ភ្នំពេញ៖ បន្ទាប់ពីអញ្ជើញចូលរួមជាអធីបតីក្នុងពិធីបើកការដ្ឋានស្ថាបនា និងជួសជុលផ្លូវ ២១៧ នៅព្រឹកថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០១៤ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ រួមជាមួយមន្ត្រីពាក់ពន្ធ័ និង អាជ្ញាធរដែនដីជាច្រើនរូប បានអញ្ជើញចុះទៅពិនិត្យមើលការដ្ឋានស្ថាបនាស្ពានអាកាសស្ទឹងមានជ័យជាបន្តទៀត ខណៈពេលដែលការដ្ឋាននេះ បាន និងកំពុងដំណើរការសាងសង់សម្រេចបាន ៧៥% ហើយគិតមកដល់ពេលនេះ។
លោក សាំ ពិសិដ្ន នាយកមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ឲ្យដឹងថា ស្ពានអាកាស ស្ទឹងមានជ័យ នឹងសម្រេចការស្ថាបនាឲ្យរួចរាល់ជាស្ថាពរយ៉ាងយូត្រឹមខែ តុលា ឆ្នាំ ២០១៤ ខាងមុខនេះ ហើយអាច បើកឲ្យប្រជាពលរដ្ឋធ្វើចរាចរណ៏ឆ្លងកាត់បាន និងមិនធ្វើឲ្យកកស្ទះចរាចរណ៍ទៀតទេ ។ តាមផែនការដែលបានគ្រោង ទុក ការសាងសង់ស្ពានអាកាសស្ទឹងមានជ័យគឺនឹងត្រូវបញ្ចប់នៅក្នុងខែ មិនា ឆ្នាំ ២០១៥ ។ តែអាស្រ័យដោយមាន ការខិតខំប្រឹងប្រែងក្នុងការអនុវត្តយ៉ាងខ្លាំងក្លាទាំងយប់ទាំងថ្ងៃរបស់ក្រុមហ៊ុនម៉ៅការស្ថាបនា ទើបធ្វើឲ្យសំណង់ជា ប្រវត្តិសាស្ត្រនេះអាចនឹងសម្រេចបានមុនផែនការកំណត់ ។ លទ្ធផលជារួម គឺសម្រេចបាន៧៥% តែបើនិយាយពីតួ ស្ពានទាំង០៤ខ្សែ គឺសំរេចបាន៨៥% ផ្លូវក្រោមដីសំរេចបានប្រមាណ៤០% ហើយនឹងឈានទៅចាក់អ៊ុតកៅស៊ូលើតួ ស្ពានជាបណ្តើរៗ។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានសម្តែងនូវការកោតសរសើរនូវការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនម៉ៅការសាងសង់ ដែលអាចឈានទៅដល់ការ អនុវត្តការងារឲ្យរួចរាល់ជាស្ថាពរមុនផែនការកំណត់នៅខែ តុលា ឆ្នាំ ២០១៤ នេះ ។ ទន្ទឹមនេះ ឯកឧត្តមអភិបាល រាជធានីភ្នំពេញ ក៏បានណែនាំឲ្យក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវអនុវត្តការងាររបស់ខ្លួនឲ្យបានហ្មត់ចត់បំផុតដើម្បីឲ្យ សមស្របតាមបទដ្ឋានបច្ចេកទេសសំណង់ និងស្របតាមស្តង់ដារដែលប្រកបដោយគុណភាព ។
ស្ពានអាកាសស្ទឹងមានជ័យ ត្រូវបានបើកការដ្ឋានស្ថាបនាកាលពីថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០១២ ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការទទួលម៉ៅការសាងសង់ដោយក្រុមហ៊ុន O.C.I.C ជាក្រុមហ៊ុនក្នុងស្រុក ដែលមានស្នាដៃសាងសង់ ស្ពានអាកាសចំនួន ០៣ មកហើយនៅរាជធានីភ្នំពេញ គឺស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាស៧មករា និង ស្ពានអាកាសស្ទឹងមានជ័យនេះ ។ ស្ពានអាកាសស្ទឹងមានជ័យ គឺត្រូវបានចំណាយថវិកាសាងសង់ប្រមាណ ១៧ លាន ដុល្លារសហរដ្ឋអាមេរិក ដែលជាសមិទ្ធិផលថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលជារួមចំណែកយ៉ាងធំធេង ក្នុងការកាត់បន្ថយការកកស្ទះចរាចរ ពិសេសនៅតំបន់ភាគខាងត្បូងរាជធានីភ្នំពេញ ស្របគ្នានឹងផ្លូវជើងឯក ផ្លូវវេង ស្រេង ក៏កំពុងដំណើរការស្ថាបនា និងពង្រីកឲ្យបានធំទូលាយជាងមុនផងដែរ៕
ប្រភព៖សាលារាជធានី
មតិយោបល់