ព្រះសីហនុ ៖ ជនសង្ស័យប្រុសស្រីចំនួន៣នាក់ក្នុងនោះម្នាក់ជាប៉ូលិសអធិការដ្ឋាននគរបាលក្រុងព្រះសីហនុផ្នែកព្រហ្មទណ្ឌ ត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដឹកនាំដោយលោក រៀម ចន្ទម្នី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ ធ្វើការចាប់ឃាត់ខ្លួនក្នុងបទល្មើសជាក់ស្តែងពាក់ព័ន្ធការជួញដូរថ្នាំញៀន។
ហេតុការណ៍ចាប់ខ្លួននេះបានធ្វើឡើងនៅវេលាម៉ោង១៤រសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៤នៅត្រង់ចំណុចក្នុងភូមិលេខ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ (ផ្ទះជនជាប់សង្ស័យជាមន្ត្រីប៉ូលិសតែម្តង)។
លោកវរសេនីយ៍ត្រី ឆាយ វិន នាយការិយាល័យជួញដូរគ្រឿងញៀននៃកងរាជអាវុធហត្ថខេត្តព្រះសីហនុបានប្រាប់ឲ្យដឹងថា ជនជាប់សង្ស័យទាំង៣នាក់ខាងលើដែលត្រូវបានចាប់ខ្លួននោះមានទី១៖ ឈ្មោះសុខ ដៀន ភេទប្រុស អាយុ៣៥ឆ្នាំ មានមុខរបរជាមន្ត្រីប៉ូលិសព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុពាក់សក្ដិ២ ទី២៖ ឈ្មោះយិន សំនៀង ភេទស្រី ត្រូវជាប្រពន្ធ សុខដៀន និងទី៣៖ ឈ្មោះ ឯម វ៉ាន់នឿន ភេទប្រុស។
ក្រោយការឃាត់ខ្លួនកម្លាំងរបស់សមត្ថកិច្ចបានឆែកឆេររកឃើញនូវវត្ថុតាងមួយចំនួនរួមមាន ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន៣កញ្ចប់តូច ម្សៅពណ៌សថ្លាចំនួន៤កញ្ចប់ក្នុងនោះ ធំ១កញ្ចប់ តូច៣កញ្ចប់ កាំភ្លើងខ្លីម៉ា K59 មួយដើម មានគ្រប់ចំនួន៦គ្រាប់ កាំភ្លើង AK ស្វាយបត់មួយដើម មានគ្រប់ចំនួន ៣០គ្រាប់ ទូរស័ព្ទចំនួន៣គ្រឿង ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន ២គ្រឿង រួមនឹងប្រាក់ដុល្លារអាមេរិក ប្រាក់រៀលមួយចំនួនផងដែរ។
ជនជាប់សង្ស័យនៅចំពោះសមត្ថកិច្ចកងរាជអាវុធហត្ថបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលក់ និងចែកចាយគ្រឿងញៀនពិតប្រាកដមែន ប៉ុន្តែពាក់ព័ន្ធទៅនឹងប្រភពដើមដែលជាមេខ្លោងផ្តល់គ្រឿងញៀននេះ ជនជាប់សង្ស័យមិនឆ្លើយសារភាពប្រាប់ដឹងនោះទេ។
បច្ចុប្បន្នជនសង្ស័យកំពុងត្រូវបានសមត្ថកិច្ចធ្វើការសាកសួរព័ត៌មានបន្ថែមដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការតាមផ្លូវច្បាប់៕
មតិយោបល់