ព័ត៌មានជាតិ

យុវជន​ស្រវឹងស្រា​ម្នាក់ បើករថយន្ត​ចង់​វ៉ា​ទៅ​មុខ​ជ្រុល​បុក​រនាំងដែក​ពុះ​ចែក​ទ្រូងផ្លូវ​បាក់អស់​៧​ផ្ទាំង​

​រាជធានី​ភ្នំពេញ ៖ រនាំងដែក​ពុះ​ចែក​ទ្រូងផ្លូវ​បាក់ចំនួ​ន​៧​ផ្ទាំង​បាន​បាក់​រប៉ាត់រប៉ាយ​ពេញ​ផ្លូវ ខណៈ​ដែល​បុរស​ម្នាក់​ស្រវឹងស្រា​ធ្លាក់​ភ្នែក បើករថយន្ត​ម៉ាក​តូយ៉ូតា​កាមរី បា​ឡែន ពណ៌​ស បុក​រះ កាលពី​វេលា​ម៉ោង​១០​និង​៣៥​នាទី​យប់​ថ្ងៃទី​៣០​ខែ​មីនា​ឆ្នាំ​២០១៤ តាម​បណ្តោយ​មហាវិថី​ស​ហព​ន្ធ័​រុស្ស៊ី ត្រង់​ចំណុច​មុខ​វិទ្យាល័យ​ហ៊ុន​សែន ១០០​ខ្នង ស្ថិតនៅ​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​

​ប្រភព​ព័ត៌មាន​ពី​សាក្សី​ដែល​បាន​ឃើញ​ហេតុការណ៍​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ រថយន្ត​មួយ​គ្រឿង​ម៉ាក​តូយ៉ូតា​កាមរី បា​ឡែន ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2U-0790 បើកបរ​ដោយ​យុវជន​ម្នាក់​ក្នុងស្ថានភាព​ស្រវឹងស្រា​ជោកជាំ ធ្វើដំណើរ​តាម​បណ្តោយ​មហាវិថី​ស​ហព​ន្ធ័​រុស្ស៊ី ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត មកដល់​ចំណុច​កើតហេតុ រថយន្ត​បង្ក​បាន​ព្យាយាម​វ៉ា រថយន្ត​មួយ​គ្រឿង​ទៀត​នៅ​ពីមុខ បណ្តាលឱ្យ​រថយន្ត​ជ្រុល​ចង្កូត បុក​រនាំងដែក​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​ចំនួន​០៧​ផ្ទាំង បន្ទាប់​ពី​បង្កហេតុ​រថយន្ត​បង្ក​បាន​ព្យាយាម​បើក​រត់ បាន​ប្រហែល​២​គីឡូម៉ែត្រ ដល់​ចំណុច​មុខ​ក្រុមហ៊ុន​តូយ៉ូតា ត្រូវបាន​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​ដេញ​ឃាត់​បាន​ទាំង​រថយន្ត​និង​អ្នកបើកបរ​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ធ្វើការ​វាស់វែង និង​យក​ស្ទូច​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរជើងគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​ធ្វើ​ការដោះស្រាយ​តាម​ផ្លូវច្បាប់​៕
2014-03-31_092626

2014-03-31_092601

មតិយោបល់