ក្នុងរយៈពេល ១៥សប្ដាហ៍ដំបូងនៃឆ្នាំ ២០១៤ នេះ មានករណីជំងឺគ្រុនឈានចំនួន ២៦៩ករណី ដែលនៅក្នុងនោះមានម្នាក់បានស្លាប់។ នេះបើយោងតាមសំដីរបស់លោក លោកវេជ្ជបណ្ឌិតច ម៉េងចួប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ប៉ារ៉ាស៊ីតសាស្ត្រនិងបាណកសាស្ត្រ។
ថ្លែងនៅក្នុងក្នុងទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមកាលពីព្រឹកថ្ងៃទី២៤ខែមេសាឆ្នាំ២០១៤នៅសាលាបឋមសិក្សាភ្នំពេញថ្មី លោកវេជ្ជបណ្ឌិតច ម៉េងចួប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ប៉ារ៉ាស៊ីតសាស្ត្រនិងបាណកសាស្ត្រ បានមានប្រកាសថា “ក្នុងរយៈពេល១៥សប្ដាហ៍ដើមឆ្នាំ២០១៤នេះមានករណីជំងឺគ្រុនឈាមចំនួន២៦៩ករណីក្នុងនោះមានម្នាក់ស្លាប់”។
បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ២០១៣កន្លងទៅឃើញថាមានការថយចុះចំនួន៨៥%ដែលឆ្នាំមុនមានចំនួន១៧៧៩ករណីក្នុងនោះស្លាប់១៣នាក់។
លោកវេជ្ជបណ្ឌិតបានបន្តទៀតថា ការថយចុះនេះមិនមែនជាសារទាក់ទាញឲ្យយើងទាំងអស់គ្នាបន្ធូរបន្ថយការកំចាត់ជំរកមូសខ្លា ឬ បន្ថយការត្រៀមមធ្យោបាយឆ្លើយតបនឹងការផ្ទុះរាតត្បាតទេព្រោះថាកម្ពុជាជាប្រទេសមួយដែលស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលជាសំបុកគ្រុនឈាមជាច្រើនទសវត្សមកហើយ។
គួរបញ្ជាក់ផងដែរថា នៅឆ្នាំ២០១៣មានករណីឈឺជំងឺគ្រុនឈាមចំនួន១៧៥៣៣ករណីក្នុងនោះស្លាប់៥៩នាក់ដែលនៅឆ្នាំ២០១២មានករណីគ្រុនឈាមចំនួន៤២៣៦២ករណីក្នុងនោះស្លាប់១៨៩នាក់៕
មតិយោបល់