ព័ត៌មានជាតិ

បិទ​វគ្គ​បណ្ដុះបណ្ដាល​គម្រោង​គ្រប់គ្រង​ព្រៃ​ការពារ​តំបន់ត្រីកោណ​មរកត​

​នៅ​អគារ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ព្រះវិហារ​កាល​រសៀល​ថ្ងៃទី​១៤​ខែ​មិនា​ឆ្នាំ​២០១៤​មាន​រៀបចំ​ធ្វើ​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​គម្រោង​គ្រប់គ្រង​ព្រៃ​ការពារ​តំបន់ត្រីកោណ​មរកត​។​ដែល​មាន​សិក្ខាកាម​ជា​មន្ត្រីរដ្ឋបាល​ព្រៃឈើ ចំនួន​៣​ប្រទេស​ចូលរួម​នៅ​ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ​ក្រៅពី​នេះ​ក៏​មាន​តំណាង​សហរដ្ឋអាមេរិក​និង​ជប៉ុន​ចូលរួម​ផងដែរ​ដើម្បី​លើក​កំពស់​កិច្ចសហប្រតិបត្តិការ​អភិរក្ស​ជីវចម្រុះ​តាម បណ្ដោយ​ព្រំដែន​ថៃ​កម្ពុជា​ទ្បា​វ​។​

​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​នេះ​បាន​ធ្វើឡើង​រយៈពេល​៤​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​១១​ដល់​ថ្ងៃ​ទី​១៤​មិនា​ដែល​ខេត្ត ព្រះវិហារ​មាន​កិត្តិយស​ធ្វើជា​ម្ចាស់ផ្ទះ​។ លោក​ទ្បុ​ញ​ប៉ុណ្ណា​រិទ្ធ​នាយរង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ត្បែងមានជ័យ​និង​ជា​សិក្ខាកាម​មួយរូប​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​នេះ​បាន​អោយដឹងថា​ឆ្លងកាត់​កម្មសិក្សា​រយះពេល​៤​ថ្ងៃ​មក​នេះ​គឺ​បាន​ផ្តល់​នូវ​ជំនាញ​និង​ចំណេះដឹង​ល្អៗ​ថ្មីៗ​បន្ថែម​ទៀត​ព្រោះ​យើង​មាន​គ្រូ​បង្គោល​មក​បង្រៀន​និង​ធ្វើ​បទ​បង្ហាញ​ចំនួន​០៥​ប្រទេស​។​

​លោក​ទ្បុ​ញ​ប៉ុណ្ណា​រិទ្ធ​បាន​គូសបញ្ចាក់​សង្ខេប​ពី​ខ្លឹមសារ​មេរៀន​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​នេះ​អោយបាន​ដឹង​ថា​ជា​ទូទៅ​និង​ជា​រួម​ប្រទេស​នីមួយៗ​ធ្វើ​បទ​បង្ហាញ​ផ្តោត​សំខាន់​ទៅលើ​ការរៀបចំ​ផែន​ការគ្រប់គ្រង​ដី​ព្រៃឈើ​នៅតាម តំបន់​ជីវចម្រុះ​ព្រៃឈើ​ត្រីកោណ​មរកត​ក្នុង​រយះពេល​១០​ឆ្នាំ​ខាង​មុខ​ទៀត​។​ការរៀបចំ​ផែនការ​នេះ​ដោយ​បាន បញ្ចូល​ទិន្នន័យ​គម្រប​ព្រៃឈើ​ដែល​ថត​បាន​ពី​ផ្កាយរណប​រួច​ហើយ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​GIS​ដើម្បី​ធ្វើ​វិភាគ​ពី​កំរិត​ប្រែប្រួល​គម្រប​ដី​ព្រៃឈើ​,​ដី​កសិកម្ម​និង​ការរស់នៅ​របស់​មនុស្ស​តាម​តំបន់​ដី​គម្រប​ព្រៃឈើ​។​
​លោក​អ៊ិត​ភូម្រា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ព្រះវិហារ​តំណាង​អោយ​កម្ពុជា​ដែល​ធ្វើជា​ម្ចាស់ផ្ទះ បាន​មានប្រសាសន៍​ថ្លែងអំណរគុណ​ដល់​ប្រទេស​ចំនួន​៥​ខាងលើ​ដែល​បានផ្ដល់​កិត្តិយស​ដល់​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ព្រះវិហារ​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​បង្កើត​អោយ​មាន​ពិធី​បើក​វគ្គ​ជា​លើកដំបូង​នេះ​និង​អរគុណ​ផងដែរ​ដល់​អង្គការ​ITTO និង​JICA​ដែល​បាន​ជួយ​ឧបត្ថម្ភ​ថវិកា​ធ្វើអោយ​ការបើក​វគ្គ​បណ្តុះបណ្តាល​រយះពេល​៤​ថ្ងៃ​មក​នេះ​ទទួលបាន លទ្ធផល​ល្អ​គួរឲ្យកត់សម្គាល់​។​

​ចុងបញ្ចប់​នៃ​ពិធី​លោក​អ៊ិត​ភូម្រា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ព្រះវិហារ​បាន​ប្រគល់​វិញ្ញាបនបត្រ​និង​វ​ត្តុ អនុស្សាវរីយ៍​បុរាណ​ធ្វើ​អំពី​ប្រាក់​ដល់​គ្រូ​បង្គោល​និង​សិក្ខាកាម​ទាំងអស់​ព្រមទាំង​បាន​ចូលរួម​ដាំ​កូនឈើ​ក្នុង​បរិវេណ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ទុក​ជា​កេរដំណែល​និង​មិត្តភាព​សំរាប់​ប្រទេស​និមួយៗ​ផងដែរ​៕
2014-03-17_115550

មតិយោបល់