ព័ត៌មានជាតិ

រថយន្តដឹកប្រេងក្រុមហ៊ុន សូគីមិច បើកបុកម៉ូតូ១គ្រឿងពេញទំហឹង បណ្តាលឲ្យស្ត្រីម្នាក់បាក់ជើង

ភ្នំពេញៈ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រវាងរថយន្តដឹកប្រេងរបស់ក្រុមហ៊ុន សូគីមិច បានបើកទៅបុកម៉ូតូ មួយគ្រឿងយ៉ាងពេញទំហឹង បណ្តាលឲ្យស្ត្រីម្នាក់ បាក់ជើងរងរបួសធ្ងន់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១០និង៣៥នាទីព្រឹក ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៧ នៅត្រង់ចំណុចមុខស្ថានីយ៍ប្រេង សូគីមិច តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ម្ចាស់រថយន្តបង្កមានឈ្មោះ ច្រឹក ដា ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ បើកបររថយន្ត ស្នាក់នៅភូមិដើមស្បែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។ ចំណែកឯជនរងគ្រោះឈ្មោះ ជូរ ម៉ាប់ ភេទស្រី អាយុ ៤៩ឆ្នាំ មុខរបរនៅផ្ទះ មានស្រុកកំណើតនៅភូមិក្តុល ឃុំក្រាំងស្គរ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តដឹកប្រេងសាំង របស់ក្រុមហ៊ុន សូគីមិច មួយគ្រឿង ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3B-3915 បានធ្វើដំណើរតាមផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងទៅជើង ខណៈដែលធ្វើដំណើរមកដល់ចំណុចកើតហេតុ ក៏បានបត់ឆ្វេងដៃ គោលបំណងចូលស្ថានីយ៍ប្រេង ក៏ជ្រុលបុកជាមួយម៉ូតូ មួយគ្រឿង ម៉ាក ស្គូបពីរ ពណ៌ស ពាក់ស្លាកលេខ កំពង់ឆ្នាំង 1D-4596 ដោយធ្វើដំណើរច្រាសទិសគ្នាយ៉ាងពេញទំហឹង បណ្ដាលឲ្យជនរងគ្រោះបាក់ជើងខាងស្តាំ។ ភ្លាមៗនោះ រថយន្តបង្កបានបើកគេច ចូលក្នុងស្ថានីយ៍ប្រេង ដោយបន្សុលទុកតែម៉ូតូ និងស្ត្រីរងគ្រោះនៅនឹងកន្លែងកើតហេតុតែប៉ុណ្ណោះ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញមូលដ្ឋាន បានចុះទៅដល់កន្លែង និងបានធ្វើការទាក់ទងហៅរថយន្តសង្គ្រោះបន្ទាន់ ឲ្យមកដឹកជនរងគ្រោះ យកទៅមន្ទីរពេទ្យកាល់ម៉ែត្រ ដើម្បីជួយសង្គ្រោះ បន្ទាប់មកបានធ្វើការវាស់វែង និងយករថយន្តបង្ក រួមទាំងម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីរង់ចាំការដោះស្រាយគ្នាតាមផ្លូវច្បាប់៕

មតិយោបល់