ព័ត៌មានជាតិ

ម៉ូតូ​២​គ្រឿង​ធ្វើដំណើរ​បញ្ច្រាសទិស​គ្នា បុក​គ្នា​ពេញទំហឹង​បណ្ដាលអោយ​មនុស្ស​៣​នាក់​រងរបួស​ស្រាល​

​ភ្នំពេញ ៖ ម៉ូតូ​២​គ្រឿង​ធ្វើដំណើរ​បញ្ច្រស់​គ្នា​បាន​បុក​គ្នា​ចំ​ពីមុខ​ពេញទំហឹង បណ្ដាល​អោយ​អ្នកជិះ​ម៉ូតូ​ទាំង​២​គ្រឿង​រង​របួសស្រាល​៣​នាក់ កាលពី​វេលា​ម៉ោង​៩​និង​២០​នាទី​យប់​ថ្ងៃទី​២៧​ខែ​ឧសភា​ឆ្នាំ​២០១៤ ត្រង់​ចំណុច​មុខ​ប៉ុស្តិ៍​នគរបាល​ទឹកល្អក់​៣ តាម​បណ្ដោយ​ផ្លូវ​លេខ​១៨២ (​ទេព​ផន​) ស្ថិតក្នុង​សង្កាត់​ទឹកល្អក់​៣ ខណ្ឌ​ទួលគោក​។​

​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ គេ​បាន​ឃើញ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ពាក់​ស្លាក​លេខ ភ្នំពេញ 1CG-0287 ដោយ​ជិះ​ដោយ​យុវជន​២​នាក់​បាន​ជិះ​តាម​បណ្ដោយ​ផ្លូវ​លេខ​១៨២ ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត​ដោយ​ជិះ​ក្នុង​ល្បឿន​លឿន​ក៏បាន​ជ្រុល​មក​បុក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​គុប​មួយ​គ្រឿង ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ ភ្នំពេញ 1BM-3213 ជិះ​ដោយ​បុរស​ម្នាក់​ក្នុង​ទិសដៅ​បញ្ច្រាស់​គ្នា​ជាមួយ​ម៉ូតូ​ហុងដា​ឌ្រី​ម បណ្ដាល​អោយ​បុក​គ្នា​ចំ​ពេញទំហឹង​ធ្វើអោយ​មនុស្ស​៣​នាក់​រងរបួស​ស្រាល​។​ចំណែក​ម៉ូតូ​ទាំង​២​គ្រឿង​ខាងលើ​ក៏​បាន​រង​ការខូចខាត​បន្តិចបន្តួច​ផងដែរ​។​ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​មកដល់​កន្លែងកើតហេតុ​ក៏​បាន​អោយ​ភាគី​ម៉ូតូ​ទាំង​២​សម្របសម្រួល​គ្នា​កុំ​អោយ​វែងឆ្ងាយ​ត​ទៅ​មុខ​ទៀត​៕

2014-05-28_100544

មតិយោបល់