ព័ត៌មានជាតិ

កុមា​កម្ពុជា ២​នាក់​ស្លាប់​ដោយសារ​ជំងឺផ្ដាសាយបក្សី​

​កុមា​កម្ពុជា​ពីរ​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​ដោយសារ​ជំងឺផ្ដាសាយបក្សី H5N1 កាលពី​ថ្ងៃ​ទី​០៧​ខែ​កុម្ភៈ ឆ្នាំ ២០១៤ កន្លងទៅនេះ​។ នេះ​បើ​យោង​តាម​ការចុះផ្សាយ​របស់ AKP ។​

​យោងតាម​សេចក្តីប្រកាស​រួម​រវាង​ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក ចុះ​ថ្ងៃ​ទី ១២ ខែ​កុម្ភៈ ឆ្នាំ ២០១៤ ឲ្យដឹងថា កុមារា អាយុ ០៨ ឆ្នាំ​ដែល​មាន​ទីលំនៅ​ក្នុងភូមិ​ក្បាល​ត្រាច ឃុំ​ស្រែ​ចា ស្រុក​ស្នួល ខេត្ត​ក្រចេះ ត្រូវ​បាន​បញ្ជាក់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា កាលពី​ថ្ងៃ​ទី ០៨ ខែ​កុម្ភៈ ឆ្នាំ ២០១៤ ថា មាន​ជំងឺផ្តាសាយបក្សី H5N1 ។

​ដោយសារ​ស្ថានភាព​សុខភាព​របស់​កុមារ មាន​សភាព​កាន់តែ​ធ្ងន់ធ្ងរ កុមារា​នេះ ត្រូវបាន​ដាក់​ឲ្យ​សំរាក នៅ​មន្ទីរពេទ្យបង្អែក​មេមត់​នៅ​ថ្ងៃ​ទី ០៦ ខែ​កុម្ភៈ ឆ្នាំ ២០១៤ និង​ត្រូវបាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ខេត្ត​កំពង់ចាម នៅ​ម៉ោង ១ ទៀប​ភ្លឺ បន្ទាប់ពី​មាន​គ្រុ​នក្តៅ ឈឺ បំពង់ក ក្អក ឈឺ​ពោះ ពិបាក​ដកដង្ហើម និង​សន្លឹម និង​ត្រូវ ដាក់ឲ្យ សំរាក​ពេទ្យ​ដោយ​ទទួលបាន​ការព្យាបាល​ដោយ​ឱសថ Tamiflu នៅ​ថ្ងៃ​ទី ០៧ ខែ​កុម្ភៈ ។ ប៉ុន្តែ ទោះជា​មាន​ការយកចិត្ត​ទុកដាក់​ពី​សំណាក់​ក្រុម​គ្រូពេទ្យ​ក្តី ក៏​កុមារ​បាន​ស្លាប់​នៅ​ថ្ងៃទី ០៧ ខែ កុម្ភៈ ឆ្នាំ ២០១៤ នៅវេលា ម៉ោង ៦ ល្ងាច ។​

​សេចក្តីប្រកាស​រួម​នៅ​និយាយថា ប្អូនស្រី​កុមារ​អាយុ ០២ ឆ្នាំ នៅ​ថ្ងៃ​ទី ០១ ខែ​កុម្ភៈ​មាន រោគសញ្ញា​ប្រហាក់ ប្រហែល កុមារ​ដែរ ហើយ​ឪពុកម្តាយ បាន​ស្វែងរក​ការ​ព្យាបាល​នៅ​គ្លីនិក ឯកជន​នៅក្នុង​ភូមិ​នៅ​ថ្ងៃ​ទី ០២ ខែ​កុម្ភៈ និង​ត្រូវបាន​ដាក់​ឲ្យ​សំរាក​នៅ​មន្ទីរពេទ្យបង្អែក​មេមត់ នៅ​ថ្ងៃ​ទី ០៦ ខែ​កុម្ភៈ ឆ្នាំ ២០១៤ និង​បញ្ជូន​បន្ត ទៅកាន់​ម្ទីរពេទ្យ​ខេត្ត​កំពង់ចាម នៅ​ថ្ងៃ​ទី ០៧ ខែ​កុម្ភៈ​ជាមួយ​កុមារ​ដែរ ។ នាង​មាន​អាការៈមាន​គ្រុនក្តៅ ឈឺ​បំពង់ក ក្អក ឈឺ​ពោះ រា​ក ពិបាក ដកដង្ហើម និង​សន្លឹម ។ នាង​មិន​បាន​ទទួល​ឱសថ Tamiflu ទេ ហើយ​បាន​ស្លាប់​នៅ​ម៉ោង ៤ ព្រឹក​ថ្ងៃ​ទី ០៧ ខែ​កុម្ភៈ ។ សេចក្តីប្រកាស​រួម​បានបញ្ជាក់​ថា សំណាក​មិនបាន បូម​យក​ពី​កុមារី នេះ​ទេ ហេតុ​នេះ​យើង​មិនបាន​ធ្វើ​តេស្ត​រក​វីរុស​ផ្តាសាយ​បក្សី​ទេ ។​

​ការស្លាប់​របស់​កុមារា​នេះ ជា​ករណី​ទី ២ ក្នុង​ឆ្នាំនេះ និង​ជា​ករណី​ទី ៤៩ ដែល​បាន​ឆ្លង វីរុស​ជំងឺផ្តាសាយបក្សី H5N1 ដែល ៣៧ ករណី​ក្នុង​ចំណោម​ករណី​ផ្តាសាយ​បក្សី​ទាំង ៤៩ ដែល​កើតមានឡើង​នៅ ព្រះរាជា ណា ចក្រ​កម្ពុជា កើត​លើ​កុមារ​អាយុ​ក្រោម ១៤ ឆ្នាំ និង ២៧ ករណី​ក្នុង​ចំណោម​ករណី​ផ្តាសាយ​បក្សី​ទាំង ៤៩ ជា​នារី ហើយ​មាន​តែ ១៥ ករណី​មាន​ជីវិត ចាប់តាំងពី​មាន​ជំងឺ​នេះ​លើកដំបូង​នៅ​កម្ពុជា​ក្នុង​ឆ្នាំ ២០០៥ នោះ​៕​

h5n1-virus

មតិយោបល់