ព័ត៌មានជាតិ

ព្រះករុណាព្រះមហាក្សត្រ ស្តេចយាងពិនិត្យ ព្យាបាលព្រះរាជសុខភាព នៅប្រទេសចិន

ប្រភពព័ត៌មានរបស់ AKP បានចុះផ្សាយ​ឲ្យដឹងថា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណា ចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា ជាតិខ្មែរ ជាទីសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៤ ព្រះអង្គបានស្តេចយាងទៅកាន់ទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិនហើយ ដើម្បីពិនិត្យព្យាបាលព្រះរាជសុខភាពនៅទីនោះ ដែលជាធម្មតា ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គតែងតែយាងទៅពិនិត្យ ព្យាបាលព្រះរាជសុខភាព ក្នុងរៀងរាល់ ៦ខែម្តង នៅប្រទេសចិននោះ ។

យោងតាមព្រះរាជសារ ជូនជនរួមជាតិ ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៤ ព្រះករុណា ព្រះមហាក្សត្រ មានព្រះរាជឱង្ការថា ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ និងសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអនុញ្ញាត និងអនុញ្ញាតពីសម្ដេចព្រះសង្ឃរាជទាំងពីរគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សម្ដេច ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន ក្មួយៗ ជនរួមជាតិ ទាំងអស់ អវត្តមានពីមាតុប្រទេស ចាប់ពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៤ តទៅនឹងធ្វើដំណើរទៅទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យ ព្យាបាលព្រះរាជសុខភាព ។
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង មានព្រះរាជឱង្ការថា នៅក្នុងឱកាសអវត្តមាន របស់ទូលបង្គំខ្ញុំ ព្រះករុណាខ្ញុំខាងលើនេះ សម្តេចអគ្គ មហាធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភា នឹងទទួលជួយ ទូលបង្គំខ្ញុំ ព្រះករុណាខ្ញុំ ក្នុងឋានៈជាប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ។

ព្រះរាជវង្សានុវង្ស សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ថ្នាក់នាំជាន់ខ្ពស់ក្នុងស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ រួមទាំង លោកជំទាវឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានព្រះវត្តមាន និងវត្តមានក្នុងព្រះរាជពិធីដង្ហែ ព្រះរាជដំណើរយាង របស់ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចម៉ែ នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ ៕
King

មតិយោបល់