ព័ត៌មានជាតិ

បាតុភូតខ្យល់កន្ត្រាក់បានធ្វើឲ្យផ្ទះប្រជាពលរដ្ឋជិត៤០ខ្នងដួលរលំនៅខេត្តមណ្ឌលគិរី

(មណ្ឌលគិរី)៖ ផ្ទះប្រជាពលរដ្ឋចំនួន៣៨ខ្នង ក្នុងឃុំចំនួន០២នៅស្រុកពេជ្រដា ត្រូវបានបាតុភូតខ្យល់កន្ត្រាក់បក់បោកបណ្ដាលឲ្យរលំដួលរាបដល់ដី និងប៉ើងរប៉ាត់រប៉ាយតែម្ដង ដែលហេតុការណ៍នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៦ និងបានធ្វើឲ្យក្មេងស្រីចំនួន៣នាក់រងរបួសធ្ងន់-ស្រាល ហើយត្រូវបានក្រុមគ្រួសារបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យ បង្អែកខេត្ត ។
នាយករដ្ឋបាលសាលាស្រុកពេជ្រាដា លោក អែម ពិសិទ្ធ បានឲ្យដឹងថា ផ្ទះដែលត្រូវរងគ្រោះក្នុងបាតុភូតគ្រោះធម្មជាតិនេះ មានចំនួន៣៨ខ្នង ក្នុងនោះនៅភូមិអូរទេ ឃុំក្រង់តេះ មានចំនួន៣៤ខ្នង ដោយមានផ្ទះដួលរាបដល់ដីមាន ចំនួន៤ខ្នង់ ធ្លាក់ពីលើជើងតាង ១០ខ្នង ប៉ើងដំបូល អស់២០ខ្នង ចំណែកឯនៅភូមិពូតាង ឃុំពូជ្រៃ មានចំនួន៤ខ្នង ត្រូវបានប៉ើងដំបូល ។
អភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង បានឲ្យដឹងនៅព្រឹកថ្ងៃទី១៨ មេសា នេះថា លោកកំពុងធ្វើដំណើរ ចុះទៅសួរសុខទុក្ខគ្រួសាររងគ្រោះក្នុងករណីនេះហើយ លោកក៏កំពុងស្នើឲ្យមន្ត្រីមូលដ្ឋានស្រាវជ្រាវឲ្យបានច្បាស់ពីអ្នករង គ្រោះថ្នាក់ក្នុងហេតុការណ៍នេះ ដើម្បីអជ្ញាធរខេត្តចាត់ចែងក្នុងការផ្ដល់ជំនួយមនុស្សធម៌ឲ្យបានទាន់ពេលវេលា ។ លោក អភិបាលខេត្តបន្តថា ក្រុមការងារកាកបាទក្រហមបាននាំយកអំណោយចុះទៅកន្លែងកើតហេតុហើយ ព្រមទាំងបាននាំ យកអំណោយទៅជូនដល់ក្មេងស្រីរងគ្រោះ០៣ ដែលកំពុងសម្រាកនៅមន្ទីរពេទ្យផងដែរ ៕

image-313.jpg image-312.jpg image-311.jpg

មតិយោបល់