ស្នេហា៖ ទម្រាំតែការអភិវឌ្ឍន៍សម្ព័ន្ធភាពឲ្យទៅជាស្នេហាបាន គូខ្លះ ប្រើពេលតែបន្ដិច រីឯគូខ្លះទៀតប្រើពេលយូរ អាស្រ័យទៅលើពេលវេលា និងការអត់ធ្មត់ខ្ពស់ ដើម្បីឲ្យអ្នកទាំងពីរមានចិត្តដូចគ្នា ប៉ុន្ដែបញ្ហាត្រង់ថា ធ្វើយ៉ាងដូចម្ដេច ទើបអាចរក្សាស្នេហានោះឲ្យបានយូរអង្វែង?
ខាងក្រោមនេះជាវិធីសាស្ត្រមួយចំនួនដើម្បីរក្សាទំនាក់ទំនងស្នេហាឲ្យនៅគត់វង្ស និងយូរអង្វែង៖
១. នឹកគិតដល់ចំណុចល្អៗ ដែលមានចំពោះគ្នា៖ ពេលដែលខឹងគ្នា ទោះបីអ្នកដែលស្រលាញ់គ្នាខ្លាំងក៏អាចមានរឿងទាស់ទែងខ្វែងគំនិតគ្នាបានដែរ ហើយអ្នកដែលអាចរម្ងាប់ភាពក្រេវក្រោធបាន គឺមានតែអ្នកខ្លួនឯង។ ដូច្នេះបើគេធ្វើខុស ដែលធ្វើឲ្យអ្នកខឹងសម្បាខ្លាំង ចូរព្យាយាមនឹកគិតដល់ចំណុចល្អៗ ដែលអ្នកទាំងពីរធ្លាប់មានជាមួយគ្នា ដើម្បីការពារកុំឲ្យរឿងរាលដាលធ្ងន់ជាងនេះ ។
២. ឧស្សាហ៍ផ្ដល់ពេលវេលាដល់គ្នា៖ ពេលវេលាសំខាន់ចំពោះការមានស្នេហា សូម្បីតែការទូរស័ព្ទទៅគូស្នេហ៍រយៈពេលខ្លី និងផ្ដាំផ្ញើពាក្យនឹករលឹកចំពោះគ្នា ក៏អាចជួយបង្កើនសេចក្ដីស្នេហារបស់អ្នក ឲ្យស្រស់ថ្លាមួយកម្រិតថែមទៀតបានដែរ ។
៣. បើកចំហខ្លួន៖ រឿងនេះ អ្នកគួរធ្វើតាំងពីរាប់អានគ្នាដំបូងរហូតដល់ថ្ងៃអនាគត ដើម្បីឲ្យអ្នកទាំងពីរបានស្វែងយល់និងកែទម្លាប់ដែលខុសគ្នាឲ្យស៊ីសង្វាក់គ្នាវិញ ។ បើអ្នករវល់តែខ្លាចគេស្គាល់ពីធាតុពិតរបស់ខ្លួន ហើយចាំបើកចំហនាពេលក្រោយ ដែលយល់ចិត្តគ្នាហើយវាប្រហែលជាមិនបានល្អឡើយ ព្រោះអ្នកនឹងមានរឿងដែលមិនគួរកើតសោះកើតឡើងបាន ព្រោះតែអ្នកបានលាក់បាំងវា។
៤. ពេលជជែកគ្នាគួរសម្លឹងភ្នែកគ្នាខ្លះ៖ កែវភ្នែក គឺជាទ្វារបេះដូង បើជជែកជាមួយគូស្នេហ៍ ប៉ុន្ដែភ្នែកបែរជាសម្លឹងទៅឯណាផ្សេងនោះ ពាក្យពេចន៍ដែលអ្នកនិយាយប្រហែលជាមិនមានន័យជ្រៅប៉ុន្មានឡើយ ។ ដូច្នេះ គួរប្តូរទម្លាប់អាក្រក់នេះចោល។
៥. ជាភាគីលួងលោមខ្លះ៖ មិនថាអ្នកជាបុរស ឬស្ត្រី បើគូស្នេហ៍របស់អ្នកមានអាការងរងក់ឡើងមក ចូរប្រញាប់លួងលោមគេ ។ អ្នកខ្លះពិបាកលួងលោម អ្នកខ្លះទៀតងាយស្រួល ដូច្នេះបើអ្នកលួងលោមដោយពាក្យពេចន៍យ៉ាងណាក៏មិនបានផល ត្រូវតែរកជំនួយដូចជា ផ្កា ឬកាដូ ដែលត្រូវចិត្តគេធានាថា នឹងបាត់ងរង៉ក់មួយរំពេច ។
៦. កុំស្ងៀមខ្លាំងពេក៖ កុំបណ្តោយឲ្យភាពស្ងប់ស្ងៀមកើតឡើង លើស ៥ នាទី ព្រោះវាអាចវាសញ្ញាតូចតាច បង្ហាញពីស្នេហាដែលកំពុងគ្មានរសជាតិរបស់អ្នក ។ ដូច្នេះព្យាយាមបបួលគ្នាលេងខ្លះ មិនថា រឿងផ្ទះសម្បែង រឿងរៀន ឬរឿងមិត្តភក្ដិ យ៉ាងហោចណាស់ក៏អ្នកអាចរំសាយអារម្មណ៍ចំពោះគ្នា ថែមទាំងអាចស្វែងយល់ពីទស្សនគតិរបស់ភាគីម្ខាងទៀតបាន។
៧. ចូលចិត្តដៃគូឲ្យបានច្រើន៖ អ្នកត្រូវចងចាំថា សេចក្ដីស្នេហាជាអារម្មណ៍ម្យ៉ាងដែលអាចមានទៅមានមក ។ ដូច្នេះបើស្រលាញ់គ្នាពិតប្រាកដ ត្រូវចេះសម្របសម្រួលតាមគ្នា ស្រលាញ់ចូលចិត្តគ្នាឲ្យបានច្រើន ដោយកាត់បន្ថយចំណុចមិនពេញចិត្តឲ្យបានច្រើន។
៨. ប៉ះពាល់គ្នា៖ ការប៉ះពាល់បបោសអង្អែលគ្នា ជួយបន្ថយសម្ពាធឈាម និងធ្វើឲ្យរាងកាយបញ្ចេញសារធាតុគីមី ដែលធ្វើឲ្យមានសេចក្ដីសុខ បង្កើតនូវអារម្មណ៍សប្បាយ កក់ក្ដៅ ធូរស្បើយ និងជាពិសេស គឺជំរុញចំណង់ផ្លូវភេទឲ្យកើតឡើងផងដែរ។
យ៉ាងម្ដេចដែរ ចំពោះការណែនាំខាងលើនេះ?
មតិយោបល់