ព័ត៌មានជាតិ

៦ខែ ដើមឆ្នាំ២០១៦ វិស័យសុខាភិបាលរាជធានីបានផ្តល់សេវាពិនិត្យនិងពិគ្រោះជំងឺជូនពលរដ្ឋបានចំនួន១៥ម៉ឺន ៦ពាន់​នាក់

ភ្នំពេញៈ លោក ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា សម្រាប់រយៈពេល៦ខែ ដើមឆ្នាំ២០១៦នេះ ការផ្តល់សេវាសុខាភិបាលដោយអង្គភាពរដ្ឋនៅរាជធានីភ្នំពេញសម្រេចបានលទ្ធផលសំខាន់ៗមួយចំនួនដូចជា បានទទួលពិនិត្យ និងពិគ្រោះជំងឺជូនប្រជាពលរដ្ឋសរុបបានចំនួន១៥ម៉ឺន៦ពាន់ ៦៨៥ករណី ក្នុងនោះ អ្នកជំងឺក្រីក្រទទួលបានការព្យាបាលដោយមិនគិតថ្លៃមានចំនួន១ម៉ឺន២ពាន់២៩០ករណី ផ្តល់សេវាពិនិត្យ ថែទាំសុខភាពមាតា មុននិងក្រោយពេលសំរាលកូន សរុបបានចំនួន៦ម៉ឺន៤ពាន់៣២៣នាក់ និងផ្តល់ថ្នាំបង្ការជំងឺតេតាណូសដល់ស្ត្រីមានផ្ទៃពោះនិងស្ត្រីទូទៅ បានចំនួន៤ម៉ឺន៣ពាន់៧៧៩នាក់ ផ្តល់ថ្នាំបង្ការផ្សេងៗដល់កុមារអាយុក្រោម១ឆ្នាំសរុបបានចំនួន១៨ម៉ឺន៦ពាន់៩៨៩ករណី។

លោក ប៉ា សុជាតិវង្ស បន្តថា នៅក្នុងយន្តការនៃការផ្តល់សេវានៃការផ្តល់សេវាសុខាភិបាល ដោយអង្គភាពរដ្ឋ និងការគ្រប់គ្រងសេវាសុខាភិបាលឯកជនក្នុងក្របខណ្ឌរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញបាននឹងកំពុងបន្តយកចិត្តទុកដាក់ខ្ពស់ទៅលើវិស័យសុខាភិបាល ដែលជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពផ្សេងទៀត ដោយហេតុថា បញ្ហាសុខភាពសាធារណៈ គឺជាមូលដ្ឋានគន្លឹះមួយនៃការអភិវឌ្ឍធនធានមនុស្ស ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងមានទំនាក់ទំនងដោយផ្ទាល់ទៅនឹងជីវិតជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។ ក្នុងន័យនេះដើម្បីបង្ខិតសេវាសុខាភិបាល ឲ្យកៀកជិតប្រជាពលរដ្ឋក្នុងមូលដ្ឋាន រដ្ឋបាលរាជធានីភ្នំពេញ ដែលមានមន្ទីរសុខាភិបាល ជាសេនាធិកា បានខិតខំពង្រឹងនិងពង្រីកយន្តការនៃការផ្តល់សេវា តាមរយៈការិយាល័យសុខាភិបាលស្រុកប្រតិបត្តិចំនួន៧មន្ទីរពេទ្យបង្អែកថ្នាក់រាជធានីចំនួន១(កម្រិតCPA3)មន្ទីរពេទ្យបង្អែកថ្នាក់ស្រុកប្រតិបត្តិចំនួន៧ (កម្រិតCPA1)មណ្ឌលសុខភាពចំនួន៣៩ (កម្រិតMPA) និងប៉ុស្តិ៍សុខភាពចំនួន១២កន្លែង ដោយមានមន្ត្រីបុគ្គលិកសុខាភិបាល កំពុងបម្រើការងារសរុបចំនួន៨៤៨នាក់ ស្រី៤៥៥នាក់។

លោកអភិបាលបន្តថា ក្នុងដំណើរនៃការធ្វើកំណែទម្រង់វិស័យសុខាភិបាល រដ្ឋបាលរាជធានីភ្នំពេញ អាស្រ័យដោយមានការខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តនិងប្រាជ្ញាស្មារតីរបស់មន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់នៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ តែក៏មិនអាចកាត់ផ្តាច់ចេញពីការចូលរួមសហការគាំទ្រពីសំណាក់ក្រសួងសុខាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់មន្ទីរអង្គភាពជុំវិញសាលារាជធានីភ្នំពេញ ធ្វើជាដៃគូដ៏ល្អផងដែរ។ ទោះបីយើងសម្រេចបានលទ្ធផលជាច្រើនលើវិស័យសុខាភិបាលយ៉ាងណាក្តី ប្រសិនបើមិនមានដៃគូរទាំងនេះចូលរួមទេ យើងក៏មិនបានសម្រេចជោគជ័យដែរ។ ប៉ុន្តែយើងក៏ត្រូវទទួលស្គាល់ថា ការផ្តល់សេវាសុខាភិបាលរបស់រដ្ឋ ជូនប្រជាពលរដ្ឋ នៅមានចំណុចខ្វះខាតនៅឡើយ ដូចជាការធ្លាក់ចុះក្រមសិលធម៌ដែលបង្ហាញឲ្យឃើញតាមរយៈបណ្តាញសារព័តមានអ្នកវិភាគតាមបណ្តាញសង្គម ហ្វេសបុក។ ប៉ុន្តែបញ្ហាទាំងអស់នេះត្រូវបានដាក់បញ្ចូលទៅក្នុងកម្មវិធីកំណែទម្រង់វិស័យសុខាភិបាលរួចមកហើយដែរ។

លោក ប៉ា សុជាតិវង្ស បានមានប្រសាសន៍បែបនេះ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ដោយបានធ្វើឡើងនៅសាលារាជធានីភ្នំពេញ កាលព្រឹកថ្ងៃទី៣១ សីហា ២០១៦ ក្រោមអធិបតីភាព លោកម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកម៉ប់ សារិនប្រធានក្រុមប្រឹក្សានិងប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ។ ក្នុងនោះលោកវេជ្ជបណ្ឌិត ងី មានហេង អនុប្រធានមន្ទីរសុខាភិបាលរាជធានីត្រូវបានតែងតាំងជាប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ជំនួសលោក សុខ សុគន្ធ ដែលត្រូវទទួលភារកិច្ចថ្មី នៅទីស្តីការ ក្រសួងសុខាភិបាល។

លោក ម៉ម ប៊ុនហេង បានបញ្ជាក់ថា ការផ្លាសប្ដូរមុខតំណែងមន្ដ្រីរាជការធ្វើឡើងជាធម្មតា នៅក្នុងដំណើរការមុខងារសាធារណៈសម្រាប់អាជឹព ជាមន្ដ្រីរាជការស៊ីវិល ដែលតែងមានការតែងតាំង ប្រគល់ភារកិច្ច ផ្ទេភារកិច្ច សម្រួលភារកិច្ច និងចូលនិវត្ដ ទៅតាមនិតិវិធី ដែលកំណត់ដោយច្បាប់។ ជាក់ស្ដែងថ្ងៃនេះយើងបានធ្វើពិធីប្រកាសចូលកាន់មុខតំណែង លោកវេជ្ជបណ្ឌិត ងី មានហេង ជាប្រធានមន្ទីរ សុខាភិបាលរាជធានីភ្នំពេញ ជំនួសលោក សុខ សុគន្ធ ដែលត្រូវទទួលភារកិច្ចថ្មី នៅទីស្ដីការក្រសួងសុខាភិបាល។ ដើម្បីបន្ដនិរន្ដភាពរដ្ឋបាល និងដើម្បីពង្រឹងប្រសិទ្ធភាពការងារ ឲ្យកាន់តែល្អផូរផង់ បន្ថែមទៀតនោះ លោក ម៉ម ប៊ុនហេង បានធ្វើការណែនាំទៅលោក ងី មានហេង ត្រូវបង្កើនស្មារតីយកចិត្ដទុកដាក់ និងទទួលយកចិត្ដទុកដាក់ខ្ពស់ ក្នុងការបំពេញភារកិច្ចរបស់ខ្លួន ដោយត្រូវបញ្ចេញឲ្យអស់នូវចំណេះដឹង សមត្ថភាព លលទ្ធភាព និងទេពកោសល្យ ពិសេសត្រូវចេះស្វែងយល់ ឲ្យបាលស៊ីជម្រៅ អំពីលិខិតបទដ្ឋានគតិយុត្ដ ពាក់ព័ន្ធនិងរដ្ឋបាលថ្នាក់ក្រោមជាតិ និងសមត្ថិកិច្ចជំនាញ របស់ស្ថាប័នខ្លួន ចាប់ពីពេលនេះតទទៅ៕

ពិនិត្យជំងឺពលរដ្ឋ (1)ពិនិត្យជំងឺពលរដ្ឋ (2)ពិនិត្យជំងឺពលរដ្ឋ (3)

មតិយោបល់