នៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០១៤ សប្បុរសជននៃក្រុមហ៊ុនទឹកបរិសុទ្ធ អូរគូលែន បាននាំយកអំណោយយកមកប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជានូវ អង្ករចំនួន ១ពាន់គីឡូក្រាមនិងទឹកបរិសុទ្ធ ចំនួន៥០កេស ក្រោមវត្តមានរបស់ឯ.ឧឃឹម ប៊ុនសុងប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា និង ជាអភិបាល នៃគណៈអភិបាលខេត្តសៀមរាប និង លោកជំទាវនៅសណ្ឋាគារបុរីអង្គរ ខេត្តសៀមរាប ។
តាមការបញ្ជាក់របស់លោកនាយកក្រុមហ៊ុនទឹកបរិសុទ្ធអូរគូលែន បានឲ្យដឹងថា ក្រោយពីបានទទួលនូវការ អំពាវនាវរបស់កាកបាទក្រហមកម្ពុជាក៏ដូចគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តក្នុងការកៀងគរ ប្រមូលនូវមូលនិធិដើម្បីលើកកម្ពស់កម្លាំងចលនានៃសកម្មភាព មនុស្សធម៌កាកបាទក្រហមកម្ពុជាក្នុងការជួយដល់ ប្រជាពលរដ្ឋរងគ្រោះ និង ងាយរងគ្រោះ ក៏ដូចជាការអបអរសាទរថ្ងៃប្រារព្ធពិធីខួបទី១៥១ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហមឆ្នាំ២០១៤ខាងមុខទៀតផង ។
ក្នុងនាមសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ឯ.ឧ ឃឹម ប៊ុនសុង ក៏ បានធ្វើការថ្លែងអំណរគុណចំពោះ ក្រុមហ៊ុនទឹកបរិសុទ្ធអូគូលែន ក្នុងការលើកកម្ពស់កម្លាំងចលនានៃសកម្មភាព មនុស្សធម៌ នៅលើពិភពលោក និង ការអនុវត្តន៍ផែនការយុទ្ធសាស្រដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានខិតខំយកអស់ស្មារតីទទួលខុសត្រូវខ្ពស់ទៅលើយុទ្ធសាស្ត្រ និង វិស័យស្នួលរបស់ខ្លួនក្នុងការអនុវត្តន៍សកម្មភាពនានា លើវិស័យមនុស្សធម៌ និង មានការគាំទ្រពីគ្រប់មជ្ឈដ្ឋានជាតិ និង អន្តរជាតិក្នុងបុព្វហេតុជួយសង្គ្រោះ ដោយអនុវត្តទៅតាមគោលការណ៍គ្រឹះទាំង៧ របស់ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម មានប្រសិទ្ធភាពខ្ពស់ ។ ឯ.ឧ ឃឹម ប៊ុនសុង ក៏បានគូសបញ្ជាក់ថា នៅថ្ងៃខាងមុខ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និង ប្រារព្ធពិធីខួបទី១៥១ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហមឆ្នាំ២០១៤ ក្នុងគោលបំណងចំបងគឺ លើកកម្ពស់លើការយល់ដឹងពីបញ្ហាប្រឈមជាសាកល និង អ្វីដែលចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម បាននឹងកំពុងធ្វើ ដើម្បីជួយដល់គ្រួសាររងផលប៉ះពាល់ទាំងឡាយ និង ដើម្បីកៀងគររកមូលនិធិ ដែលជាប្រភពធនធានសម្រាប់ធ្វើប្រតិបត្តិការមនុស្សធម៌ ដែលមានខ្លឹមសារពាក់ព័ន្ធ គឺ អាចពុះពារជំនះបាននូវរាល់ផលវិបាក និង បញ្ហាប្រឈមជាសកលទាំងឡាយ ដែលបង្កឡើងដោយភាពក្រីក្រ ទំនាស់វិបត្តិភ័យនានា អំពើហិង្សា ចំណាកស្រុក ជម្ងឺឆ្លងរាតត្បាតនានា ការរើសអើង និង បម្រែបម្រួលអាកាសធាតុ ។ ឯ.ឧ ឃឹម ប៊ុនសុង ក៏បានគូសបញ្ជាក់ចំពោះសប្បុរសជន អំពីសមិទ្ធផលជាច្រើនដែលសាខាសម្រេចបានអាស្រ័យដោយមានការចូលរួមឧបត្ថម្ភគាំទ្រទាំងស្មារតី ថវិកា សម្ភារៈ ពីគ្រប់មជ្ឈដ្ឋាននៃសប្បុរសជន និង អង្គការសមាគមជាតិដៃគូសហប្រតិបត្តិការការងារនៅតាមសហគមន៍ ព្រមទាំងត្រៀមបង្ការ និង ការឆ្លើយតបដល់ជនរងគ្រោះមហន្តរាយមានការកើនឡើងជារៀងរាល់ឆ្នាំចំពោះ ការដោះស្រាយក៏មានទំហំកាន់តែធំផងដែរ ។ ក្នុងការចលនាកៀងគរសប្បុរសជននោះដែរ ឯកឧត្តមប្រធាន ក៏បានធ្វើការអំពាវនាវដល់សប្បុរសជនជាតិ អន្តរជាតិ អង្គការដៃគូ ក៏ដូចប្រជាពលរដ្ឋ បណ្តាម្ចាស់ក្រុមហ៊ុននានាក្នុងខេត្ត ចូលរួមជួយឧបត្ថម្ភ គាំទ្រទាំងថវិកា សម្ភារៈ និងស្មារតី ក្នុងការទ្រទ្រង់ សកម្មភាពចលនាមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ។ ឯកឧត្តមប្រធាន ក៏បានលើកឡើងថា សម្ភារៈទាំងដែលក្រុមហ៊ុនបានប្រគល់ជូន សាខាកាកបាទក្រហមកម្ពុជាខេត្តនាពេលនេះ គឺ ដើម្បីការបង្កើនូវទ្រទ្រង់សកម្មភាពចលនាមនុស្សធម៌កាកបាទក្រហមកម្ពុជា ក្នុងការយកទៅបម្រើការសង្គ្រោះដល់ប្រជាពលរដ្ឋរងគ្រោះ និង ងាយរងគ្រោះក្នុងខេត្តក៏ដូចបណ្តាខេត្តនានាផងដែរ៕
មតិយោបល់