ព័ត៌មានជាតិ

ចុងភៅ​កម្ពុជា​ទទួលបាន​ពានរង្វាន់​លេខ​១​និង​លេខ​២ ក្នុង​ការប្រកួត​ពានរ​ង្វាន់​ម្ហូបអាហារ​លើ​ឆាក​អន្តរជាតិ

​ខេត្តសៀមរាប ៖​នៅ​ថ្ងៃ​ទី ថ្ងៃទី​២៧ ខែ​ឧសភា ឆ្នាំ​២០១៤ ចុងភៅ​កម្ពុជា​បាន​និង​កំពុង​ធ្វើឲ្យ​ម្ហូបអាហារ​ខ្មែរ​ល្បី​នៅលើ​ឆា​អន្តរជាតិ ខណៈពេល ដែល​ពួក គេ​ទទួលបាន ជ័យជំនះ​ពានរង្វាន់​ចំនួន ២ ក្នុង​ការប្រកួតប្រជែង ម្ហូបអាហារ​ប្រចាំ តំបន់​អាស៊ាន និង​កម្មវិធី ប្រកួតប្រជែង ម្ហូបអាហារ ដែល​ធ្វើ​មក​ពី​ធនធានធម្មជាតិ នៅ​ក្នុង​ទន្លេ មេគង្គ នៅក្នុង​ប្រទេស​ចិន និង​ប្រទេស ថៃ​នាពេល កន្លងមក​ថ្មីៗ​នេះ​។​

​លោក ហៃ វុទ្ធី ប្រធាន​សមាគម​ចុងភៅ​កម្ពុជា ដែល​ទើបបាន​វិលត្រឡប់​ពី​ការដឹកនាំ​ចុង ភៅក​ម្ពុ​ជាទៅ​ប្រកួត​នៅ​ប្រទេស​ចិន និង​ប្រទេស​ថៃ បាន​ឲ្យដឹង​កាលពី​ថ្ងៃ​ទី ២៧ ខែ​ឧសភា​ឆ្នាំ ២០១៤ ថា ការប្រកួតប្រជែង​ម្ហូបអាហារ​ប្រចាំ​តំបន់​អាស៊ាន ដែល​បាន​ធ្វើឡើង​ចាប់ពី​ថ្ងៃ​ទី ១២ រហូត​ដល់​ថ្ងៃ​ទី ១៥ ខែ​ឧសភា​ឆ្នាំ ២០១៤ នៅ​ទីក្រុង​សៀង​ហៃ​ប្រទេស​ចិន​នោះ ចុងភៅ​កម្ពុជា យើង​ទទួលបាន​ចំណាត់ថ្នាក់​លេខ ២ ។ ចំណែកឯ​ការប្រកួតប្រជែង​ម្ហូបអាហារ​ដែល​ធ្វើ​មក​ពី​ធនធានធម្មជាតិ​នៅ​ក្នុង​ទន្លេមេគង្គ ដែល​បាន​ធ្វើឡើង​ចាប់ពី​ថ្ងៃ​ទី ២១ រហូត​ដល់​ថ្ងៃ​ទី ២៥ ខែ ឧសភា​ឆ្នាំ ២០១៤ នៅក្នុង​ទីក្រុង​បាងកក​ប្រទេស​ថៃ​នោះ ចុងភៅ​កម្ពុជា​យើង​ទទួលបាន​ចំ ណាត់​ថ្នាក់​លេខ ១ ក្នុងចំណោម​ប្រទេស​ចំនួន ១៣ ដែល​បាន​ចូលរួម​ប្រកួត​។​

​លោក ឡុង បូរ៉ា ប្រធាន​ក្រុម​ចុងភៅ​កម្ពុជា ដែល​បាន​ដឹកនាំ​ចូលរួម​ការប្រកួត​ដោយផ្ទាល់ បានឲ្យដឹងថា ម្ហូប​ដែល​ក្រុម ចុងភៅ​កម្ពុជា​យើង​លើក​យក​ទៅ​បង្ហាញ​នាពេល​នោះ ហើយ ទទួលបាន​ចំណាត់ថ្នាក់​លេខ ១ ពោល​គឺ​ទី ១ ញាំ​ព្រលឹត​ជាមួយ ត្រី​អណ្តែង និង​កំពឹស ទី ២ បំពង​បង្កង​ជាមួយ​ទឹកជ្រលក់​ស្វាយ​ទុំ ទី ៣ សម្លប្រហើរ​ជាមួយ​សាច់​ត្រី ទី ៤ ខ​អន្ទង់​រុំ​ជា មួយ​ទឹកម្ទេស អំពិល​ទុំ ទី ៥ អា​ម៉ុក​កង្កែប​ក្នុង​ត្រឡាច ទី ៦ ត្រី​បំពង​ជាមួយ​ទឹកជ្រលក់​ម៉ា​យូ ណែ​ស និង​ទី ៧ បាយដំណើប​រុំ​ជាមួយ សាច់​ត្រី​និង​បង្កង​។​

​លោក ឡុង បូរ៉ា បានឲ្យដឹង​ទៀតថា នៅពេល​ដែល​គណៈកម្មកា​រ​ប្រកាសថា កម្ពុជា​ទទួលបាន​ចំណាត់ថ្នាក់​លេខ ១ នៅក្នុង ចំណោម​ប្រទេស​ចំនួន ១៣ ដែល​បាន​ចូលរួម​ប្រកួត​នោះ រូប​លោក​មាន​ការសប្បាយ​ចិត្ត​យ៉ាង​ខ្លាំង ស្ទើរតែ​ស្រក់​ទឹកភ្នែក​ព្រោះ មាន​មោទនភាព​ដែល​បាន​ធ្វើ​ឲ្យ​ម្ហូប​ខ្មែរ​មាន​ការទទួលស្គាល់​លើ​ឆាក​អន្តរជាតិ​នោះ​៕​
bankor

មតិយោបល់