ព័ត៌មានជាតិ

តុលាកា​ខ្មែរក្រហម​គ្រោង​ប្រកាស​សាលក្រម ខៀវ សំផន និង​នួន ជា នៅ​ដើម​ខែ​សីហា​

សេចក្តីប្រកាស​ព័ត៌មាន​របស់​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (​អ​.​វ​.​ត​.​ក​)​កាល ពី​ថ្ងៃ​ទី ២៩ ខែ​ឧសភា ឆ្នាំ ២០១៤ បានឲ្យដឹងថា អ​.​វ​.​ត​.​ក នឹង​ប្រកាស​សាលក្រម​លើ​ពិរុទ្ធជន ចំនួន​ពីរ​រូប​ក្នុង​គឺ​លោក នួន ជា និង​លោក ខៀវ សំផន នៅ​ថ្ងៃ​ទី ៧ ខែ​សីហា ឆ្នាំ ២០១៤ ខាង មុខ​នេះ​។​

​អង្គជំនុំជម្រះ​សាលាដំបូង នៃ អ​.​វ​.​ត​.​ក បានប្រកាសថា សាលក្រម នៃ​សំណុំរឿង ០០២/០១ ពាក់ព័ន្ធ​នឹង​លោក នួន ជា អតីត​អនុ​លេខា​បក្សកុម្មុយនិស្ត​កម្ពុជា និង​លោក ខៀវ សំផន អតីត​ប្រមុខរដ្ឋ នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​នឹង ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ៧ ខែ សីហា ឆ្នាំ​២០១៤ វេលា​ម៉ោង ៩ ព្រឹក នៅ​ក្នុង​សាល​សវនាការ​ធំ​នៃ អ​.​វ​.​ត​.​ក​។​

​សេចក្តីប្រកាស​ព័ត៌មាន​បាន​បន្តថា “​ក្នុង​សំណុំរឿង ០០២/០១ នេះ ជនជាប់ចោទ​ទាំង ពីរ ដែល​សវនាការ​លើ​សំណុំ រឿង​នេះ​បាន ចាប់ផ្ដើម នៅ​ខែ​វិច្ឆិកា ឆ្នាំ ២០១១ និង​បាន​ធ្វើ​សេច ក្ដី​សន្និដ្ឋាន​បិទ​បញ្ចប់​កិច្ចពិភាក្សា ដេញដោល​នៅ​ខែតុលា ឆ្នាំ ២០១៣ ។​

​ក្នុង​សំណុំរឿង​នេះ ផ្ដោត​សំខាន់​លើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ដែល​ពាក់ព័ន្ធ​នឹង​ការផ្លាស់ប្ដូរ​ទីលំនៅ​ប្រជាជន ដោយ​បង្ខំចិត្ដ​ចេញ ពី​ភ្នំពេញ កាលពី​ខែ​មេសា ឆ្នាំ ១៩៧៥ និង​ផ្លាស់​ទីលំនៅ​ប្រជាជន​ចេញពី​តំបន់​ផ្សេងៗ​ទៀត ក្នុង​ដំណាក់កាល​ក្រោយ​ទៀត និង​ការ សម្លាប់​ទាហាន​នៃ​របប​សាធារណរដ្ឋ​ខ្មែរ នៅ​ទួល​ពោធិ៍​ជ្រៃ ក្នុង​ខេត្ត​ពោធិ៍សាត់ ។ ជាមួយគ្នា​នោះ​សេចក្តីប្រកាស​បាន​បញ្ជាក់​ផងដែរ​ថា ប្រសិនបើ​រក​ឃើញថា​មាន​ពិរុទ្ធភាព​នោះ​សេចក្ដីសម្រេច​អំពី​ការផ្ដន្ទាទោស និង​អំពី​ការទាមទារ​សំណង​របស់​ដើម​បណ្ដឹងរដ្ឋប្បវេណី ក៏​នឹង​ត្រូវ​ប្រកាស​នៅក្នុង​នោះ​ផង​ដែរ​។​

​សាលាក្តី​កាត់ទោស​អតីត​មេដឹកនាំ​ខ្មែរក្រហម ត្រូវបាន​បង្កើតឡើង​រួមគ្នា​ដោយ​អង្គការ សហប្រជាជាតិ និង​រាជរដ្ឋាភិបាល​កម្ពុជា​កា​ល ពី​ឆ្នាំ ២០០៦ កន្លងទៅ ហើយ​មក​ដល់​ឆ្នាំ​២០១៤ នេះ​សាលាក្តី​ចម្រុះ​មួយ​នេះ​បាន​ចំណាយ​ថវិកា​សរុប​រាប់រយ​លាន​ដុល្លារ​ហើយ ហើយ​មួយវិញទៀត​តុលាការ​មួយ​នេះ​ក៏​ធ្លាប់​បាន​ជួបប្រទះ នឹង​ភាព​រកាំរកូស​ជា​ច្រើនលើក​ច្រើនសារ​មក​ហើយ​ផង ដែរ​ដោយសារ​តែ​បុគ្គលិក​ខាង​ជាតិ ដែល​បាន​កំពុង​បម្រើ​នៅក្នុង​ស្ថាប័ន​នេះ​បាន​ជួបប្រទះ​នឹង​កង្វះ​ខាត់​ថវិការ ។ យ៉ាងណាក្តី​នាពេល​បច្ចុប្បន្ន​បុគ្គលិក​ផ្នែក​ជាតិ​នៅ​បន្ត​ធ្វើការ​របស់​ខ្លួន​ដដែល បន្ទាប់ពី​មាន​ជំនួយ​ជា​បន្តបន្ទាប់​ពី​ជាតិ និង​អន្តរជាតិ​នោះ​៕​
7467FC18-7DCE-4FF6-8EFE-447B91D2E1D4_w640_r1_s

មតិយោបល់