ព័ត៌មានជាតិ

កិច្ចប្រជុំ​លើក​ទី​២​របស់​ក្រុម​ការងារ​ថ្នាក់ជាតិ ចុះ​មូលដ្ឋាន​ខេត្តសៀមរាប​

​ក្រុមការងារ​ថ្នាក់ជាតិ ចុះ​មូលដ្ឋាន​ខេត្តសៀមរាប បាន​បើក​កិច្ចប្រជុំ​ជា​លើក​ទី​២ ក្នុង​ការបែងចែក​ក្រុមការងារ ចុះ តាម​ក្រុង ស្រុក ដើម្បី​ត្រួតពិនិត្យ និង គាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ និង យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​អធិបតីភាព​របស់​ឯកឧត្តម ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ និង ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្តសៀមរាប ដើម្បី​អនុវត្ត​នយោបាយ និង យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ នៅ​ខេត្ត​សៀមរាប កាលពី​ចុង​សប្តាហ៍ ថ្ងៃទី ២៨ ខែ មីនា ឆ្នាំ​២០១៤ នៅ​រដ្ឋបាល​សាលាខេត្ត​សៀមរាប ។​

​កិច្ចប្រជុំ​នោះ ក៏​បាន​ធ្វើការ​ប្រកាសសេចក្តី​សម្រេច ស្តីពី​ការរៀបចំ​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន តាម​បណ្តា​ក្រុង ស្រុក​ទាំង​១២​របស់​ខេត្ត​សៀមរាប ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ និង យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល ។ មានប្រសាសន៍​នោះ ឯកឧត្តម ទៀ បាញ់ បានបញ្ជាក់ អំពី​គោលបំណង នៃ​កិច្ចប្រជុំ​នេះ​ថា ការធ្វើ​កំណែទម្រង់​ស៊ីជម្រៅ ដើម្បី​សម្រេចបាន​នូវ​គោលដៅ​ជា​យុទ្ធសាស្ត្រ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម តាម​ចក្ខុវិស័យ យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ សំដៅ​បន្ត​ពង្រឹង​នូវ​យន្តការ​នានា របស់​រាជរដ្ឋាភិបាល​ឲ្យ​ធានា​បាន​នូវ​កំណើន​ការងារ​សមធម៌ និង ប្រសិទ្ធភាព​ពិតប្រាកដ​នៅ​កម្ពុជា​។ ឯកឧត្តម ទៀ បាញ់ ក៏​បាន​ណែនាំ​ដល់​ថ្នាក់​ដឹក នាំ​មន្ទីរ ស្ថាប័ន អង្គភាព និង អាជ្ញាធរ​ក្រុង ស្រុក ត្រូវ​រៀបចំ​រចនាសម្ព័ន្ធ ការងារ​ឲ្យបាន​ត្រឹមត្រូវ និង ត្រូវ​ចុះ​មូលដ្ឋាន​ស្តាប់​សំណូមពរ​ពី​ប្រជាពលរដ្ឋ ហើយ​ត្រូវ​ដោះស្រាយ​នូវ​រាល់​ការលំបាក របស់​ប្រជាពលរដ្ឋ ឲ្យបាន​ទាន់​ពេលវេលា ។ ជាមួយនេះ ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ក៏​បាន​រំលឹក ពី​ការខិតខំ​របស់​រាជរដ្ឋាភិបាល ដែលមាន​សម្តេច​តេជោ ហ៊ុន សែន ជា​ប្រមុខ ក្នុង​ការបន្ត​ខិតខំ ដឹកនាំ​កសាង និង អភិវឌ្ឍន៍​ប្រទេសជាតិ​ឲ្យមាន​ការ​រីកចម្រើន ជាពិសេស​ការខិតខំ ដំឡើង​ប្រាក់​បៀរ៍​វត្ស ដល់​មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុ​ធ​ឲ្យបាន​ខ្ពស់ ដើម្បី​លើកស្ទួយ​ជីវភាព​រស់នៅ​ឲ្យបាន​កាន់តែ​ប្រសើរ​ឡើង ។​នៅក្នុង ខណៈ​នោះ​ឯកឧត្តម ទៀ បាញ់ បាន​ជម្រុញ​ឲ្យ​សមាជិក ក្រុមការងារ​ថ្នាក់ជាតិ និង ខេត្ត ក្រុង ស្រុក ក្នុងការ រៀបចំ​បែងចែក​ក្រុមការងារ​ចុះ​មូលដ្ឋាន ដើម្បី​ធ្វើ​វេទិកា​សាធារណៈ​នៅ​តាម​ភូមិ ឃុំ សង្កាត់ ទៅតាម​ស្ថានភាព ស្ថិតិ​ប្រជាពលរដ្ឋ ក្នុង​គោលបំណង​ធ្វើយ៉ាងណា​ទទួលបាន​នូវ​សំណូមពរ​តម្រូវការ និង ក្តី​កង្វល់​របស់​ប្រជាពលរដ្ឋ ដើម្បី​ធ្វើ​ដោះស្រាយ និង​ឆ្លើយតប​ទៅតាម​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ឲ្យបាន​ល្អ​ត្រឹមត្រូវ និង​សុក្រឹត យុត្តិធម៌ ប្រកាន់​ខ្ជាប់ខ្ជួន ពី​តួនាទី ភារកិច្ច​របស់​ខ្លួន ដែល​ប្រមុខ​រាជរដ្ឋាភិបាល​ប្រគល់ជូន ដើម្បី​យកទៅ​អនុវត្តឲ្យ​ទទួលបាន ជោគជ័យ និង មាន​ប្រសិទ្ធភាព​ខ្ពស់ ៕

2014-03-31_174720

មតិយោបល់