ព័ត៌មានជាតិ

កម្ពុជា​នឹង​នាំចេញ​អង្ករ​បាន ១​លាន​តោន នៅ​ឆ្នាំ ២០១៥

​ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល​ បានឲ្យ​ដឹង​នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ​ថា កម្ពុជា​នឹង​សម្រេចបាន​នូវ​គោលដៅ​របស់​ខ្លួន​ក្នុង​ការនាំ​ចេញ​អង្ករ​ចំនួន ១​លាន​តោន នៅក្នុង​ឆ្នាំ ២០១៥​។​

v_0595

“​ប្រទេស​កម្ពុជា​បាន​នាំចេញ​អង្ករ​ជាង ៤០០.០០០​តោន នៅក្នុង​ឆ្នាំ ២០១៣ ហើយ​នៅក្នុង​រយៈពេល ២​ឆ្នាំ​ទៀត ដំណើរ​ឆ្ពោះ​ទៅ​រក​គោលដៅ ខ្ញុំ​ជឿជាក់​ថា​នឹង​បាន​សម្រេច​”​។ នេះ​ជា​សំដី​របស់​លោក​រដ្ឋមន្ត្រី បាន​ថ្លែង​នៅក្នុង​ពិធី​ចុះហត្ថលេខា អនុសារណៈ យោគយល់​គ្នា​រវាង ក្រុមហ៊ុន​កូរ៉េ ដែល​មានឈ្មោះ​ថា Hanwha និង​ក្រុមហ៊ុន Amru rice​។​

​ក្រោម​កិច្ច​ព្រមព្រៀង​នេះ ក្រុមហ៊ុន​ទាំង​ពីរ​នឹង​ធ្វើការ​រួមគ្នា​ក្នុង​ការនាំចេញ​អង្ករ​កម្ពុជា​ទៅកាន់​ប្រទេស​កូរ៉េ​ខាងត្បួង និង​បណ្ដា​ប្រទេស​មួយចំនួន​នៅ​អាស៊ី​។​

​លោក ស៊ុន ចាន់ថុល បាន​បន្ថែមទៀតថា អង្ករ​ក្រអូប​កម្ពុជា​គឺ​ល្បី​ខាង​រសជាតិ​ង​ឆ្ងាញ់ និង​ជា​អង្ករ​ល្អ​បំផុត​ដែល​ពិភពលោក​កំពុង​ត្រូវការ​។​

​ជាង ៨០​ភាគរយ​នៃ​ចំនួន​ប្រជាជន​នៅក្នុង​ប្រទេស​កម្ពុជា​គឺជា​កសិករ ហើយ​កម្ពុជា ប្រមូល​ផល​ស្រូវ​បាន ប្រហែល ៩​លាន​តោន​ក្នុង​មួយ​ឆ្នាំ​។ ក្រៅ​ពី​ការប្រើប្រាស់ ក្នុងស្រុក អង្ករ​ប្រមាណ ៣​លាន​តោន ត្រូវបាន​នាំ​ចេញ​ជា​រៀងរាល់ឆ្នាំ​។​

​នៅក្នុង​ខែ​សីហា ឆ្នាំ២០១០ ប្រទេស​កម្ពុជា បានកំណត់​គោលដៅ​របស់​ខ្លួន​ក្នុងការនាំចេញ​អង្ករ ១​លាន​តោននៅក្នុង​ឆ្នាំ ២០១៥​។​

​បច្ចុប្បន្ន មាន​ក្រុមហ៊ុន ៨៤​ត្រូវបាន​នាំ​ចេញ​អង្ករ​ទៅ​កាន់​ប្រទេស និង​តំបន់​ចំនួន ៦៦​នៅ​ជុំវិញ​ពិភពលោក ហើយ​ប្រទេស​ដែល​ទិញ​សំខាន់​ជា​គេ​មាន ប្រទេស​បារាំង ប៉ូឡូញ ម៉ាឡេស៊ី ហូ​ល្លង់ និង​ប្រទេស​ចិន​៕

មតិយោបល់