ភ្នំពេញៈ ជនសង្ស័យ០៥នាក់ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌសែនសុខកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ក្នុងសុំនុំរឿង០៤ករណីផ្សេងគ្នា។ កាលពីម៉ោង០៩និង៣០ព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៦នេះ ក្រោយពីឃាត់ខ្លួនយកមកសាកសួររួចមក។
សមត្ថកិច្ចបានប្រាប់ថាជនសង្ស័យដែលបញ្ជូនទៅព្រឹកនេះមាន០៥នាក់ក្នុងសំណុំរឿង០៤ករណី ទី១.ពាក់ព័ន្ធនឹងករណីលួចទូរស័ព្ទដៃម្នាក់។ ទី២.ពាក់ព័ន្ធករណីហិង្សាម្នាក់។ ទី៣.ពាក់ព័ន្ធករណីលួចទូរទស្សន៍ម្នាក់ និងទី៤.ពាក់ព័ន្ធករណីប៉ុនប៉ងលួចចំនួន០២នាក់។
អធិការខណ្ឌសែនសុខ លោក ម៉ក់ ហុង បានឲ្យដឹងថា ដោយមានបញ្ជា ពីលោកអគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ និងដោយមានការសម្របសម្រួលពីលោកសេង ហៀង ព្រះរាជអាជ្ញារង អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានបញ្ជាមកលោកឲ្យចុះសហការ និងបង្ក្រាបក្នុងមូលដ្ឋានទើបលោក បានដឹកនាំកម្លាំងដោយសហការជាមួយកម្លាំង តាមបណ្តាប៉ុស្តិ៍ទាំង៤ក្នុងមូលដ្ឋានចុះមកបង្ក្រាបឲ្យដូចភ្លៀងរលឹម ក្នុងនោះឃាត់ខ្លួនក្រុមជនសង្ស័យខាងលើនេះតែម្តង។
គួររំឭកថា ជនសង្ស័យទាំង០៥នាក់ខាងលើនេះត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់ក្នុងសង្កាត់ទាំង០៤របស់ខណ្ឌសែនសុខ ក្រោយពីធ្វើការសាកសួរចប់ក៏បានបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញនាព្រឹកនេះ ៕
មតិយោបល់