ព័ត៌មានជាតិ

ស្ត្រីម្នាក់ បោកលុយជាង១លានដុល្លារ ត្រូវប៉ូលិសឃាត់ខ្លួននាំមកតុលាការ

ភ្នំពេញៈ ស្ត្រីម្នាក់ត្រូវសមត្ថកិច្ច នៃនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ឃាត់ខ្លួន និងបញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៨សីហានេះ ដើម្បីសាកសួរពាក់ព័ន្ធ ទៅនិងករណីឆបោកនិង រំលោភលើទំនុកចិត្ត ទឹកប្រាក់ជាង ១លានដុល្លារអាមេរិក។

សេចក្តី រាយការណ៍ បានឲ្យដឹងថាស្ត្រីជនសង្ស័យរូបនេះ ត្រូវបានគេ ស្គាល់ឈ្មោះ ស្រេង លាងគីម ហើយពេលនេះកំពុងស្ថិតក្រោមការសាកសួរ របស់តុលាការ។ ដើមបណ្ដឹងក្នុងសំណុំរឿងនេះ សំណូមពរឲ្យ តុលាការផ្តន្ទាទោសឈ្មោះ ស្រេង លាងគីម និង បក្ខពួកតាមច្បាប់ ព្រមទាំងទាមទារ សំណងជំងឺចិត្តចំនួន៥០ម៉ឺនដុល្លារអាមេរិក។

សមត្ថកិច្ចបានបញ្ជាក់ថា ស្ត្រីរូបនេះឈ្មោះ ស្រេង លាងគីម អាយុ២៨ឆ្នាំ មានទីលំនៅផ្ទុះលេខ៣៥A/១៥ ផ្លូវលេខ៧ ក្រុម២១ មណ្ឌល២ ភូមិរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។ ចំណែកបក្ខពួកពីរនាក់ទៀត សមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួន។

ព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦ ស្ត្រីឈ្មោះ ស្រេង លាងគីម បានខ្ចីប្រាក់ពីឈ្មោះ លឹម មួយជូរ ភេទស្រី អាយុ៦០ឆ្នាំ ជាបន្តបន្ទាប់ច្រើន លើកសរុបចំនួន ១.៤៥៥.០០០ដុល្លារអាមេរិក (មួយលានបួនរយហាសិបប្រាំពាន់ដុល្លារអាមេរិក) ដែលមានលិខិតបញ្ជាក់ជាភស្តុតាង។ ក្រោយពីខ្ចីប្រាក់ពីឈ្មោះ លឹម មួយជូរ រួចហើយ ឈ្មោះ ស្រេង លាងគីម ពុំបានសងប្រាក់មកវិញទេ។

សមត្ថកិច្ចបានបញ្ជាក់បន្តថា លុះដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦ សាច់ញាតិរបស់ឈ្មោះ ស្រេង លាងគីម បានមកដឹកឈ្មោះ លឹម មួយជូរ ទៅជួបនៅផ្ទះឪពុកឈ្មោះ ស្រេង លាងគីម ស្ថិតនៅភូមិ ព្រែកបាឡាក់ឆឹង ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល។ ពេលទៅដល់គោលដៅ សាច់ញាតិរបស់ឈ្មោះ ស្រេង លាងគីម បញ្ជាក់ថា ពុំមានប្រាក់សងឈ្មោះ លឹម មួយជូរ នោះទេ តែមានតូបទំនិញនៅផ្សារអូឡាំពិក ចំនួន៣តូប ដីស្រែ និងដីលំនៅឋាន ២ទៅ៣កន្លែងទៀត ដើម្បីទូទាត់បំណុលជាងមួយលានដុល្លារនេះ។

បន្ទាប់មកសាច់ញាតិឈ្មោះ ស្រេង លាងគីម បានធ្វើកិច្ចសន្យាលក់តូប ដីស្រែ និងដីលំនៅឋានមកឲ្យឈ្មោះ លឹម មួយជូរ ។ ប៉ុន្តែឈ្មោះ លឹម មួយជូរ បានយកឯកសារទាំងនេះ ទៅស្រាវជ្រាវទើបដឹងថា ពុំមានឡើយ ពោលគឺសុទ្ធសឹងតែជាការភូតកុហក ទើបឈានដល់ការដាក់ពាក្យ បណ្ដឹងទៅ សមត្ថកិច្ចព្រហ្មទណ្ទ ក្រសួងមហាផ្ទៃតែម្តង៕

photo_2016-08-18_12-31-50

មតិយោបល់