ពិធីប្រកាសដាក់ឲ្យប្រើប្រាស់ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរីចំនួន៥ឆ្នាំ ២០១៤-២០១៨ ត្រូវបានមន្ទីរទេសចរណ៍សហការជាមួយអង្គការមូលនិធិសកលសម្រាប់ធនធានធម្មជាតិរួមមាន WWF WCS NOMAD
និង ELIE រៀបចំធ្វើឡើងជាផ្លូវការកាលពីថ្ងៃទី១៧ ខែឧសភា ២០១៤ នៅលើព្រលានយន្តហោះក្រុងសែនមនោរម្យ។ពិធីនេះមានការអញ្ជើញចូលរួមជាអធិបតីពីឯកឧត្តមស្តើង សុខុមអនុរដ្ឋលេខាធិការនៃ ក្រសួង ទេសចរណ៍ ព្រមទាំងមន្ត្រីរាជការជុំវិញខេត្តផងដែរ។
លោក ងិន សុវិមានប្រធានមន្ទីទេសចរណ៍ខេត្តបានអោយដឹងថា ការរៀបចំព្រិត្តិការណ៍នេះឡើងគឺ ដើម្បី បង្កើនការទាក់ទាញភ្ញៀវទេសចរណ៍មកកាន់ខេត្តមណ្ឌលគិរី ឲ្យកាន់តែច្រើនជាពិសេសជនជាតិបរទេស។ លោកបាន បន្តថា ផែនការយទ្ធសាស្រ្តអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី អាចសម្រេចបានត្រូវមានទិស ដៅយុទ្ធ សាស្រ្ត សំខាន់ៗចំនួន៦ដូចជា ការពង្រឹងគុណភាពផលិតផលនិងសេវាទេសចរណ៍ អភិវឌ្ឍន៍ផលិតផលទេសចរណ៍ថ្មីៗ ផ្សព្វផ្សាយទេសចរណ៍អោយបានទូលំទូលាយ ពង្រឹងប្រព័ន្ធសុវត្ថិភាពទេសចរណ៍ និងការគ្រប់គ្រងផលប៉ះពាល់ជាដើម។
ឆ្លើយតបនិងយុទ្ធសាស្រ្តអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិខេត្តមណ្ឌលគិរីនេះ លោក ឈិត សំអាត នាយកអង្គការ WWF កម្ពុជាបានបញ្ចាក់ថា អង្គការរបស់លោកបាននឹងកំពុងគាំទ្រផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍៥ឆ្នាំដែលប្រធានមន្ទីទេសចរណ៍លើកឡើងខាងលើព្រមទាំងសហការជាដៃគូរក្នុងការអនុវត្តន៍ផែនការយុទ្ធសាស្ត្រនេះតាមរយៈពង្រឹងសមត្ថភាពសហគមន៍ព្រៃឈើ និងសហគមន៍តំបន់ការពារធនធានធម្មជាតិ ផ្តល់បច្ចេកទេសក្នុងការពង្រឹងគុណភាពផលិតផលនិងសេវាកម្មទេសចរណ៍ផ្សេងៗទៀតផងដែរ។
ក្នុងនាមក្រសួងទេសចរណ៍ឯកឧត្តម ស្តើង សុខុម បានសម្តែងនូវមនោសញ្ចេតនារីករាយអបអសាទរនិងគាំទ្រចំពោះផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍មណ្ឌលគិរី២០១៤-២០១៨នេះយ៉ាងខ្លាំង។ឯកឧត្តមបានលើកឡើងថា វិស័យទេសចរណ៍ជាវិស័យអាទិភាពមួយត្រូវបានកំណត់ក្នុងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយវិស័យនេះបានរួមចំណែកកសាងនិងអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចជាតិបានយ៉ាងច្រើន ជាពិសេសបានលើកកំពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋតាមរយៈការផ្តល់ការងារនិងមុខរបរយ៉ាងច្រើនផងដែរ៕
មតិយោបល់