ភ្នំពេញ៖ បុរសម្នាក់បានស្លាប់បន្ទាប់ពីបញ្ជូនទៅមន្ទីរពេទ្យ និងបុរសម្នាក់ទៀតបានរងរបួសបាក់ជើងខាងឆ្វេងយ៉ាងធ្ងន់ធ្ងរដោយសារជួបគ្រោះថ្នាក់ចរាចររវាងរថយន្តសាមុយដែលដឹកអ្នកជំងឺធ្វើដំណើរពីខេត្តសៀមរាបនិងម៉ូតូ កាលពីវេលាម៉ោង៧និង២០នាទីយប់ថ្ងៃទី២៧ខែឧសភាឆ្នាំ២០១៤ នៅត្រង់ចំណុចមុខហាងខារ៉ាអូខេយីហោ សំនៀងសុខា តាមបណ្ដោផ្លូវជាតិលេខ៥ ក្នុងភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។
យោងតាមប្រភពព័ត៌មានដែលចុះមកដល់កន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿងជារថយន្តសាមុយ ពណ៌ស អត់មានស្លាកលេខ និងសញ្ញាសំគាល់របស់មន្ទីរពេទ្យនោះទេ បានធ្វើដំណើរពីខេត្តសៀមតាមបណ្ដោយផ្លូវជាតិលេខ៥ ដោយមានដឹកអ្នកជំងឺឆ្ពោះទៅរាជធានីភ្នំពេញ ខណៈមកដល់ចំណុចកើតហេតុក៏បានព្យាយាមបើកវ៉ារថយន្តមួយគ្រឿងដែលបើកស្របគ្នាពីមុខ ក៏បានជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាកហុងដាគុប ពណ៌ទឹកប៊ិច អត់ស្លាកលេខ ដោយជិះដោយបុរស២នាក់ក្នុងទិសដៅបញ្ច្រាស់គ្នាធ្វើអោយរថយន្តជ្រុលមកបុកពីមុខយ៉ាងពេញទំហឹងបណ្ដាលអោយអ្នកជិះម៉ូតូទាំង២ហោះផ្លោងដូចសំឡី រងរបួសយ៉ាងធ្ងន់ធ្ងរ ភ្លាមៗនោះជនរងគ្រោះក៏ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះភ្លាមៗ ក៏ប៉ុន្តែដោយស្ថានភាពជនរងគ្រោះម្នាក់ធ្ងន់ធ្ងរពេកក៏បានដាច់ខ្យល់ស្លាប់ពេលដែលបញ្ជូនទៅមន្ទីរពេទ្យ ចំណែកម្នាក់ទៀតបានរងរបួសបាក់ជើងខាងឆ្វេងធ្ងន់ធ្ងរផងដែរ។
បន្ទាប់ពីកើតហេតុចំពោះម៉ូតូជនរងគ្រោះបានខ្ទេចមើលលែងចង់ស្គាល់ចំណែករថយន្តបង្កវិញក៏បានរងការខូចខាតផ្នែកខាងមុខជំហៀងខាងឆ្វេងយ៉ាងដំណំ។ ក្រោយពេលកើតហេតុអ្នកបើករថយន្តបានចុះពីរថយន្ត ហើយរត់គេចបាត់ស្រមោល ដោយបន្សល់រថយន្តនៅកន្លែងកើតហេតុចំណែកអ្នកជំងឺដែលសាមុយនេះដឹកក៏បានផ្ទេរទៅរថយន្តផ្សេងទៀតដើម្បីយកទៅព្យាបាលបន្តផងដែរ។សមត្ថកិច្ចនគរបាលចរាចរជើងគោករាជធានីភ្នំពេញ ក៏បានចុះធ្វើការវាស់វែងចំពោះគ្រោះថ្នាក់ចរាចរនេះយកទៅរក្សាទុកដើម្បីរង់ចាំធ្វើការដោះស្រាយតាមផ្លូវច្បាប់៕
មតិយោបល់