កាលពីចុងឆ្នាំ ២០១៣ អតីតសមាជិកទីភ្នាក់ងារសន្ដិសុខជាតិអាមេរិក លោក Edward Snowden បានបង្ហាញភស្ដុតាងជាច្រើន
ដោយបានបញ្ជាក់ថា អាមេរិកបានឈ្លបយកការណ៍ ព្រមទាំងបានសហការជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យាធំ ដើម្បីផ្ដល់នូវទិន្នន័យអ្នកប្រើប្រាស់ ប៉ុន្តែត្រូវបានក្រុមហ៊ុនទាំងនោះឆ្លើយបដិសេធ។
នៅពេលនេះ ក្រុម Hacker របស់ស៊ីរី ដែលហៅខ្លួនឯងថាជា «កងទ័ពអេឡិចត្រូនិកស៊ីរី» បានបង្ហាញនូវវិក័យបត្រទូទាត់លុយរវាងក្រុមហ៊ុន Microsoft ជាមួយនឹងភ្នាក់ងារ FBI អាមេរិក សម្រាប់ការផ្ដល់ទិន្នន័យអតិថិជន។
យោងតាមការចុះផ្សាយរបស់សារគេហទំព័រ The Daily Dot បានឲ្យដឹងថា ក្រុមហ៊ុន Microsoft ទទួលបានលុយពី ៥០-២០០ដុល្លារអាមេរិក សម្រាប់ទិន្នន័យរបស់អតិថិជនម្នាក់ ហើយវិក័យបត្រដែលទទួលបាននោះគឺស្ថិតនៅក្នុងខែវិច្ឆិកា ឆ្នាំ ២០១៣ ដែលសរុបជាទឹកប្រាក់ ២៨១.០០០ដុល្លារអាមេរិក។
ក្រុមអ្នកជំនាញបានវាយតម្លៃថា វិក័យបត្រដែលក្រុម Hacker ស៊ីរីបានបង្ហាញនោះ ប្រហែលជាវិក័យបត្រក្លែងក្លាយ។
គួរបញ្ជាក់ផងដែរថា កងទ័ពអេឡិចត្រូនិកស៊ីរី បានបញ្ជាក់ឲ្យដឹងថា FBI បានស្នើសុំព័ត៌មានពី Microsoft ជារៀងរាល់ខែ៕
មតិយោបល់