បច្ចុប្បន្ននេះ យើងសង្កេតឃើញថាមានមនុស្សចាស់ ព្រមទាំងក្មេងៗជាច្រើនបាននាំគ្នាហាត់ប្រាណ នៅតាមក្លឹបហាត់ប្រាណ និងនៅតាមទីសាធារណៈ ដូចជាសួរច្បារ ជាដើមដោយមានខ្លះហាត់នៅពេលព្រឹក ខ្លះទៀតនៅពេលល្ងាច ជាពេលដែលទំនេរពីការងារ ឬសិក្សា។
ក្រុមអ្នកស្រាវជ្រាវអះអាងថា ការហាត់ប្រាណត្រឹមតែ ៥នាទីនៅទីធ្លាដែលមានរុក្ខជាតិនៅជុំវិញ ដូចជានៅតាមសួនច្បារ ជាដើម អាចធ្វើឲ្យសុខភាពផ្លូវចិត្តប្រសើរឡើង។
មានភស្ដុតាងកាន់តែច្រើនឡើងដែលថា ការរួមផ្សំសកម្មភាពផ្សេងៗ ដូចជា ការដើរ ឬការជិះកង់ជាមួយធម្មជាតិនោះជួយបង្កើនសុខុមាលភាពរបស់អ្នកប្រសើរឡើង។ នៅក្នុងការវិភាគថ្មីៗនេះក្រុមអ្នកស្រាវជ្រាវនៅអង់គ្លេសបានពិចារណាទៅលើភស្ដុតាងដែលទទួលបានពីមនុស្ស ១.២៥០នាក់នៅក្នុងការសិក្សាចំនួន១០ ហើយបានរកឃើញថា មានការប្រសើរឡើងយ៉ាងឆាប់រហ័សនៅក្នុងអារម្មណ៍ និងការជឿជាក់លើខ្លួនឯង។
ការសិក្សាដែលចុះផ្សាយ នៅក្នុងទិនានុប្បវត្តិបច្ចេកវិទ្យា និងវិទ្យាសាស្ត្របរិស្ថានបានលើកឡើងថា ឥទ្ធិពលដ៏ខ្លាំងបំផុតគឺកើតមានលើក្រុមយុវវ័យ។ ការស្រាវជ្រាវបានតាមដានទៅលើសកម្មភាពក្រៅផ្ទះខុសៗគ្នាជាច្រើនរួមមានការដើរ ការថែសួន ការជិះកង់ ការនេសាទ ការជិះទូក ការជិះសេះ និងការដាំដំណាំ នៅតាមទីតាំងដូចជា សួនច្បារ ឧទ្យាន ឬហាត់ប្រាណតាមផ្លូវដែលមានរុក្ខជាតិអម។ ប្រសិទ្ធភាពដ៏ច្រើនត្រូវបានឃើញនៅក្នុងរយៈពេលត្រឹមតែ៥នាទីប៉ុណ្ណោះ។
ដោយតាមដានទៅលើបុរស និងស្ត្រីដែលមានវ័យផ្សេងៗគ្នាក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ការប្រែប្រួលផ្នែកសុខភាពទាំងរាងកាយ និងផ្លូវចិត្តមានច្រើននៅក្នុងចំណោមយុវវ័យ និងសុខភាពផ្លូវចិត្ត៕
មតិយោបល់