ភ្នំពេញៈ ទាំងភ្ញៀវនិងស្រីបំរើខារ៉អូខេចំនួន៧នាក់ ត្រូវបានបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗបន្ទាប់ពីអ្នកទាំង៧នាក់ មានអាការៈក្អួតចង្អោរយ៉ាងខ្លាំងរហូតសន្លប់ស្តូកស្តឹង ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ សង្ស័យពុលអាហារនៅខណៈពេលកំពុងតែផឹកស៊ី ចម្រៀងសប្បាយនៅក្នុងបន្ទប់ខារ៉ាអូខេ។ ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ ក្នុងហាងខារ៉ាអូខេញ៉ូហ្សឺលេន ដែលមានទីតាំងនៅផ្លូវ៣១៥ ម្តុំផ្សារម៉ាន់អាំង ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះ បានចូលផឹកស៊ីនិងច្រៀងខារ៉ាអូខេនៅហាងខាងលើនិងបានហៅចំណីអាហារខ្លះមកក្លែមនិងផឹកស្រាប៊ៀរ ខណៈកំពុងតែសប្បាយស្រាប់តែពួកគាត់ទាំងនោះកើតអាការៈមិនស្រួលដោយអ្នកខ្លះក្អួតចង្អោរនិងអ្នកខ្លះទៀតប្រកាច់រហូតដល់សន្លប់បាត់ស្មារតី បង្ករឲ្យមានការភ្ញាក់ផ្អើលដោយអ្នកខ្លះនាំគ្នាជួយធ្វើចលនាចាប់ខ្យល់ក៏ដូចជាកោសខ្យល់ឲ្យតែនៅតែមិនបានធូរស្រាលនោះទេ ទើបគេប្រញ៉ាប់ហៅរថយន្តសង្គ្រោះបន្ទាន់ មកដឹកអ្នកសន្លប់ទាំងអស់គ្នានោះ យកមកកាន់មន្ទីរពេទ្យកាល់ម៉ែតដើម្បីសង្រ្គោះភ្លាមៗផងដែរ។
បន្ទាប់ពីក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យកាល់ម៉ែតបាននាំគ្នាជួយសង្រ្គោះមួយយប់រួចមក មានជនរងគ្រោះខ្លះក្នុងចំណោមគ្នា៧នាក់នោះ បានធូរស្រាលខ្លះដែរដោយឡែកសម្រាប់អ្នកខ្លះទៀតក៏នៅតែធ្ងន់ធ្ងរនៅឡើយពោលគឺមិនទាន់ដឹងខ្លួននោះទេ ដែលភាសារពេទ្យហៅថា(អាំងទីបេ)។
ពាក់ព័ន្ធនិងរឿងហេតុពុលអាហារ រហូតមានមនុស្សសន្លប់ខាងលើនេះដែរ លោក ខាត់ ខុនទិត្យ នាយនគរបាលប៉ុស្តិ៍បឹងកក់២ ខណ្ឌទួលគោក បានឲ្យដឹងថារឿងហេតុនោះពិតជាកើតមាននៅក្នុងហាងខារ៉ាអូខេយីហោ ញ៉ូហ្សឺឡែន នោះពិតមែន ប៉ុន្តែតែម្ចាស់ហាងខារ៉ាអូខេខាងលើមិនបានសហការជាមួយកម្លាំងសមត្ថកិច្ចនោះឡើយ ពោលគឺបិតទ្វាររហូតនិងព្យាយាមលាក់បាំងព័ត៌មានដល់សមត្ថកិច្ចទៀតផង។
លោកនាយនគរបាលប៉ុស្តិ៍ដដែលបានបន្តទៀតថា បើទោះហាងខារ៉ាអូខេកើតហេតុនោះបានព្យាយាមបិតបាំងរឿងហេតុនោះក៏ដោយ ក៏គណៈកម្មការខណ្ឌទួលគោកនិងបង្កើតគណៈកម្មការចម្រុះនឹងចុះទៅពិនិត្យនៅទីតាំងនោះនៅថ្ងៃទី៣១ ខែសីហានេះតែម្តងដើម្បីឈានដល់ការអនុវត្តតាមនិតិវិធី ។
លោកប្រធានសន្តិសុខមន្ទីរពេទ្យកាល់ម៉ែតបានឲ្យដឹងថា ជនរងគ្រោះទាំង៧នាក់ដែលបញ្ជូនមកសង្រ្គោះនៅមន្ទីរពេទ្យកាល់ម៉ែតនេះទី១.ឈ្មោះ នេត កុសល ភេទប្រុស អាយុ៤២ឆ្នាំ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ ទី២.ឈ្មោះណូ សំអុល ភេទប្រុសអាយុ៥២ឆ្នាំ ។ទី៣.ឈ្មោះចាន់ ទ្រា ភេទស្រី អាយុ២២ឆ្នាំ ។ទី៤.ឈ្មោះអ៊ំ ចាន់ថន ភេទប្រុស អាយុ៤៣ឆ្នាំ ។ ទី៥.ឈ្មោះជុំ សុភី ភេទស្រី អាយុ២៩ឆ្នាំ ។ទី៦.នៅមិនស្គាល់ឈ្មោះនិងទី៧.ឈ្មោះ គឹម ស៊ន ភេទប្រុស៣៨ឆ្នាំ ។ ហើយចំពោះជនរងគ្រោះទាំង៧នាក់នោះមានម្នាក់បានធូរស្រាលហើយ តែចំណែក៦នាក់ទៀតនៅធ្ងន់ធ្ងរនៅឡើយ៕
មតិយោបល់