ភ្នំពេញ៖ តំណាងក្រុមអ្នកបច្ចេកទេសរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន ដែលហៅកាត់ថា JICA បាន បង្ហាញអំពីការរៀបចំផែនការអភិវឌ្ឍ និងគម្រោងសិក្សាស្រាវជ្រាវលើការកសាងបណ្ដាញផ្លូវ ល្បឿនលឿននៅក្នុងប្រទេសកម្ពុជា ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការតភ្ជាប់សេវាដឹកជញ្ជូន ជាមួយបណ្ដាប្រទេសជិតខាង និងចូលរួមក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក។
លោក Shimada Takashi តំណាងក្រុម អ្នកបច្ចេក ទេស JICA បានលើកឡើង នៅក្នុងជំនួបពិភាក្សាជាមួយមន្ដ្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូនកាល ពីថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ ២០១៤ នៅទីស្ដីការក្រសួង ថា ក្រុមបច្ចេកទេស និងអ្នកជំនាញនឹងធ្វើបទបង្ហាញយ៉ាងស៊ីជម្រៅ សម្រាប់ការអភិវឌ្ឍលើគម្រោងខ្សែផ្លូវល្បឿនលឿននៅកម្ពុជា ហើយក្រុមសិក្សាស្រាវជ្រាវរបស់ JICA នឹងពន្យល់ពីគម្រោងនៃការសិក្សាអំពីការសាងសង់ផ្លូវល្បឿនលឿន ខាងលើនេះឲ្យបាន ច្បាស់លាស់ទាក់ទងលើបញ្ហានៃការសាងសង់ បញ្ហាច្បាប់ ហិរញ្ញវត្ថុ ព្រមទាំងស្ថាប័នដែល ពាក់ព័ន្ធផងដែរ។
លោក Shimada Takashi បានបន្ដទៀត ថា បញ្ហាដែលពាក់ព័ន្ធជាមួយគម្រោងដែលបានលើកឡើងទាក់ទងនឹងការសាងសង់ផ្លូវល្បឿនលឿននេះ វានឹងផ្ដល់នូវអត្ថប្រយោជន៍យ៉ាងច្រើនក្នុងការចូលរួមចំណែក អភិវឌ្ឍន៍ប្រទេស កម្ពុជា ហើយក៏ជាករណីចម្បង និងជាបទពិសោធន៍មួយសម្រាប់ការអនុវត្ត គម្រោងសាងសង់ ផ្លូវល្បឿនលឿនដទៃទៀតក្នុងប្រទេសកម្ពុជាផងដែរ៕
ប្រភព៖ AKP
មតិយោបល់