សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវារីអគ្គីសនី នៅតំបន់អាតៃ ក្នុងភូមិសាស្ត្រស្រុកវាលវែងនៃខេត្តពោធិសាត់ គឺជាធុងអាគុយដ៏សំខាន់ សម្រាប់ការផ្តត់ផ្គង់ថាមពលអគ្គីសនី នៅក្នុងប្រទេសកម្ពុជា ។ សម្តេចបានថ្លែង យ៉ាងដូច្នេះក្នុងឪកាសដែលសម្តេច បានអនុញ្ញាតឲ្យ លោក វ៉ាង យីពីង ប្រធានក្រុមហ៊ុន ឆាយណាដាតាំងគ្រុប របស់ប្រទេសចិន ចូលជួបសំដែងការគួរសម នៅវិមានសន្តិភាព នៃទីស្តីការនាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៤ នេះ ។
សម្តេចបានបន្តថា ជាការពិតណាស់ ក្រុមហ៊ុនឆាយណាដាតាំងគ្រុប គឺបានចូលរួមចំណែកដល់ការអភិវឌ្ឍន៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសតាមរយៈការអភិវឌ្ឍ វារីអគ្គីសនីអាតៃ នេះ ដែលពីដើមមកមិនដែលមានការគិតច្រើនទេ ថាតំបន់នេះ អាចក្លាយទៅជាអាគុយ របស់កម្ពុជា គឺមានតែអ្នកវិទ្យាសាស្ត្រតែប៉ុណ្ណោះ ដែលអាចគិតឃើញ ហើយពេលនេះទៀត គម្រោងនេះ ត្រូវបានសាងសង់ចប់មុនកាលកំណត់។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងទាំងឡាយរបស់ក្រុមហ៊ុន ឆាយណាដាតាំងគ្រុប រហូតសម្រេចចេញជារូបរាងឡើង ហើយក៏បានស្វាគមន៍ដល់ក្រុមហ៊ុនមួយនេះ ឲ្យចូលរួមអភិវឌ្ឍន៍ នៅលើគំរោងដទៃទៀត ដែលអាចមានលទ្ធភាព ជាពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធ តែម្តង។
បើតាម ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់ សម្តេចតេជោនាយករដ្ឋមន្ត្រី បានឲ្យដឹងថា លោកវ៉ាង យីពីង បានជំរាបជូនសម្តេចតេជោថា ក្រុមហ៊ុនរបស់លោក គឺជាក្រុមហ៊ុនមួយ ស្ថិតក្នុងចំណោមក្រុមហ៊ុនធំៗ ចំនួន៥០០ ទូទាំងពិភពលោក ហើយក្រុមហ៊ុន ឆាយណាដាតាំងគ្រុប នេះ បានផលិតអគ្គីសនី ចំនួន១២០លាន គីឡូវ៉ាត់ នៅប្រទេសចិន។ ដោយឡែកនៅប្រទេសកម្ពុជាវិញ ក្រុមហ៊ុនចិនមួយនេះ មានគំរោងចំនួន២ ដែលត្រូវធ្វើក្នុងនោះ ទីមួយ គឺគម្រោងវារីអគ្គីសនីអាតៃ ស្ថិតនៅក្នុងស្រុកវាលវែង ដែលនឹងត្រូវសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទ២៧ ខែមីនា ឆ្នាំ២០១៤នេះ ក្រោមអធិបតីភាដខ្ពង់ខ្ពស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ។ បើតាម លោក វ៉ាង យីពីង វារីអគ្គីសនីអាតៃនេះ គឺបានសាងសង់ឡើង និងចប់មុនផែនការ កំណត់ចំនួន៦ខែ ហើយលោកសង្ឃឹមថា តាមរយៈគម្រោងនេះនឹងបានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ព្រះរាជាណាចក្រកម្ពុជា ពិសេសការផ្គត់ផ្គង់អគ្គីសនី បានគ្រប់គ្រាន់ សម្រាប់បំរើដល់ការប្រើប្រាស់ របស់ប្រជាពលរដ្ឋ ក្នុងតំបន់ ខេត្ត ក្រុង និងតាមបណ្តាលខេត្តដ៏ទៃទៀត ក្នុងប្រទេសកម្ពុជា ៕
មតិយោបល់