ព័ត៌មានជាតិ

អគ្គីភ័យ​លេប​ត្របាក់​ផ្ទះ និង​តូប​លក់ដូរ​អស់​ ២០​ខ្នង​ក្នុង​នៅក្នុង​ផ្សារ​​អន្លង់វែង

ផ្ទះល្វែង​ឈើ​លើ​ថ្មរ​ក្រោម​ចំនួន​១០​ខ្នង ព្រម​ទាំង​ផ្ទះ​លក់ដូរ​អីវ៉ាន់​ចំនួន ១០​ខ្នង ជាប់​ផ្សារ​ចាស់​ក្នុង ទីរួមស្រុក​អន្លង់វែង ត្រូវ​អគ្គីភ័យ​បាន​លេប​ត្របាក់​ទាំង​ស្រង​ដោយ​បន្សល់​ទុក​តែ​ផេះ ហើយ​ផ្ទះ​មួយ​ចំនួន​ទៀត ក៏​រង​ការ​បំភ្លេច​បំផ្លាញ​តិចតួច​ក្នុង​ផងដែរ​ក្នុង​រយៈ​៣​ម៉ោង ហេតុ​ការ​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១០ និង​៣០​នាទី រហូតដល់​ម៉ោង​១​រសៀល ថ្ងៃទី​២៣ ខែ​ឧសភា ឆ្នាំ​២០១៤ ស្ថិតនៅក្នុង​ភូមិ​អូរ​ជញ្ជៀន ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ​។​

​ក្នុង​ហេតុការណ៍​គ្រោះមហន្តរាយ​អគ្គីភ័យ​កំពុង​ឆាបឆេះ​យ៉ាង​សណ្ធរ​សណ្ធៅ ភ្លាមៗ​នោះ​ក៏​មាន​ការជួយ​អន្តរាគមន៍​របស់​សមត្ថកិច្ច​ជាច្រើន​ដូចជា កម្លាំង​កងរាជអាវុធហត្ថ​ស្រុក និង​កងរាជអាវុធហត្ថ​ទិស កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក នគរបាល​ព្រំដែន និង​កម្លាំង​យោធា​ពល​តូច​ថ្មើរជើង​លេខ​៤១ ព្រមទាំង​ប្រជាពលរដ្ឋ​បាន​ចុះជួយ​អន្តរាគមន៍​ដងទឹក​បាច់​ពន្លត់ភ្លើង និង​ម៉ូតូ​រ៉ឺម៉ក់​ដឹក​ទឹក​ដើម្បី​ជួយ​បាញ់​ពន្លត់ភ្លើង ហើយក៏​មាន​រថយន្ត​ពន្លត់​អគ្គីភ័យ​របស់​លោក​ឧកញ៉ា លឹម ហេង ក៏​បាន​ចុះជួយ​អន្តរាគមន៍​ភ្លាមៗ ក៏ប៉ុន្តែ​មិន​អាច​ពន្លត់ភ្លើង​បាន ដោយសារ​ទីតាំង​កើតហេតុ​ភ្លើង​ឆេះ​មាន​អាកាសធាតុ​ខ្យល់​ខ្លាំង​ដូច​ជម្រុញ​អណ្តាតភ្លើង​រាលដាល​ទៅ​ផ្ទះ​ផ្សេងៗ​ទៀត រហូត​ដល់​រថយន្ត​អន្លត់​អគ្គីភ័យ​របស់​ស្នងការ​នគរបាល​ខេត្ត​ឧត្តរមានជ័យ អន្តរាគមន៍​ពន្លត់ និង​បាញ់​ទឹក​ស្កាត់​ភ្លើង មិន​ឱ្យ​ឆ្លង​រាលដាល​ទៅ​ផ្ទះ​ផ្សេងៗ ទៀត​ទីបំផុត​ដោយ​មាន​ការជួយ​អន្តរាគមន៍​ពន្លត់ភ្លើង​ពី​អាជ្ញាធរ សមត្ថកិច្ច និង​ប្រជាពលរដ្ឋ អស់​រយៈពេល​៣​ម៉ោង ទើប​ស្ថានភាព​ភ្លើង​បាន​រលត់ទៅវិញ នៅវេលា​ម៉ោង​១​រសៀល​។​

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឱ្យដឹង​ថា ក្នុង​គ្រោះ​អគ្គីភ័យ​ប្រភព​ដើមចម​បាន​ឆាបឆេះ​ចេញពី​ក្នុង​ផ្ទះ​លក់​ផ្អក​ប្រហុក​របស់​ស្ត្រី​ម្នាក់​ឈ្មោះ ស៊ុន សុជា ជា​ស្ត្រី​មេម៉ាយ ដែល​គាត់​បាន​បើក​កង្ហា​ល​ដេក​នៅក្នុង​ផ្ទះ​ក្រោយ​បាយ​រួច នៅវេលា​ម៉ោង​១១ ថ្ងៃត្រង់ ហើយព្រី​កង្ហាល​បាន​ឆ្លង​ផ្ទុះ​សេ​ខ្សែរ​ភ្លើង​ឆេះ រហូត​ឆេះ​ដោយ​ភ្លើង​ខ្លាំង ទើប​គាត់​ភ្ញាក់​ដឹងខ្លួន​ពី​ដេក ក៏​បាន​ស្រែកហៅ​ឱ្យ​អ្នក​នៅ​ក្បែរ​ជួយ ដង​ទឹក​មក​ជួយ​ពន្លត់ភ្លើង តែ​ដោយសារ​អណ្តាតភ្លើង​ឆេះ​ខ្លាំង និង​អាកាសធាតុ​មាន​ខ្យល់ ហើយ​ក្នុង​ផ្ទះ​របស់​គាត់​មាន​សំភារៈ​កំប៉ុង ធុង និង​ពី​ដុង​ជ័រ​ច្រើន ភ្លើង​ក៏បាន​ឆាប់ឆេះ​យ៉ាង​សណ្ធរ​សណ្ធៅ និង​រាលដាល​ដល់​ផ្សេងៗ​ទៀត​។​

​ក្នុង​ហេតុការណ៍​អគ្គីភ័យ​កំពុង​ឆេះ ក៏​មាន​វត្តមាន​របស់​ឯកឧត្តម ស ថា​វី អភិបាលខេត្ត​ឧត្តរមានជ័​យ​និង​ឯកឧត្តមឧ​ត្ត​ម​សេនីយ៍​ត្រី ម៉ែន លី ស្នងការ​នគរបាល​ខេត្ត​ឧត្តរមានជ័យ បាន​ចុះ​មក​បញ្ជា​ផ្ទាល់​ដល់​កម្លាំង​សមត្ថកិច្ច​គ្រប់​ជំនាញ និង​រៀបចំ​សណ្ឋាប់ធ្នាប់​ចរាចរណ៍​នៅ​តាម​ដង​ផ្លូវ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​រថយន្ត​ពន្លត់អគ្គីភ័យ ចូល​បាញ់​ទឹក​ពន្លត់ភ្លើង និង​ទប់ស្កាត់​មិន​ឱ្យ​ឆេះ​រាលដាល​ទៅ​ផ្ទះ​ប្រជាពលរដ្ឋ​ផ្សេងៗ​ទៀត​ហើយ​គេ​នៅ​មិនទាន់​ដឹង​ពី​ទំហំ​នៃ​ការខូចខាត​អស់​ប៉ុន្មាន​នោះទេ​៕
vlcsnap-2014-05-23-15h24m09s115

vlcsnap-2014-05-23-15h24m51s13

មតិយោបល់