ព័ត៌មានជាតិ

របួសធ្ងន់​ម្នាក់​និង​ស្លាប់​ម្នាក់​ដោយសារ​រថយន្ត​និង​ម៉ូតូ​បុក​គ្នា​មួយ​ទំហឹង​

ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរ​ដែល​នៅ​កំណាត់​ផ្លូវជាតិ​លេខ ៣ បណ្ដាលអោយ​មនុស្ស​ម្នាក់​រងរបួស​ធ្ងន់ធ្ងរ​និង​ស្លាប់​ម្នាក់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ព្រោះ​តែ​រថយន្ត CRV និង​ម៉ូតូ​ហុងដា​ឌ្រី​ម C125 បុក​គ្នា​ពេញទំហឹង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃទី​២៣​ខែ​មិនា​ឆ្នាំ​២០១៤ ត្រង់ ក​ចំណុច​ក្បែរ​ផ្ទះសំណាក់​ភ្នំ​មាស ក្នុង​សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌដង្កោ​។​

​យោងតាម​ប្រភព​ព័ត៌មាន​នៅ​កន្លែងកើតហេតុ​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បាន​ឃើញ​បុរស​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម C125 ពណ៌​ក្រហម ពាក់​ស្លាក​លេខ តាកែវ 1E-5993 បាន​ជិះ​ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន​ស្រាប់តែ​មក​ដល់​ចំណុចកើតហេតុ​ខាងលើ​ក៏​មាន​រថយន្ត CRV មួយគ្រឿង ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2L-7114 បើកបរ​ដោយ​នារី​ម្នាក់​បាន​ធ្វើដំណើរ​ក្នុង​ទិសដៅ​បញ្ច្រាស់​គ្នា​ពី​ជើង​ទៅ​ត្បូង ក៏​បណ្ដាលអោយ​រថយន្ត​និង​ម៉ូតូ​ខាល​លើ​នេះ​បុក​គ្នា​ចំ​ពីមុខ​ពេញទំហឹង​ធ្វើអោយ​អ្នក​ជិះ​ម៉ូតូ​ហោះ​ផ្លោង​ទៅបុក​និង​កញ្ចក់​រថយន្ត​ផ្ទប់​បោក​មួយ​ទំហឹង ម៉ូតូ​ទៅ​ផ្សេង​មនុស្ស​ទៅ​ផ្សេង​ខ្ទាត​ជាង​១០​ម៉ែត្រ​ផ្សេងៗ​គ្នា​យ៉ាង​គួរឱ្យ​រន្ធត់​។​ភ្លាមៗ​នោះ​អ្នកជិះ​ម៉ូតូ​ម្នាក់​ក៏​បាន​ដាច់ខ្យល់​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ចំណែក​ម្នាក់​ទៀត​របួស​ធ្ងន់​ត្រូវ​បាន​រថយន្ត​សាមុយ​ដឹកបញ្ជូន​ទៅ​មន្ទីរពេទ្យ​តែ​ត្រូវបាន​ពេទ្យ​ប្រាប់​អោយដឹងថា​បុរស​រងរបួស​នេះ​ក៏​សង្ឃឹម​តិច​ដែរ​។​ចំពោះ​ជនរងគ្រោះ​ខាងលើ​នេះ​ដែរ​សមត្ថកិច្ច​នៅ​មិនទាន់​អាច​បញ្ជាក់​ពី​អត្តសញ្ញាណ​បាន​នៅឡើយ​ទេ ព្រោះ​កំពុង​ស្រាវជ្រាវ​ស្វែងរក​ក្រុមគ្រួសារ​អោយមក​ទទួលយក​សព​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

​បន្ទាប់ពី​កើតហេតុ​ម្ចាស់​រថយន្ត​ខាងលើ​ក៏​បាន​រត់ចេញ​ពី​ក្នុង​រថយន្ត​គេចខ្លួន​បាត់​ស្រមោល​ដោយ​បន្សលល់​រថយន្ត​នៅ​កន្លែងកើតហេតុ​ហើយ​ក៏​ត្រូវ​សមត្ថកិច្ច​មូលដ្ឋាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​ផ្នែក​ចរាចរ​ចុះ​វាស់វែង​រថយន្ត​និង​ម៉ូតូ​រងគ្រោះ​ខាងលើ​នេះ​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរជើងគោក​ស្នងកា​រ​នគរបាល​រាជធានី​ភ្នំពេញ​រង់ចាំ​ធ្វើ​ការដោះស្រាយ​ទៅតាម​ផ្លូវច្បាប់​៕

2014-03-24_102341

មតិយោបល់