនា​ស្នាដៃ​និពន្ធ​បទ​ភ្លេង ទំនុកច្រៀង​តាំងពី​អំឡុង ទ​.​វ ឆ្នាំ​១៩៤០​មកម្ល៉េះ​។ ម្យ៉ាង​លោក ពៅ ស៊ីផូ នេះឯង​ដែល​បាន​ចូកចែវ​ត្រួសត្រាយ​ផ្លូវ​ឲ្យ​អ្នកចម្រៀង​ជំនាន់​នោះ​មានឈ្មោះ​ល្បីល្បាញ​ស្ទើរតែ​គ្រប់ៗ​គ្នា ដោយ​ក្នុង​នោះ​មាន​លោក សុះ ម៉ាត់ អ្នកស្រី ម៉ៅ សារ៉េត លោក អ៊ឹម សុង​សឺ​ម ព្រមទាំង​បុរស​សំឡេង​មាស ស៊ិន ស៊ី​សាមុត ជាដើម​។​ល​។ ជាមួយគ្នានេះ លោក ពៅ ស៊ីផូ ក៏​ជា​អ្នកបង្កើត​គំរូ​ណោ​ត​ភ្លេង ABCD ផងដែរ​ដែល​នៅ​ស្រុក​ខ្មែរ​ជំនាន់​នោះ មិនទាន់មាន​អ្នកណា​សរសេរ​ចេញ​មក​ឡើយ ហើយ​ក៏​ប្រហែល​គ្មាន​អ្នកណា​អាច​មាន​សមត្ថភាព​សរ​សេរ​ចេញ​បានដែរ ដែល​បាន​ក្លាយជា​ប្រទីប​មួយ​ដ៏​សំខាន់ សម្រាប់​កវីនិពន្ធ​នានា​យក ABCD ថ្មី​នោះ​ទៅ​ប្រើ​គ្រប់ៗ​គ្នា​ក្នុង​ការនិពន្ធ​បទ​ភ្លេង​។ ថ្មី​បើណោត​ភ្លេង​ថ្មី​នោះ​មិនមែន​ជា​ណោ​ត​ភ្លេង​សកល (Solfere) ដែល​អាច​ប្រើប្រាស់​បាន​តែ​ក្នុង​ស្រុក​ខ្មែរ​មែន ប៉ុន្តែ​នេះ​គឺជា​កិត្តិយស​ធំ​ណាស់​សម្រាប់​ជាតិ​ខ្មែរ​ដែល​មាន​កុលបុត្រ​ម្នាក់​អាច​ច្នៃប្រឌិត​របស់​មួយ​ថ្មី​ដែល​ពិភពលោក​គ្មាន​។ ចំពោះ​ការរកឃើញ​នេះ គេ​អាច​ប្រៀបធៀប​ថា នៅ​ប្រទេស​នានា គេ​មាន​អ្នកវិទ្យាសាស្ត្រ​ផ្ទាល់ខ្លួន រកឃើញ​បច្ចេកវិទ្យា​ទាន់សម័យ​ដូចជា ម៉ាស៊ីន​បោកគក់ យាន​អវកាស រថភ្លើង ។​ល​។ ចំណែក​ឯ​ប្រទេស​ខ្មែរ​យើង យើង​ក៏​អាច​និយាយ​បាន​ដែរ​ថា មាន​អ្នកប្រាជ្ញ​ម្នាក់​ដែល​រកឃើញ ណោ​ត​ភ្លេង​ថ្មី​ផងដែរ​។ នេះ​មិនមែន​ជា​អំណួត​ខ្លួនឯង​ទេ តែ​វា​ជា​ការពិត​ដែល​គេ​ត្រូវតែ​ទ​ទូល​ស្គាល់​។​

​ដោយឡែក​ក្នុង​បណ្តា​ស្នាដៃ​របស់​លោក បទ​ចម្រៀង​នីមួយៗ​សុទ្ធតែ​មាន​ប្រជាប្រិយភាព មានការ​និយម​ចូលចិត្ត​ស្តាប់​ពី​ប្រជាពលរដ្ឋ​គ្រប់​ទិស​ទី ហើយ​ក្នុងនោះ យើង​បាន​ស្រាវជ្រាវ​ដឹង​ថា បទ​“​អូន​គង់​ដឹងខ្លួន​” ដែល​អធិរាជ​សំឡេង​មាស ស៊ិន ស៊ី​សាមុត ជា​អ្នកបកស្រាយ​នោះ ក៏​ជា​ស្នាដៃ​របស់​លោក ពៅ ស៊ីផូ ផងដែរ ដែល​លោក​និពន្ធ និង​ថត​នៅ​អំឡុង​ដើមឆ្នាំ ១៩៧៤ ក្នុង​កាសែត​ចម្រៀង ពៅ ស៊ីផូ ទី​១ ក្រោម​ការចាត់ចែង និង​សម្រួល​តន្ត្រី​ផ្ទាល់​ដោយ​ម្ចាស់​ស្នាដៃ​ទាំងអស់ ហើយ​បទ​នេះ​លោក​និពន្ធ​ដើម្បី​ឌឺដង​ឲ្យ​ភរិយា​របស់​លោក​ឈ្មោះ ច​ន្ធូ​។​

​អ្នកស្រី​ច​ន្ធូ ដែល​សព្វថ្ងៃ​នៅ​មាន​ជីវិត​នៅឡើយ​រស់នៅ​ទីក្រុង​ភ្នំពេញ មានប្រសាសន៍​រៀបរាប់​អំពី​ដំណើររឿង​នៃ​បទ​នេះ​ថា “​ខ្លឹមសារ​ទាំងអស់​ក្នុង​ទំនុកច្រៀង​បទ​នេះ គឺ​ស្វាមី​អ្នកស្រី​និពន្ធ​ឡើង​ដើម្បី​ចំអក​ឌឺដង ផ្លែផ្កា​ឲ្យ​អ្នកស្រី​តែម្តង ព្រោះ​ពេលនោះ​អ្នកស្រី​ដែល​កំពុង​ឈាន​ចូល​វ័យ​ម្ភៃ​ឆ្នាំ​បន្តិចបន្តួច មាន​រូប​សម្ភស្ស​ស្អាត ដូច្នេះហើយ​ទើប​ពេល​ទៅ​ធ្វើការ​មាន​បុរស​ជាច្រើន​បាន​លេប​ខាយ​សម្តី ក្នុងន័យ​លេងសើច​ផង បន្លំ​សុំ​ស្នេហ៍​ផង តែ​អ្នកស្រី​មិន​បាន​ដាក់ចិត្ត​អ្វី​ឡើយ ប៉ុន្តែ​ដោយសារ​មាន​និស្ស័យ​រួសរាយ អ្នកស្រី​មិន​កំណាញ់​សម្តី​ក្នុង​ការឆ្លើយ​ឆ្លង​ទៅ​បុរសៗ​ទាំងនោះ​ទេ ព្រោះ​ពួកគេ​សុទ្ធតែ​ជា​មិត្ត​រួម​ការងារ​ជាមួយ​អ្នកស្រី​។​

​ដោយសារ​ឃើញ​អ្នកស្រី​ចូលចិត្ត​និយាយ​លេងសើច និង​តបត​សម្តី​ជាមួយ​បុរសៗ​នៅ​កន្លែង​ធ្វើការ​ញឹកញាប់​ដូច្នេះហើយ ទើប​លោក ពៅ ស៊ីផូ ស្វាមី​អ្នកស្រី​មានចិត្ត​ប្រច័ណ្ឌ ហេតុនេះ​ដោយសារ​លោក​ជា​កវី​ពូកែ​តែង​កាព្យ​ចម្រៀង​ស្រាប់​ផង​នោះ ពេលនោះ​លោក​ក៏​និពន្ធ​បទ​នេះ តែម្តង គឺ​និពន្ធ​ដំណាលគ្នា​នឹង​បទ “​ល្មម​ហើយ​ណា​ស្រី​”​។ ចំណែក​ទំនុកច្រៀង​បទ​នេះ ថ្មី​បើ​មានន័យ​គ្រោតគ្រាត​មែន ប៉ុន្តែ​អ្នកស្រី​បញ្ជាក់ថា​គឺ​គ្រាន់តែ​ជា​ការ​ក្នក់ក្នាញ់​ស្រឡាញ់​លាយ​ស្អប់​របស់​ស្វាមី​អ្នកស្រី​ប៉ុណ្នោះ មិនមែន​ឈ្លោះប្រកែក បែកបាក់​គ្នា​ទេ តែ​ដោយសារ​លោក​សរសេ​រ​បានល្អ ទើប​នាំ​ឲ្យ​អ្នកស្តាប់​គិតថា គូស្នេហ៏​ទាំង​ពីរ​ប្រេះឆា​គ្នា​ព្រោះ​តែ​ខាង​ស្រី​ក្បត់ចិត្ត គឺ​ដូច​ត្រង់​ឃ្លា​ដែល​លោក ស៊ិន ស៊ី​សាមុត ច្រៀង​ថា​៖

​ទោះ​សូរិយា​រះ​បំភ្លឺ​ភព​ថ្មី ក៏​ចិត្ត​ស្រី​នៅ​មិន​អស់​ក្តី​ប្រាថ្នា ព្រោះ​ចិត្ត​វង្វេង​នឹង​កាមតណ្ហា គ្មាន​គ្រូពេទ្យ​ណា​អាច​ព្យាបាល​បាន​..

​សូមបញ្ជាក់​ថា សព្វថ្ងៃ​ជា​ទូទៅ​គេ​ដាក់​ចំណងជើង​បទ​នេះ​ខុស​ថា “​គង់​មាន​ថ្ងៃ​ស្រី​ដឹងខ្លួន​“ ខុស​ពី​ចំណងជើង​ដើម​គឺ “​អូន​គង់​ដឹងខ្លួន​” ឯណោះ​ទេ​។ ដូច្នេះ​តាមរយៈ​ការ​គាស់​រំលើង និង​ការបកស្រាយ​នេះ សូម​ប្រិយមិត្ត​ទាំងឡាយ ពិសេស​ផលិតកម្ម​រកស៊ី​ថត​ចម្រៀង និង​ផលិត​បទ​ចម្រៀង​ខា​រា​អូ​ខេ​នានា មេត្តា​ជួយ​ដាក់​ចំណងជើង​ឲ្យ​ត្រឹមត្រូវ​តាម​លំនាំ​ដើម​ផង ហើយ​ប្រសិន​អាច​ដាក់​ឈ្មោះ​អ្នកនិពន្ធ​ទៀត​ផង​នោះ ពិតជា​ល្អ​មែនទែន ដើម្បី​ឲ្យ​កូន​ខ្មែរ​បាន​ដឹង​អ្នកបង្កើត​ផង ព្រោះ​ជា​ទូទៅ​គេ​ស្គាល់​តែ​អ្នក​ច្រៀង​ប៉ុណ្នោះ​៕​

មតិយោបល់