ភ្នំពេញ ៖ នារីជាជនសង្ស័យម្នាក់ធ្វើសកម្មភាពលួចទឹកអប់ម៉ាក Adidas មួយដបដែលមានតម្លែ១០ដុល្លារ៥០សេនត្រូវបានម្ចាស់ហាងពិនិត្យឃើញតាមកាមេរ៉ាសុវត្តិភាពក៏ធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង៨និង២០នាទីយប់ថ្ងៃទី១០ខែមេសាឆ្នាំ២០១៤ នៅចំណុចម៉ាតមួយកន្លែងយីហោ ម៉េង គង់ អ៊ីនធើណេត ផ្ទះលេខ៨១ ផ្លូវលេខ៥១ ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលឃាត់ខ្លួននារីសង្ស័យគឺនារីម្នាក់នេះចូលមកក្នុងហាងកើតហេតុខាងលើ បំណងរកទិញរបស់ប្រើប្រាស់ ស្រាប់តែមួយសន្ទុះក្រោយមក គេឃើញនារីសង្ស័យបានបន្លំយកផលិតផលទឹកអប់មួយដបម៉ាកAdidas ដាក់ចូលទៅក្នុងថង់ដែលនាងកំពុងកាន់និងដៃ ដោយពិនិត្យឃើញសកម្មភាព តាមកាមមេរ៉ាសុវត្តិភាព ទើបម្ចាស់ហាងក៏បានហៅនារីសង្ស័យ សុំឆែកថង់នោះក៏ឃើញ មានទឹកអប់ម៉ាក Adidas មួយដប ប៉ុន្តែត្រូវបាននារីសង្ស័យបដិសេធថាមិនបានយកទេ គ្រាន់តែមិនទាន់បានគិតលុយ។
បើតាមសម្ដីម្ចាស់ហាងឱ្យដឹងថា រាល់អតិថិជនដែលមកទិញទំនិញក្នុងហាង មិនទាន់គិតលុយគឺមិនមានសិទ្ធយករបស់របរ នៅក្នុងហាងដាក់ចូលទៅក្នុងថង់ផ្ទាល់ខ្លួននោះទេ។
បន្ទាប់ពីកើតហេតុ ម្ចាស់ហាងបានហៅសមត្ថកិច្ច ប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារថ្មីទី៣ មកយកនារីសង្ស័យ ទៅធ្វើការសាកសួរ ប៉ុន្តែអ្វីដែលគួរឱ្យការចាប់អារម្មណ៏នោះគឺនៅពេលក្រុមអ្នកយកព័ត៌មានមួយក្រុមចូលទៅយកព័ត៌មាននៅប៉ុស្តិ៍នគរបាលផ្សារថ្មី៣នោះ ត្រូវសមត្ថកិច្ចឃាត់មិនឱ្យចូលទៅខាងក្នុង ដែលនារីសង្ស័យកំពុងឃាត់ខ្លួននៅទីនោះ។
ពាក់ព័ន្ធនិងករណីខាងលើនេះមតិមជ្ឈដ្ឋានមួយចំនួនដែលរស់នៅក្បែរនោះបានប្រាប់អ្នកសារព័ត៌មានថា កន្លងទៅ សមត្ថកិច្ចនៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារថ្មីទី៣ធ្លាប់ចាប់បានជនសង្ស័យឃាត់ខ្លួនបានមួយយប់ ស្អែកឡើងក៏មានការដោះលែងទៅវិញ។
ចំណែកនារីជាជនសង្ស័យខាងលើនេះមិនដឹងសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ផ្សារថ្មី៣ ដោះស្រាយបែបណានោះទេ? ឬក៏ដូចពាក្យដែលប្រជាពលរដ្ឋប្រាប់អ្នកសារព័ត៌មានពិតប្រាកដមែន?។ យើងមិនអាចសុំការបំភ្លឺពាក់ព័ន្ធនិងបញ្ហាខាងលើនេះពីសមត្ថកិច្ចបាននោះទេ ដោយសមត្ថកិច្ចព្យាយាមលាក់បាំងចំពោះករណីខាងលើនេះ៕
មតិយោបល់