ព័ត៌មានជាតិ

កុមារា​ម្នាក់​ទៀត​បាន​ស្លាប់​ដោយ​ជំងឺ​ផ្ដាសាយ​បក្សី H5N1

​កុមារា​អាយុ ១១ ឆ្នាំ​ម្នាក់​ទៀត​ដែល​មាន​ទីលំនៅ​ក្នុងភូមិ​ទឹកល្អក់ ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង ដែល​ត្រូវបាន​រកឃើញ​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា នៅ​ថ្ងៃ​ទី ៦ ខែ​មីនា​ឆ្នាំ ២០១៤ ថា​មាន​ជំងឺ​ផ្ដាសាយ​បក្សី​H5N1​នោះ បាន​ស្លាប់​បាត់បង់​ជីវិត​ក្រោយ ពី​បញ្ជូន​មក មន្ទីរពេទ្យ​គន្ធបុប្ផា សម្រាក​ប៉ុន្មាន​ម៉ោង​នៅ​ថ្ងៃ​ដដែល​។​

​ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​នៅក្នុង​សេចក្តី ប្រកាស​ព័ត៌មាន​រួម​កាលពី​ថ្ងៃ​ទី ១១ ខែ​មីនា ឆ្នាំ ២០១៤ ថា នេះ​ជា​ករណី​ទី ៧ និង ៨ ក្នុង​ឆ្នាំនេះ នឹង​ជា​ករណី​ទី ៥៤ និង​ទី ៥៥ ដែល​ឆ្លង​វីរុស​ផ្ដាសាយ​បក្សី H5N1 នៅក្នុង​ប្រទេស​កម្ពុជា ។ ៤៣ ករណី​ក្នុង​ចំណោម​ករណី​ផ្តាសាយ​បក្សី​ទាំង ៥៥ ដែល​កើតមានឡើង​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​កើត​លើ​កុមារ​ក្រោម​អាយុ ១៤ ឆ្នាំ​និង ២៩ ករណី​ក្នុង​ចំណោម​ផ្ដាសាយ​បក្សី​ទាំង ៥៥ ជា​នារី ។ ជា​បន្ថែម​មាន ១៩ ករណី​មាន​ជីវិត ចាប់តាំងពី​មាន​ជំងឺ ផ្ដាសាយ​បក្សី​លើកដំបូង​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​ឆ្នាំ​២០០៥​។​

​សេចក្តីប្រកាស​ព័ត៌មាន​រួម​នោះ​និយាយថា ជា​ករណី​ទី ៨ ដែល​កុមារា​នេះ​បាន​ចាប់ ផ្ដើម​មាន​គ្រុនក្ដៅ និង​ឈឺក្បាល​នៅ​ថ្ងៃ​ទី ៣ ខែ​មីនា​ឆ្នាំ ២០១៤ ហើយ​ឪពុកម្ដាយ​ស្វែងរក​ការ ព្យាបាល​នៅ​គ្លីនិក​ឯកជន​ក្បែរ​ផ្ទះ​នៅ​ថ្ងៃ​ដដែល និង​ថ្ងៃ​បន្ទាប់ (៤​មីនា​) ដោយ​ស្ថានភាព​សុខ ភាព​របស់​កុមារា​កាន់តែ​ធ្ងន់ធ្ងរ កុមារា​នេះ​ត្រូវបាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត កំពង់ឆ្នាំង​នៅ​ថ្ងៃទី ៥ ខែ​មីនា​ឆ្នាំ ២០១៤ ដោយ​មាន​រោគសញ្ញា​ក្រុន​ក្ដៅ ក្អក និង​ដង្ហើម ហត់ ។ ដោយឡែក​ករណី​ទី ៧ ក៏​បាន​កើត​លើ​កុមារា​ម្នាក់ទៀត​អាយុ ៨ ឆ្នាំ ដែល​មាន​ទីលំនៅ​ក្នុងភូមិ ស្ពានដែក ឃុំ​ព្រែក​ទម្លាប់ ស្រុក​លើកដែក ខេត្ត​កណ្ដាល ត្រូវបាន​រកឃើញ​ដោយ​វិទ្យាស្ថាន ប៉ាស្ទ័រ​កម្ពុជា នៅ​ថ្ងៃ​ទី ៦ ខែ​មីនា ឆ្នាំ ២០១៤ ថា មាន​ជំងឺផ្ដាសាយបក្សី​H5N1 ។ កុមារ​នេះ​ត្រូវ បានដាក់ឲ្យ​សម្រាក​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​។​វត្ថុ​វិភាគ​ត្រូវបាន​យក​នៅ​ថ្ងៃទី ៥ ខែ​មីនា និង ឱសថ​Tamiflu ត្រូវបាន​ផ្ដល់ឲ្យ​នៅ​ថ្ងៃ​ដដែល​។​កុមារា​បាន​ធូរស្បើយ​៕
H5N1-influenza
​ប្រភព​៖ AKP​

មតិយោបល់