ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោកបាននិយាយនៅថ្ងៃទី ៧ ខែ មីនា ឆ្នាំ ២០១៤ ថា កុមារាម្នាក់អាយុ ៣ ឆ្នាំ ដែលរស់នៅក្នុងរាជធានីភ្នំពេញបានស្លាប់ ជាករណីទី ៦ បន្ទាប់ពីបានឆ្លងជំងឺផ្តាសាយបក្សី H5N1 នោះ។
ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោកបាននិយាយនៅក្នុងសេចក្តី ប្រកាសព័ត៌មានរួមថា ករណីទី ៦ បានកើតលើកុមារាអាយុ ៣ ឆ្នាំ ដែលមានទីលំនៅក្នុង ភូមិព្រៃល្វា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានបញ្ជាក់ដោយ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជានៅថ្ងៃទី ០៣ ខែមីនា ឆ្នាំ ២០១៤ ថា មានជំងឺផ្តាសាយបក្សី H5N1។ កុមារានេះចាប់ផ្តើមមានគ្រុនក្តៅ ក្អក ហូរសំបោរ និងក្អួតនៅថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០១៤ ហើយឪពុកម្តាយស្វែងរកការព្យាបាលនៅគ្លីនិកឯកជននៅថ្ងៃដដែល ។ ដោយសារស្ថាន ភាពសុខភាពរបស់កុមារកាន់តែធ្ងន់ធ្ងរ កុមារានេះត្រូវបាន ដាក់ឲ្យសំរាកនៅមន្ទីរពេទ្យកុមារ ជាតិ នៅថ្ងៃទិ ២៨ ខែកុម្ភៈ ឆ្នាំ ២០១៤ ។ ដោយនៅថ្ងៃទី ០២ ខែមីនា ឆ្នាំ ២០១៤ កុមារមាន គ្រុនក្តៅ ក្អក ហូរសំបោរ ក្អួត ហត់ និងស្លកស្លាំង ត្រូវបានបញ្ជូនបន្តទៅមន្ទីរពេទ្យកាល់ ម៉ែត្រ នៅល្ងាចថ្ងៃដដែល ។ កុមារានេះបានស្លាប់បន្ទាប់ពីបានដាក់ឲ្យសំរាកពេទ្យប្រមាណ ១ ម៉ោងនៅថ្ងៃទី ០២ ខែមីនា ឆ្នាំ ២០១៤ ។
នៅពាក់កណ្តាលខែកុម្ភៈ ជាង ៩០% មាន់ និងទាមួយចំនួនតូចបានចាប់ផ្តើមងាប់ ភ្លាមៗនៅក្នុងភូមិ ។ កុមារាតែងតែទៅលេងផ្ទះអ្នកជិតខាង ដែលនៅទីនោះមានបសុបក្សី ងាប់ ។ បងប្អូនកុមារាបានរាយការណ៍ថា កុមារាមិនបានប៉ះពាល់ផ្ទាល់ជាមួយមាន់ងាប់ទេ ប៉ុន្តែមានមាន់ងាប់ នៅជិតផ្ទះកុមារ ។
ការស្លាប់របស់កុមារនេះ គឺជាករណីទី ៦ ក្នុងឆ្នាំនេះនិងជាករណីទី ៥៣ ដែលឆ្លង វីរុសផ្តាសាយបក្សី H5N1 ដែល ៤១ ករណីក្នុងចំណោមករណី ផ្តាសាយបក្សីទាំង ៥៣ កើតមានឡើងនៅកម្ពុជា ដោយបានកើតលើកុមារអាយុក្រោម ១៤ ឆ្នាំ និង ២៩ ករណីក្នុង ចំណោមករណីផ្តាសាយបក្សីទាំង ៥៣ ករណីជានារី ។ ជាបន្ថែមមាន ១៨ ករណីមានជីវិត ចាប់តាំងពីជំងឺផ្តាសាយបក្សីលើកដំបូងនៅកម្ពុជាក្នុងឆ្នាំ ២០០៥ មក៕
មតិយោបល់