មាស ១២ដុំ ទម្ងន់ ៤០០ក្រាម ត្រូវបានវះកាត់យកចេញពីប្រពះរបស់ពាណិជ្ជករម្នាក់រស់នៅក្នុងរាជធានីដេលីប្រទេសឥណ្ឌា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។
បុរសវ័យ ៦៣ឆ្នាំម្នាក់ត្រូវបានបញ្ជួនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីគាត់បានត្អួញត្អែរថាចេះតែចង់ក្អួត និងបាកក្នុងការបន្ទោរបង់។ គាត់បានប្រាប់វេជ្ជបណ្ឌិតថា គាត់បានលេបគំរបដបមួយ ខណៈពេលដែលគាត់វាយបត់គ្នាជាមួយប្រពន្ធ។ ប៉ុន្តែជាលទ្ធផលក្រោយពីប្រតិបត្តិការវះកាត់រួចមក វេជ្ជបណ្ឌិតបានរកឃើញដុំមាសទម្ងន់ជិត ៤០០ក្រាម នៅក្នុងប្រពះរបស់គាត់ជំនួសគំរបដបនោះទៅវិញ។
ហេតុការណ៍នេះ បានកើតឡើងតាំងពីថ្ងៃទី០៩ខែមេសាមកម្ល៉េះ ប៉ុន្តែពុំមានប្រព័ន្ធផ្សព្វផ្សាយណាមួយចុះផ្សាយឡើយ ទើបតែមកដល់ថ្ងៃទី១៨ខែមេសា កន្លងទៅនេះ បានសារព័ត៌មានក្នុងស្រុកចេញផ្សាយ។
ក្រោយពីទទួលបានព័ត៌មាននេះ អាជ្ញាធរ និងគយ បានមកសួរចម្លើយទៅលើពាណិជ្ជកររូបនោះ ព្រមទាំងបានរឹបអូសយកមាសទៀតផង។
លោកវេជ្ជបណ្ឌិត CS Ramachandran ជាគ្រូពេទ្យវះកាត់ជាន់ខ្ពស់នៅ មន្ទីរពេទ្យ Sir Ganga Ram Hospital បាននិយាយថា លោកពុំធ្លាប់ឃើញករណីបែបនេះកើតមានឡើងក្នុងមួយជីវិតរបស់លោក។
លោកបានថ្លែងថា « នេះជាលើកដំបូង ដែលខ្ញុំ បានយកមាសពីក្រពះរបស់អ្នកជំងឺ។ ខ្ញុំចាំបានថា ខ្ញុំធ្លាប់វះកាត់យក ដុំថ្ម ចេញពីប្លោកនោម មានទំងន់ ១គីឡូក្រាមពីអ្នកជំងឺ។ ប៉ុន្តែ ពុំធ្លាប់ជួបករណីមាសនៅក្នុងក្រពះរបស់អ្នកជំងឺឡើយ។ នេះជាអ្វីមួយ ដែលពុំគួរឲ្យជឿ»។
គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំមុន រដ្ឋាភិបាលនៃប្រទេសឥណ្ឌាបានតំឡើងថ្លៃពន្ធនាំចូលលើមាសរហូតដល់ទៅ៣ដង ដើម្បីទប់ស្កាត់តម្រូវការលោហៈដ៏មានតម្លៃ ព្រោះថាឥណ្ឌាជាប្រទេសដែលចាយមាសច្រើនជាងគេបំផុតនៅក្នុងបន្ទាប់លោក ប៉ុន្តែវាប្រទេសដែលស្ដុកទុកមាសច្រើនជាងគេលំដាប់ទី១០៕
មតិយោបល់