នៅរសៀលថ្ងៃអាទិត្យ ទី ៣០ ខែ មីនា ឆ្នាំ២០១៤ នេះ ឯ.ឧ ម៉ៅ វុឌ្ឍី អភិបាលរងនៃគណៈអភិបាល ខេត្ត បានដឹកនាំប្រតិភូខេត្ត អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ត្រីរាជការស្រុកវ៉ារិន បានចូលរួមគោរពវិញ្ញាណក្ខ័ន្ធ និង ជួយចែករំលែកទុក្ខក្រុមគ្រួសារនៃសពរបស់លោកឯម វ៉ាត់ ប្រធានក្រុមប្រឹក្សាស្រុកនិង ជា ប្រធានគណបក្សប្រជាជនស្រុកវ៉ារិន ខេត្តសៀមរាប ដែលបានទទួលមរណៈភាពកាលពីរាត្រីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៤ វេលាម៉ោង ២១និង៣០នាទីក្នុងជន្មាយុ ៦៦ឆ្នាំ ដោយរោគាពាធ ហើយត្រូវបានដំកលសពប្រារព្វធ្វើបុណ្យទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា នៅលំនៅដ្ឋាននៃសពក្នុងភូមិតាទក ឃុំ ពួក ស្រុកពួកខេត្តសៀមរាប ។
ក្នុងការចូលរួមរំលែកទុក្ខនោះដែរក្នុងតំណាងឯ.ឧ ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត ឯ.ឧម៉ៅ វុឌ្ឍីក្នុងនាមប្រធានសមាគមន៍មន្ត្រីរាជការខេត្តនៃក្រសួងមហាផ្ទៃ ព្រមទាំងអស់លោក លោកស្រីថ្នាក់ដឹកនាំមន្ទីរ និង អាជ្ញាធរ សមាជិកក្រុមប្រឹក្សាស្រុក មន្ត្រីរាជការរួមការងារក្នុងស្រុកវ៉ារិន បានសម្តែងនូវការសោកស្តាយយ៉ាងខ្លាំង នៃការបាត់បង់មន្ត្រីថ្នាក់ដឹកនាំមួយរូបដ៏ឆ្នើម ដែលបានបំពេញភារកិច្ច ជូនជាតិមាតុភូមិកន្លងមក ព្រមទាំងបានចូលរួមក្នុងកិច្ចការ កសាងនិងអភិវឌ្ឍន៍ នូវសមទ្ធិផល នានានៅតាមមូលដ្ឋានភូមិ ឃុំ ស្រុករបស់ខ្លួន ។ ឯកឧត្តមក៏បានបន្តទៀតថា ឆ្លងតាមដំណាក់កាលក្នុងការ បំពេញភារកិច្ចរបស់លោក ឯម វ៉ាត់ បានពុះពារនូវរាល់គ្រប់ឧបស័គ្គជាច្រើន ក្នុងការបំពេញកាតព្វកិច្ចជាតិ ក្នុងរយៈពេល៣៤ឆ្នាំមកនេះ ។ ម្យ៉ាងទៀតការបាត់បង់ស្វាម៉ី លោកឪពុកជាទីស្រឡាញ់របស់បងស្រី និង កូនៗ ក៏ដូចថ្នាក់ដឹកនាំខេត្ត គ្រប់ជាន់ថ្នាក់ និង មន្ត្រីរាជការ ដែលបាត់បង់នូវកម្មាភិបាលមួយរូប ក៏ដូចការបាត់បង់នូវវត្ថុអ្វីមួយ ដែលរកតម្លៃអ្វីមកប្រៀបធៀបផ្ទឹមពុំបាន នៅក្នុងក្រុមគ្រួសារ និង សង្គមជាតិ ។
ក្នុងនោះដែរដែរ ឯ.ឧ ម៉ៅ វុឌ្ឍីព្រមទាំងអស់លោក លោកស្រីថ្នាក់ដឹកនាំមន្ទីរ អាជ្ញាធរក្រុមប្រឹក្សាស្រុក មន្ត្រីរាជការ បានធ្វើការបូជាទៀនធូក ដើម្បីឧទ្ទិសជូនដល់ដួងវិញ្ញាណក្ខ័ន្តលោក ឯម វ៉ាត់ សូមឲ្យបានទៅកាន់សុខតិភពថ្មី ព្រមទាំងបែរងាកក្រោយឲ្យពរជ័យដល់ក្រុមគ្រួសារ បងប្អូន កូនចៅ និង ថ្នាក់ដឹកនាំ គ្រប់ជាន់ថ្ឋាក់ មន្ត្រីរាជការរួមការងារឲ្យទទួលនូវសេចក្តីសុខ និងស្គាល់នូវតែសុខសន្តិភាពសុភមង្គល ការអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ ។
ក្នុងនោះដែរក្នុងនាមឯកឧត្តមគណៈអភិបាលខេត្ត ក៏បានធ្វើការប្រគល់នូវលិខិតរំលែកទុក្ខ របស់ខេត្ត និងបច្ច័យ ចំនួន ២លានរៀល ដើម្បីចូលរួមក្នុងពិធីបុណ្យសពលោក ឯម វ៉ាត់ យកទៅប្រើប្រាស់ក្នុងពិធីបុណ្យសពនេះផងដែរ ។
ក្នុងនាមប្រធានសមាគមន៍មន្ត្រីរាជការខេត្តឯ.ឧម៉ៅ វុឌ្ឍីក៏បាននាំយកនូវថវិកាសហសង្គ្រោះ របស់សមាគមន៍មន្ត្រីរាជការនៃក្រសួងមហាផ្ទៃចំនួន៤លាន៥សែនរៀល ជូនដល់លោកស្រី ឡឹក យី ជាភរយានៃ គ្រួសារនៃសពលោកឯម វ៉ាត់នៅក្នុងពិធីបុណ្យនោះដែរ ។
បន្តមកគណៈប្រតិភូ និង ភ្ញៀវបានចូលរួមក្នុងពិធីនមស្សការព្រះរតនត្រ័យ និង និមន្តព្រះសង្ឃចម្រើន ព្រះបរិត្ត និង បង្សុកូលឧទិ្ទសកុសលផលបុណ្យ ជូនទៅដល់ដួងវិញ្ញាណក្ខ័ន្ធរបស់លោក ឯម វ៉ាត់ ដែលរៀបចំឡើងដោយ លោកតាអាចារ្យ បានប្រព្រឹត្តទៅតាមគន្លងប្រពៃណីនៃព្រះពុទ្ធសាសនា ព្រះសម្មាសាម្ពុទ្ធ ព្រះបរមគ្រូនៃយើងផងដែរ៕
មតិយោបល់