ព័ត៌មានជាតិ

ឯកឧត្តម កែវ បូ​រេ​ន្ទ្រ ៖ ការបណ្តុះបណ្តាល និង​ផ្តល់​ឱកាស​ការងារ​ដល់​ជនពិការ វា​ជា​ការរួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​

​ព្រឹក​ថ្ងៃ​ទី ៣០ ខែ​ឧសភា ឆ្នាំ ២០១៤ នៅ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​សង្គម​ពោធិ៍​សែនជ័យ ឯកឧត្តម កែវ បូ​រេ​ន្ទ្រ អនុរដ្ឋលេខាធិការ ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​ថ្លែងថា ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​

​និង​ផ្តល់​ឱកាស​ការងារ​សម​ស្រប​ដល់​ជនពិការ​មិន ត្រឹមតែ​ធ្វើឲ្យ​ជីវភាព​រស់នៅ​របស់​ជនពិការ និង​គ្រួសារ​បាន​ប្រសើរ​ឡើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា ការរួមចំណែក​យ៉ាង​សំខាន់ ក្នុង​ការកាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន និង​លើកកម្ពស់ ខឿន​សេដ្ឋកិច្ច​ជាតិ​ផង​ដែរ ។ ម្យ៉ាងវិញទៀត ក៏​បាន​បង្ហាញឲ្យឃើញ​ពី​សមត្ថ​ភាព​របស់​ជន ពិការ និង​ឆ្លើយតបបាន​យ៉ាង​សក្តិសម​ទៅ​នឹង​ពាក្យស្លោក​ដែលថា «​សូម​មើល​ឃើញ​សមត្ថ ភាព​ជនពិការ ប្រសើរ​ជាង​មើលឃើញ​តែ​ពិការភាព​» ។​

​ឯកឧត្តម​អនុរដ្ឋលេខាធិការ​មានប្រសាសន៍​បន្ថែម​ទៀត​ថា ដោយ​មាន​កិច្ចសហការ យ៉ាង​ជិតស្និទ្ធ​រវាង​ក្រសួង ស្ថាប័ន​ជំនាញ​របស់ រាជរដ្ឋាភិបាល និង​អង្គការ​ពាក់ព័ន្ធ​គួប​ផ្សំ នឹង​ការជួយឧបត្ថម្ភ​គាំទ្រ​ពី​ដៃគូ​អភិវឌ្ឍន៍​នានា យើង​សម្រេចបាន​លទ្ធផល​គួរឲ្យកត់សម្គាល់ ក្នុង​ការជួយ​ដល់​ជនពិការ ពិសេស​លើ​វិស័យ​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​រក​ការងារ​ធ្វើ​ជូន ជនពិការ ។​

​ជាក់ស្តែង​លើ​ការងារ​បណ្តុះបណ្តាល​នេះ គិត​ចាប់តាំងពី​ឆ្នាំ ១៩៨៧ រហូតមក ដល់​បច្ចុប្បន្ន​យើង​បាន​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​មុខជំនាញ​ជូន​ជនពិការ​ចំនួន ១៦.៦១៧ នាក់ ក្នុងនោះ​ជនពិការ​ប្រមាណ ៦៥% មាន​មុខរបរ​ផ្ទាល់ខ្លួន និង​បាន​ចូល​បម្រើ​ការងារ តាម​ក្រសួង ស្ថាប័នរដ្ឋ និង​ឯកជន​ទៀតផង ។​

​ឯកឧត្តម កែវ បូ​រេ​ន្ទ្រ បានបញ្ជាក់​ថា ក្នុង​រយៈពេល​ពីរ​ឆ្នាំ (២០១១-២០១២) កន្លងទៅ ដោយ​មាន​ការខិតខំរ​បស់​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​មាន​កិច្ច សហការ​យ៉ាង​ជិតស្និទ្ធ​ពី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ជនពិការ​ចំនួន ១.៤៦៨ នាក់ (​ស្មើនឹង ០,៧៨%) ត្រូវបាន​ក្រសួង​ស្ថាប័ន​រដ្ឋ​ទាំង ៣២ ទទួលយក​ចូល​បម្រើ​ការងារ ។ ឯកឧត្តម កែវ បូ​រេ​ន្ទ្រ បាន​បញ្ជាក់​បន្ថែម​ទៀត​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​បន្ត​ជំរុញ​ឲ្យ​ក្រសួង ស្ថាប័ន អង្គការ​មិនមែន​រដ្ឋាភិបាល អង្គការ​អន្តរជាតិ និង​ផ្នែក​ឯកជន​នានា​ផ្តោត​ការ យកចិត្ត​ទុក ដាក់​ដល់​កិច្ចការពារ និង​លើកកម្ពស់​សិទ្ធិ​ជនពិការ ពិសេស​ការផ្តល់សេវា​ស្តារ​លទ្ធភាព ពលកម្ម​កាយសម្បទា ដល់​ជនពិការ ការបណ្តុះបណ្តាល​វិជ្ជាជីវៈ មុខជំនាញ និង​ការពង្រឹង សមត្ថភាព​របស់​បង​ប្អូន​ជនពិការ ប្រកបដោយ​គុណភាព ដើម្បី​ឲ្យ​បងប្អូន​ជនពិកា​រ​មាន​លទ្ធ ភាព​ប្រើប្រាស់​សម្បទា​របស់ខ្លួន​ចូលរួម ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​គ្រួសារ ក៏ដូចជា​ចូលរួម​ក្នុង ការអភិវឌ្ឍ​សង្គម ។ ទន្ទឹមនឹងនេះ​រាជរដ្ឋាភិបាល​បន្ត​យកចិត្តទុកដាក់​ដល់​ការធ្វើ​សមា​ហរ ណ​កម្ម​ជនពិការ​ទៅ​ក្នុង​សង្គម ដើម្បី​បង្ក​ឱកាស​ឲ្យ​បងប្អូន​ពិការ​បាន​ចូលរួម​ពេញលេញ និង ស្មើភាព​នៅក្នុង​សង្គម និង​បន្ត​ជំរុញ​វិធីសាស្ត្រ​ជួយ​ជនពិការ ដែល​ផ្អែកលើ​ជំនួយ​មនុស្សធម៌ ទៅ​ជា​របៀប​ជួយ​ជនពិការ ដោយ​ផ្អែក​លើ​សិទ្ធិមនុស្ស និង​ការកសាង​សមត្ថភាព​ជនពិការ វិញ ព្រោះ​ការពឹងផ្អែក​លើ​ជំនួយ​មនុស្សធម៌​មិន​អាច​នា​ធា​និរន្តរភាព​ក្នុង​ការផ្តល់សេវា​ជូន ជនពិការ​បាន​ឡើយ ។​

​ម្យ៉ាងទៀត​បងប្អូន​ជនពិការ​មិន​ចង់​រស់នៅ​ដោយ​ការ​ពឹងពាក់ ឬ ដោយសារ​ជំនួយ​ជា​រៀងរហូត​ដែរ តែ​ជន​ពិការ​ចង់​មាន​មុខជំនាញ ការងារ និង​មុខរបរ​សម រ​ម្យ ដើម្បី​អាច​រស់នៅ​ដោយ​ភាព​ឯករាជ្យ ម្ចាស់ការ​ផ្អែកលើ​សិទ្ធិ​របស់​ខ្លួន ។ ផ្អែកលើ ទស្សនៈ​នេះ​ហើយ ដែល​រាជរដ្ឋាភិបាល​បាន​បង្កើន​ការចូលរួម​ថវិកាបដិភាគ​លើ​វិស័យ​ពិការ ភាព និង​ស្តារ​លទ្ធភាព​ពលកម្ម ហើយ​បង្កើន​ការចំណាយ លើ​វិស័យ​សង្គមកិច្ច​ជា​រៀងរាល់ ឆ្នាំ​សំដៅ​លើកស្ទួយ​សុខុមាលភាព​ជនពិការ និង​ក្រុម​ជន​ងាយ​រងគ្រោះ​ទូទាំង​ប្រទេស ៕​
2014-05-30_174631

2014-05-30_174617

មតិយោបល់