ព័ត៌មានជាតិ

អាមេរិក​កាន់ជើង​ថៃ​ថា វា​មិនមែន​ជា​ការធ្វើ​រដ្ឋប្រហា​រ​នោះទេ​

​ក្រោយ​ពី​ប្រកាស​ច្បាប់អាជ្ញាសឹក​នៅក្នុង​ប្រទេស​ថៃ សហរដ្ឋអាមេរិក​បាន​និយាយថា អាមេរិក​មិន​ជឿថា យោធា​ថៃ​ជាប់​ពាក់ព័ន្ធ​នឹង​ការធ្វើ​រដ្ឋប្រហារ​នោះទេ ប៉ុន្តែ​បាន​ជំរុញ​ឲ្យ​យោធា​ថៃ​គោរព​ស្ថាប័ន​ប្រជាធិបតេយ្យ​។ នេះ​បើ​យោង​តាម​សំដី​របស់​នាំ​ពាក្យ​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក លោកស្រី Jen Psaki បាន​ប្រាប់​អ្នកសារព័ត៌មាន​។​

​លោកស្រី Psaki ថ្លែងថា “​កងទ័ព​ថៃ​បាន​ថ្លែង​ជា​សាធារណៈ​ថា វា​គ្រាន់តែ​ជា​សកម្មភាព​បណ្ដោះអាសន្ន​តែប៉ុណ្ណោះ​។ យើង​សង្ឃឹមថា គេ​នឹង​អនុវត្តតាម​សំដី​របស់​គេ​”​។​
​អ្នកនាំពាក្យ​រូប​នេះ​បាន​ថ្លែង​បន្តទៀតថា សហរដ្ឋអាមេរិក​បាន​ទាក់ទង​ជា​ទៀងទាត់​ជាមួយ​កងទ័ព​ថៃ ជំរុញ​ឲ្យមាន​ភាពស្ងប់ស្ងាត់ ការពារ​សិទ្ធិ​សេរីភាព​សាធារណៈ ធានា​សិទ្ធិ​បញ្ចេញមតិ និង​សេរីភាព​សារព័ត៌មាន​ជា​ដើម​។​
​អ្នកការទូត​ជាន់ខ្ពស់​សហរដ្ឋអាមេរិក​ប្រចាំ​អាស៊ីអាគ្នេយ៍ Danny Russel អំពាវនាវ​ឲ្យ​រដ្ឋាភិបាលចាំផ្ទះ​ថៃ​បន្ត​ការងារ​តទៅទៀត ដោយ​សន្យាថា​នឹង​រៀបចំ​ការបោះឆ្នោត​ដ៏​ត្រឹមត្រូវ​នា​ថ្ងៃ​ទី​៣ ខែកក្កដា ខាងមុខ​។​

​គួរ​រំលឹក​ផងដែរ​ថា ថៃ​គឺជា​សម្ព័ន្ធមិត្ត​ដ៏​ចាស់​ជាងគេ​បំផុត​របស់​សហរដ្ឋអាមេរិក​នៅ​អាស៊ី ហើយ​សហរដ្ឋអាមេរិក​បាន​ព្រួយបារម្ភ​នឹង​ការ​ចូល​ពាក់ព័ន្ធ​នឹង​នយោបាយ​ដ៏​វឹកវរ​នៅក្នុង​អាណាចក្រ​នេះ ដែល​គេ​ធ្លាប់​ដឹង​ថា​មាន​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ និង​រដ្ឋប្រហារ​យោធា​ចំនួន​១៨ លើក​រួចមកហើយ តាំងពី​ប្រទេស​នេះ​បាន​ផ្លាស់​ទៅ​ជា​រាជាណាចក្រ​អាស្រ័យ​រដ្ឋធម្មនុញ្ញ​នៅ​ឆ្នាំ​១៩៣២​មក​៕​
2014-05-22_100847

មតិយោបល់