ភ្នំពេញ៖បុរសម្នាក់ជាកម្មករសាងសង់ស្ពានអ្នកលឿងបានជិះម៉ូតូតែម្នាក់ឯងតាមបណ្តោយផ្លូវ ២១៧ ពីត្បូងទៅជើងក្នុងគោលបំណងទៅធ្វើការនៅឯការដ្ឋានសាងសង់ស្ពានអ្នកលឿង ។ លុះជិះមកដល់ចំណុចទល់មុខស្នាក់ការបក្សសង្កាត់ដង្កោក៏ក្រឡាច់ដុំថ្ម បណ្តាលដួលបាក់ជើងស្តាំតែម្តង ហើយត្រូវបានដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យភា្លមៗផងដែរ។
ហេតុការណ៏គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង៤និង២០នាទី ព្រលឹមអុរ ថ្ងៃទី១៧ ខែមិនា ឆ្នាំ២០១៤ នៅតាមបណ្តោយផ្លូវ២១៧ ចំណុចមុខទីស្នាក់ការបក្សសង្កាត់ដង្កោ ស្ថិតក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សមត្ថកិច្ចចរាចរណ៏ខណ្ឌដង្កោប្រាប់ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សោម វុទ្ធី ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរកម្មករសាសង់ស្ពានអ្នកលឿង មានទីលំនៅផ្ទះលេខ ៧៤ ភូមិក្បាលសេះ ឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ជិះម៉ូតូម៉ាក CITI PLUS កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ ផ 1308 ភព1 ធ្វើដំណើរពីត្បូងទៅ ជើង ក្នុងគោលបំណងទៅធ្វើការនៅឯអ្នកលឿង។
ប្រភពព័ត៌មានដដែលប្រាប់បន្តថា លុះជនរងគ្រោះជិះម៉ូតូមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែកិនដុំថ្មក្រឡាច់ម៉ូតូដួលសង្កត់លើជើងខាងស្តាំជនរងគ្រោះបណ្តាលឲ្យបាក់តែម្តង ហើយក្រោយពីកើតហេតុរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានមកដឹកយកជនរងគ្រោះទៅធ្វើការសង្គ្រោះភ្លាមៗផងដែរ ចំណែកម៉ូតូជនរងគ្រោះត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ខណ្ឌដង្កោ ។
ដោយឡែកជនរងគ្រោះក៏បានប្រាប់ឲ្យដឹងដែរថា រូបគាត់ក្រោកតាំងពីម៉ោង៤ព្រឹក ដើម្បីរូតរះជិះម៉ូតូទៅធ្វើការនៅឯអ្នកលឿង ដែលរូបគាត់ គឺជាកម្មករសាងសង់ស្ពានអ្នកលឿង ហើយក្នុង១សប្តាហ៏គាត់មកលេងផ្ទះម្តង លុះរៀងរាល់ព្រឹកថ្ងៃច័ន្ទគាត់តែងតែជិះម៉ូតូចេញពីផ្ទះទៅការដ្ឋានសាងសង់ស្ពានអ្នកលឿងវិញ ដើម្បីបំពេញភារកិច្ច។ ដោយជិះម៉ូតូឆ្លងកាត់ផ្លូវ២១៧ ខណ្ឌដង្កោនេះ ពីព្រោះវាជិតជាងផ្លូវតាខ្មៅ ស្រាប់តែគាត់ជិះមកដល់ចំណុចកើតហេតុខាងលើនេះ ម៉ូតូរបស់គាត់កិនដុំថ្មមួយដុំប៉ុនកំភួនជើងក៏ក្រឡាច់ដួលម៉ូតូតែម្តង បណ្តាលឲ្យរូបគាត់បាក់ជើងស្តាំ ហើយរូបគាត់ជិះម៉ូតូអត់លឿនប៉ុន្មានទេ។
គួរបញ្ជាក់ឲ្យដឹងដែរថា ផ្លូវលេខ២១៧បច្ចុប្បន្នកំពុងស្ថិតក្រោមការស្ថាបនាជុសជុល ហេតុដូច្នេះផ្លូវនេះតែងតែមានដុំថ្មធ្លាក់រាយប៉ាយ ស្ទើរនៅគ្រប់ទីកន្លែង ដែលអាចបណ្តាលឲ្យអ្នកដំណើរទាំងឡាយជួបគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ ។ ប្រការទាំងនេះ សូមអ្នកដំណើរទាំងអស់ នៅពេលមកដល់ចំណុចផ្លូវ២១៧ នេះ ត្រូវបង្កើនការប្រុងប្រយ័ត្តឲ្យបានខ្ពស់បំផុត ដើម្បីចៀសវាងករណីគ្រោះថ្នាក់ចរាចរណ៍ដូចខាងលើ៕
មតិយោបល់