យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុឲ្យដឹងថា សម្រាប់កិច្ចសហប្រតិបត្តិការរយៈពេល ៣ ឆ្នាំ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)គ្រោង នឹងផ្តល់ ហិរញ្ញប្បទានប្រមាណ ៧៧៣ លានដុល្លារអាម៉េរិកដល់កម្ពុជា ដើម្បីអនុវត្តន៍គម្រោងការជាច្រើន។
សេចក្តីប្រកាសព័ត៌មាននោះឲ្យដឹងថា ក្នុងចំនួនហិរញ្ញប្បទានសម្បទានដែលបាន ផ្តល់នេះ ហិរញ្ញប្បទាន សម្បទានពី ADB មានចំនួន ៥៧៣ លានដុល្លារអាម៉េរិក និងសហ ហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍ផ្សេងទៀត ដែលផ្តល់តាមរយៈ ADB មានចំនួន ២០០ លាន ដុល្លារអាម៉េរិក ។ ជាមួយគ្នានេះដែរ ADB ក៏នឹងគ្រោងផ្តល់ ហិរញ្ញប្បទានសហប្រតិបត្តិការ បច្ចេកទេស (Grant) ក្នុងទឹកប្រាក់សរុបចំនួនប្រមាណ ២២,៣ លានដុល្លារអាម៉េរិកផងដែរ ។
នៅក្នុងជំនួបពិភាក្សារវាងឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញ វត្ថុ ជាមួយឯកឧត្តម James Nugent អគ្គនាយកទទួលបន្ទុកនាយកដ្ឋានអាស៊ីអាគ្នេយ៍នៃ ធនាគារអភិវឌ្ឍន៍អាស៊ីកាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ ២០១៤ នៅទីស្តីការក្រសួងភាគីទាំងពីរ បានពិភាក្សាផ្លាស់ប្តូរទស្សនៈ និងយុទ្ធសាស្ត្រភាពជា ដៃគូ ដើម្បីគាំទ្រដល់ការអនុវត្តយុទ្ធ សាស្ត្រចតុកោណដំណាក់កាលទី ៣ ក៏ដូចជាយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ បច្ចុប្បន្ន ឆ្នាំ ២០១៤-២០១៨ របស់រាជរដ្ឋាភិបាលផងដែរ។
ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាបានវាយតម្លៃខ្ពស់ចំពោះការ គាំទ្រ និងកិច្ចសហ- ប្រតិបត្តិការដ៏ល្អប្រសើររបស់ ADB ជាមួយរដ្ឋាភិបាលកម្ពុជាក្នុងកិច្ច អភិវឌ្ឍប្រទេសកម្ពុជា ក្នុងនោះបាន រួមគ្នាអនុវត្តន៍គម្រោងស្តារប្រព័ន្ធផ្លូវដែកកម្ពុជាសំដៅធ្វើ យ៉ាងណា សម្របសម្រួលឲ្យការដាក់ឲ្យការអនុវត្ត គម្រោងនេះ បានឆាប់រហ័សក្នុងរយៈពេលខ្លី ខាងមុខ ព្រមទាំងទទួលបានជោគជ័យ ។ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ក៏បានថ្លែងអំណរគុណ ចំពោះ ADB ដែលនៅបន្តដើរតួនាទីយ៉ាងសំខាន់ ក្នុងដំណើរការអភិវឌ្ឍ ប្រទេសកម្ពុជាក្នុង ភាពជាដៃគូល្អ និងស្មើភាពនោះ។
នៅក្នុងជំនួបនោះដែរ ឯកឧត្តម James Nugent ក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង ដ៏ល្អរវាង រាជរដ្ឋាភិបាលកម្ពុជា និង ADB កន្លងមកផងដែរ៕
ប្រភព៖ AKP
មតិយោបល់