ប្រាក់ចំណេញប្រតិបត្តិការប្រចាំឆ្នាំ ២០១៣ របស់ក្រុមហ៊ុនចិន Huawei បានកើនឡើង ៤០ភាគរយ ខណៈពេលដែលក្រុមហ៊ុនមួយនេះត្រូវបានសហរដ្ឋអាមេរិកចោទថាជាចារកម្មរបស់ចិន។
Huawei ជាក្រុមហ៊ុនផលិតឧបករណ៍ទូរគមនាគមន៍ធំលំដាប់ទី២របស់ពិភពលោក ដែលកាលពីឆ្នាំ ២០១៣ បានបាត់បង់ឱកាសរកប្រាក់ចំណូលរាប់លានដុល្លារអាមេរិក នៅលើទឹកដីសហរដ្ឋអាមេរិក និងអូស្ត្រាលី ព្រមទាំងអង់គ្លេស ដោយសារតែមានការចោទប្រកាន់ថា Huawei បានដើរតួជាចារកម្មរបស់ចិន ទៅលើឧបករណ៍ទូរគមនាគមន៍។
ក្រុមហ៊ុន Huawei បានបញ្ជាក់ថា ប្រាក់ចំណេញប្រតិបត្តិប្រចាំឆ្នាំ ២០១៣ មានចំនួន ២៨,៦ពាន់លានយន់ ទៅ ២៩,៤ពាន់លានយន់ ស្មើនឹង ៤,៨៧ពាន់លានដុល្លារអាមេរិក បើធៀបជាមួយនឹងឆ្នាំ ២០១២ មានចំនួន ១៩,៩៦ពាន់លានយន់ ឃើញថាកើនឡើង ៤៣,៣ភាគរយ។
ព្រមជាមួយគ្នានោះ ក្រុមហ៊ុនក៏បានឲ្យដឹងផងដែរថា ប្រាក់ចំណូលមានចំនួន ២៤០ពាន់លានយន់ ដែលកើនឡើង ៨ភាគរយ។
គួរបញ្ជាក់ផងដែរថា Huawei ក៏ជាក្រុមហ៊ុនផលិតស្មាតហ្វូនធំមួយផងដែរ ដោយកាលពីត្រីមាសទី៣ ឆ្នាំ ២០១៣ បានក្លាយជាក្រុមហ៊ុនផលិតស្មាតហ្វូនលំដាប់ទី៣របស់ពិភពលោក ហើយនៅក្នុងឆ្នាំ ២០១៣ ទាំងមូល Huawei លក់ស្មាតហ្វូនបាន ៥២លានគ្រឿង៕
មតិយោបល់