ភ្នំពេញ ៖ មានរថយន្តស៊េរីទំនើបម៉ាកធុនត្រាមួយគ្រឿង បើកលឿនដូចហោះ បុករះម៉ូតូ ២គ្រឿង កៀបជាប់ស្ត្រីម្នាក់ នៅក្រោមរថយន្ត អូសប្រមាណ ៣០ម៉ែត្រ ស្លាប់នៅនឹងកន្លែង ចំណែកបុរសម្នាក់ទៀត បានស្លាប់នៅមន្ទីរពេទ្យ និងបុរសម្នាក់ទៀត រងរបួសធ្ងន់។
គ្រោះថ្នាក់ចរាចរណ៍ នេះបានកើតឡើងកាលពីវេលាម៉ោង ៣និង៣០ នាទីព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៤ ហើយរថយន្តបង្ក បានជ្រុលបុករះ ធ្លាយរបងក្រសួងកសិកម្ម ក្បែរស្តុបចំការមន ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
ស្ត្រីរងគ្រោះដែលស្លាប់ មានឈ្មោះ ឃៀម នារី អាយុ ៤០ឆ្នាំ ហើយរថយន្តបង្ក ម៉ាកធុនត្រា ពាក់ស្លាកលេខ ខេមរភូមិន្ទ ០៩ ២-១១៣៣ ពណ៌ស ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្ស ពីលិចទៅកើតក្នុងល្បឿនលឿន ហើយក្នុងរថយន្ត មានក្រុមក្មេងស្ទាវ ៥-៦ នាក់ ជិះក្នុងរថយន្តផងដែរ។ ខណៈមកដល់ស្ដុបចំការមន បម្រុងបត់ស្ដាំទៅផ្លូវម៉ៅសេទុង ក៏បានជ្រុលចង្កូតបើកបុកម៉ូតូ ២គ្រឿង ម៉ាកហុងដាឌ្រីម១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BI-4343 ជិះគ្នា ២នាក់ និងម៉ូតូមួយគ្រឿងទៀត ពាក់ស្លាកលេខ ស្វាយរៀង 1A-9479 បើកបរដោយម្នាក់ឯង។
ស្ត្រីរងគ្រោះបានស្លាប់ភ្លាមៗ នៅក្រោមរថយន្ត និងរបួស ២នាក់ ផ្សេងទៀតរងរបួសធ្ងន់ ហើយជនបង្កទាំងនោះ មិនត្រូវបានឃាត់ខ្លួននោះទេ ដោយសារតែពួកគេមាន កាំភ្លើង គំរាមរកបាញ់ អ្នកដំណើរនៅក្បែរនោះ។ បន្ទាប់មកមានរថយន្ត ឡង់គ្រីស័រ ពណ៌ខ្មៅពាក់ស្លាកលេខ នប បានដឹកជនបង្កទាំងនោះ គេចខ្លួនបាត់ស្រមោលតែម្តង៕
មតិយោបល់