ភ្នំពេញៈ បន្ទាប់ពីបានវិវត្តខ្លួនពីអាជីពជាអ្នកនិយាយវិទ្យុ និងជាអ្នកដោះស្រាយបញ្ហាវិបត្តិនៅលើកញ្ចក់ទូរទស្សន៍ MyTV ពេលនេះឌីជេ និងជាពិធីការិនីអ្នកនាងណាណា បានបោះជំហានទៅធ្វើជាពិធីការរិនីផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍PNN។ អ្នកនាងបានផលិតកម្មវិធីថ្មីមួយ ដែលមានឈ្មោះថា “វៃឆ្លាត បរិស្ថានស្អាត” ដោយអ្នកនាងបានទទូចឲ្យគាំទ្រដល់កម្មវិធីនេះ ដោយសារតែអះអាងថា គឺជារឿងគួរឲ្យស្ដាយ ប្រសិនបើគំនិតសំខាន់ៗ ដែលបានឆ្លុះបញ្ចាំងនៅក្នុងកម្មវិធីនេះ ត្រូវបានមហាជនមើលរំលង។
អ្នកនាង នាង សុវ៉ាត់ណា ឬឌីជេណាណា បានអះអាងថា នៅក្នុងកម្មវិធី «វ៉ៃឆ្លាតបរិស្ថានស្អាត» អ្នកនាងបានដឹកនាំពិធីករ និងពិធីការិនីក្មេងៗ៤នាក់ ឲ្យដើរស្វែងរកខ្លឹមសារសំខាន់ៗ យកមកបង្ហាញនៅកម្មវិធី ធ្វើឲ្យមានប្រយោជន៍យ៉ាងខ្លាំងដល់អ្នកទស្សនា។ កម្មវិធីនេះ មានចំនួន១៣ភាគ ដោយបានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន តាមការគ្រោងទុក ហើយនៅរៀងរាល់ថ្ងៃអាទិត្យចាប់ពីវេលាម៉ោង១រសៀលតទៅ។
អ្នកនាង បញ្ជាក់ថា ការបង្ហាញរបស់ខ្លួននៅក្នុងកម្មវិធីនេះ គឺតាមរយៈបញ្ជូនឲ្យពិធីករពិធីការិនីទាំង៤ ទៅដល់តំបន់គោលដៅ រួចស្វែងរកព័ត៌មានទាក់ទងនឹងការផ្តួចផ្តើម ទាក់ទងនឹងគំនិតច្នៃប្រឌិត ដើម្បីឲ្យយល់ដឹងពីធម្មជាតិ ពីរុក្ខជាតិបៃតង និងពីបរិស្ថានតែម្ដងនៅគ្រប់ទីកន្លែង។ ក្នុងនោះ ក៏បានជួបជាមួយអ្នកជំនាញខាងផ្នែកបរិស្ថាននៅតាមបណ្ដាខេត្តផងដែរ ដើម្បីទទួលបានចំណេះដឹងគ្រប់យ៉ាងទាក់ទងនឹងបរិស្ថានយកមកចែកជូននៅក្នុងកម្មវិធី។ ធៀបនឹងកម្មវិធីដទៃទៀត អ្នកនាងថា នេះជាកម្មវិធីដែលផ្ដល់ចំណេះដឹង និងបានចំណាយទុនខ្ពស់ក្នុងការផលិត ដោយសារប្រធានបទនីមួយៗ គឺចំណាយទាំងពេលវេលា និងប្រើជំនាញច្បាស់លាស់ ទើបអាចទទួលបាន។ គោលដៅសំខាន់របស់កម្មវិធីនេះ គឺអ្នកនាងចង់បំផុសយុវវ័យ និងលើកទឹកចិត្តទូរទស្សនិកជនចូលរួម កែលម្អ និងលើកតម្កើងបរិស្ថាននៅជុំវិញខ្លួនឲ្យក្លាយជាប្រយោជន៍សម្រាប់សុខភាព និងការរស់នៅ។
ប្រធានបទសំខាន់ៗដែលត្រូវគេឃើញនៅក្នុងកម្មវិធីនេះ រួមមាន ជម្រើសក្នុងការប្រើប្រាស់ថង់ប្លាស្ទិក ការថែរក្សាការពារប្រភេទសត្វជិតផុតពូជ ដូចជាសត្វខ្លាធំ ឬដំរី ការយល់ដឹងពីថាមពលព្រះអាទិត្យ ជីវចម្រុះ និងគុណសម្បត្តិនៃកសិកម្មសរីរាង្គ ជាដើម។ ឌីជេណាណា ដែលជាអតីតអ្នកព័ត៌មានមួយរូបត្រូវគេឃើញចែកចាយនូវគំនិតថ្មីៗ និងដំណោះស្រាយល្អជាច្រើននៅក្នុងកម្មវិធី “វៃឆ្លាត បរិស្ថានស្អាត” ដែលបានដំណើរការផ្សាយនៅរាល់ថ្ងៃអាទិត្ យវេលាម៉ោង១រសៀល។ អ្នកនាងថា គឺជារឿងគួរឲ្យស្ដាយប្រសិនបើគំនិតសំខាន់ៗនៅក្នុងកម្មវិធីត្រូវបានយុវវ័យ និងមហាជនមើលរំលង។ កម្មវិធីនេះ អ្នកនាងថា មានការសហការដោយផលិតកម្មខ្មែរមេគង្គ ក្រសួងបរិស្ថាន អង្គការ Winrock និង USAID ទើបគំនិតសំខាន់ៗ ត្រូវបានបំផុសឡើង ដោយមានចំណុចទាក់ទាញ និងខ្លឹមសារស៊ីជម្រៅ៕
មតិយោបល់