បាត់ដំបងៈ សត្វអណ្តើករស់ចំនួន២០៧គីឡូក្រាម និងសត្វពស់រស់ចំនួន១៦ គីឡូក្រាម ត្រូវបានក្រុមឈ្មួញទុច្ចរិតលួចលាក់ដឹកជញ្ជូនពីខេត្តបន្ទាយមានជ័យឆ្ពោះទៅកាន់រាជធានីភ្នំពេញ ដោយឆ្លងកាត់ទឹកដីខេត្តបាត់ដំបងកាលពីរាត្រីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ ត្រូវបានសមត្ថកិច្ចនគរបាលខេត្តបាត់ដំបងស្ទាក់ចាប់ និងរឹបអូសយក។
ក្នុងប្រតិបត្តិការនេះ ដោយមានការណែនាំរបស់លោកឧត្តមសេនីយ៍ទោ ស ថេត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដោយបានការអនុញ្ញាតពីលោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង លោកវរសេនីយ៍ឯក កុយ ហៀង ស្នងការរងទទួលផែនប្រឆាំងបទល្មើស និងលោកវរសេនីយ៍ឯក ម៉ៅ រង្ស៊ី នាយការិយាល័យនគរ បាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។
សូមបញ្ជាក់ថា ជនសង្ស័យជាម្ចាស់សត្វទាំងនេះ បានគេចខ្លួនបាត់ក្នុងពេលដែលសមត្ថកិច្ចចុះបង្ក្រាប។ បច្ចុប្បន្ននគរបាលជំនាញកំពុងធ្វើការស្រាវជ្រាវកំណត់អត្តសញ្ញាណជនសង្ស័យ ដើម្បីយកមកទទួលខុសត្រូវចំពោះមុខច្បាប់ ។
ដោយមានការឯកភាពពីលោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០១៦ សត្វអណ្តើកនិងសត្វពស់ទាំងនេះ បានប្រគល់ជូនទៅជំនាញរដ្ឋបាលជលផល ដើម្បីចាត់ចែងយកទៅប្រលែងនៅបឹងធម្មជាតិ៕
មតិយោបល់