ព័ត៌មានជាតិ

រថយន្ត​មួយ​គ្រឿង​បើក​បុក​ម៉ូតូ​ពីក្រោយ​កិន​ជើង​ជនរងគ្រោះ​បាក់​ទាំង​៣​នាក់ ដោយ​ព្យាយាម​រត់គេច តែ​ជាប់​ជុង​ប្រជាពលរដ្ឋ​

​ភ្នំពេញ ៖ រថយន្ត​មួយ​គ្រឿង​ជិះ​ធ្វើ​ដំណើរ​ដោយ​បុរស​២​នាក់​និង​នារី​៣​នាក់​ទើប​ចេញ​ពី​ពិធី​ជប់លៀង​មិត្ត​ភ័ក្តិ​បាន​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​១១៨​ក្នុង​ល្បឿន​លឿន ខណៈ​មក​ដល់​ផ្លូវកែង​លេខ​៦១ ក៏​បាន​បុក​ម៉ូតូ​មួយ​គ្រឿង​ពីក្រោយ​ជិះ​គ្នា​៣​នាក់​ស្រប​ទិស​គ្នា​បណ្ដា​យ​រងរបួស​ធ្ងន់ ហើយ​រថយន្ត​បង្ក​បាន​ព្យាយាម​បើក​រត់​តែ​ត្រូវ​ប្រជាពលរដ្ឋ​ជិះ​ដេញ​ពីក្រោយ​តាម​ឃាត់​ជាប់ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ចូល​ថ្ងៃ​ទី​២១​ខែ​ឧសភា​ឆ្នាំ​២០១៤ ស្ថិតក្នុង​សង្កាត់​ផ្សារ​ថ្មី​១ ខណ្ឌដូនពេញ​។​

​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​តូយ៉ូតា ព្រូ​ស ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2P-9510 ជិះ​ធ្វើ​ដំណើរ​ដោយ​បុរស​២​នាក់​និង​នារី​៣​នាក់​ទើប​តែ​ចេញ​ពី​ពិធី​ជប់លៀង​មិត្ត​ភ័ក្តិ តាម​បណ្ដោយ​ផ្លូវ​១១៨ ទិសដៅ​ពី​កើត​ទៅ​លិច ក្នុង​ល្បឿន​លឿន ខណៈ​មក​ដល់​ចំណុចកើតហេតុ​កែង​និង​ផ្លូវ​លេខ​៦១ រថយន្ត​ក៏​បាន​បុក​ម៉ូតូ​មួយគ្រឿង ម៉ាក ហុងដា​គ្លី​ក ពណ៌​ឈាមជ្រូក ពាក់​ស្លាក​លេខ ភ្នំពេញ 1BK-2012 ចំ​ពីក្រោយ​ពេញទំហឹង​ជិះ​គ្នា​៣​នាក់​បណ្ដាលអោយ​រងរ​បួស​ធ្ងន់ ចំណែក​ម៉ូតូ​គៀប​ជាប់​ក្រោម​រថយន្ត​អូស​ជាង​៥០​ម៉ែត្រ ខណៈ​នោះ​នារី​ដែល​នៅ​ក្នុង​រថយន្ត​ក៏​បាន​ចុះ​មក​ទាញ​ម៉ូតូ​ចេញ​ពី​ក្រោម​រថយន្ត​ចេញ ដោយ​មាន​ប្រជាពលរដ្ឋ​ចោមរោម​ច្រើន​ពេក​រថយន្ត​បង្ក​ក៏បាន​ព្យាយាម​បើក​រត់​ទៅ​មុខ​បាត់ ចោល​នារី​៣​នាក់​នោះ​កន្លែងកើតហេតុ​ក៏​ត្រូវ​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​ឃាត់ខ្លួន​។

​ចំណែក​រថយន្ត​បង្ក​ព្យាយាម​បើក​រត់​ក៏​មាន​ប្រជាពលរដ្ឋ​ជិះ​ម៉ូតូ​តាម​ពីក្រោយ​រហូត​មក​ដល់​ផ្លូវ​៣៣៦​ប្រឡាយ​ទឹកស្អុយ ក្នុង​សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួលគោក រថយន្ត​បង្ក​ក៏​បាន​ឈប់​រថយន្ត​ចត​ទុក​ចោល​មុខ​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​ជា​កន្លែង​ស្ងាត់​ហើយ​រត់​គេចខ្លួន​បាត់ ក៏​ត្រូវ​ប្រជាពលរដ្ឋ​ឃាត់​បាន​និង​រាយការណ៍​ទៅ​សមត្ថកិច្ច​ចុះមក​ត្រួតពិនិត្យ​។​

​បន្ទាប់ពី​កើតហេតុ​ជនរងគ្រោះ​ទាំង​៣​នាក់​រងរបួស​បាក់ជើង​ទាំង​អស់​ដោយសារ​រថយន្ត​កិន​ពី​លើ ហើយ​ត្រូវ​បាន​រថយន្ត​សាមុយ​របស់​មន្ទីរពេទ្យ​ឯកជន ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ ចំណែក​ម៉ូតូ​និង​រថយន្ត​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ចរាចរ​ចុះ​ត្រួតពិនិត្យ​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរជើងគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​ធ្វើ​ការដោះស្រាយ​តាម​ផ្លូវច្បាប់​៕
2014-05-22_101739

មតិយោបល់