ក្រសួងធនធានទឹក និងឧតុនិយមបានអំពាវនាវឲ្យ ប្រជាពលរដ្ឋនៅតាមបណ្តាខេត្តមួយចំនួនមានការ ប្រុងប្រយ័ត្នពីឥទ្ធិពលសម្ពាធទាប ដែលបង្កឲ្យមានភ្លៀងកក់ខែលាយឡំ និងផ្គររន្ទះខ្យល់កន្ត្រាក់ ក្នុងរយៈពេលប៉ុន្មាននេះ។
នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងចុះថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០១៤ ឯកឧត្តមលឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ចាប់ពីថ្ងៃទី ០៣ ខែមេសា ដល់ថ្ងៃទី ០៦ នៅព្រះរាជាណាចក្រកម្ពុជានឹងទទួលរងនូវឥទ្ធិពលពីកម្រិតសម្ពាធទាប ដែលអាចបង្កឲ្យមានភ្លៀងធ្លាក់កក់ ខែលាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់នៅតាមបណ្តារាជធានី-ខេត្តមួយចំនួនដូចជា រាជធានីភ្នំពេញ ខេត្តឧត្ដរមានជ័យ ព្រះវិហារ មណ្ឌលគីរី ក្រចេះ កំពង់ចាម ត្បូងឃ្មុំ កំពង់ឆ្នាំង កំពង់ធំ ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ សៀមរាប ព្រៃវែង ស្វាយរៀង កណ្តាល កំពង់ស្ពឺ តាកែវ ព្រះសីហនុ កែប និងខេត្តកំពត ។ ក្រសួងសូមអំពាវនាវដល់អាជ្ញាធរដែនដី និងប្រជាពលរដ្ឋដែលរស់នៅតាមបណ្តារាជធានី-ខេត្ត ដូចបានជម្រាបខាងលើ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ ពិសេសនៅពេលរសៀល ដែលផ្ទៃមេឃមានសភាពអាប់អួរកកល់ភ្លៀងនោះ៕
មតិយោបល់