ភ្នំពេញ៖ មុនពេលដែលលោកសមរង្ស៊ី និងលោកកឹមសុខា រួមទាំងថ្នាក់ដឹកនាំរបស់គណបក្សសង្គ្រោះជាតិ គ្រោងទៅជួបសំណេះ សំណាល ជា មួយ ពលរដ្ឋនៅខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃព្រហស្បតិ៍នេះ និងបន្ទាប់ពីមានការគំរាមកំហែងនយោបាយស្ទើគ្រប់វេទិការបស់គណបក្សសង្គ្រោះជាតិទូទាំងប្រទេស លោកសមរង្ស៊ី និងលោកកឹមសុខា បានប្រកាសថា គណបក្សសង្គ្រោះជាតិ នឹងឈប់ចរចារជាមួយគណបក្សប្រជាជនកម្ពុជា ប្រសិនបើវេទិកានៅរសៀលនេះ នៅតែមានការរំខាន និងគំរាមកំហែង។
ក្នុងសន្និសីទសាពត៌មាន នៅព្រឹកថ្ងៃព្រហស្បតិ៍ មុនពេលចេញដំណើរទៅកាន់ខេត្តកំពង់ឆ្នាំង ប្រធាន និងអនុប្រធានគណបក្សសង្គ្រោះជាតិ បានអញ្ជើញអ្នកសាពត៌មានជាតិ អន្តរជាតិ ចូលរួមដើម្បីតាមដានព្រឹត្តិការណ៍ និងធ្វើជាសាក្សី។
លោកសមរង្ស៊ី បានកត់សំគាល់ចំពោះការយាយីកន្លងមក ថាជាទង្វើបង្ហាញ ពីការមិនទទួលខុសត្រូវ និងគ្មានឆន្ទៈពិតប្រាកដរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការចរចារជាមួយគណបក្សសង្គ្រោះជាតិ ដើម្បីដោះស្រាយការជាប់គាំនយោបាយបច្ចុប្បន្ននេះ។
គណបក្សប្រជាជនតែងបានបង្កើតព្រឹត្តិការណ៍គំរាមកំហែង និងអំពើហឹង្សា នៅពេលមានការចរចារម្តងៗ ដែលអាចវាយតម្លៃបានថា គណបក្សនេះ គ្មានឆន្ទៈពិតប្រាកដឡើយ ហើយការចរចារគ្រាន់តែធ្វើដើម្បីបំភ័ន្តមតិអន្តរជាតិប៉ុណ្ណោះ។ លោក កឹមសុខា បានបន្ថែមថា គណបក្សសង្គ្រោះជាតិ មិនអាចជួបចរចាក្រោមបរិយាកាសគំរាមកំហែង និងការប្រើអំពើហឹង្សាបែបនេះឡើយ ៕
មតិយោបល់