ភ្នំពេញ៖នៅរសៀលម៉ោង ៤ ថ្ងៃទី ៣ មិថុនា ឆ្នាំ២០១៤ នៅវិមានមិត្តភាព នៃទីស្តីការគណៈរដ្ឋមន្ត្រី នឹង ប្រារព្ធពិធី អបអរសាទរ នៃការវិលត្រឡប់មកវិញ របស់បដិមាបីអង្គ ដែលមានដើមកំណើត នៅប្រាសាទចិន នៃរមណីយដ្ឋានកោះកេរ ។
នេះបើយោងតាមសេចក្តីប្រកាស សេចក្តីប្រកាសព័ត៌មានរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី ០២ ខែមិថុនា ឆ្នាំ២០១៤ បានឲ្យដឹងថា បន្ទាប់ពីអវត្តមានពីទីឋាន កំណើតរបស់ខ្លួនអស់រយៈពេលជាង ៤០ ឆ្នាំមក បដិមាទុរយោធន៍ ភីម និងពលរាម ដែលមានដើមកំណើតនៅប្រាសាទចិន នៃរមណីយដ្ឋានកោះកេរ ហើយដែលត្រូវបានឆ្លាក់ឡើងនៅក្នុងរជ្ជកាលព្រះបាទវរ្ម័នទី ៤ នៅសតវត្សទី១០ បានវិលត្រឡប់ មកកាន់ប្រទេសកម្ពុជាវិញ នៅចុងខែឧសភា ឆ្នាំ ២០១៤ ។
សូមជម្រាបផងដែរថា សេចក្តីប្រកាសធ្លាប់ធ្វើរួចម្តងហើយ ដោយបង្ហាញថា បដិមាទុរយោធន៍ ត្រូវបានប្រគល់ជូនរាជរដ្ឋាភិបាលកម្ពុជាវិញ កាលពីថ្ងៃទី ៧ ខែឧសភា ឆ្នាំ២០១៤ នៅក្នុងទីក្រុងញូវយ៉ក ដែលនៅក្នុងពិធីប្រគល់នោះ មានឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ អាន ជាតំណាង ហើយនេះ គឺជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក និងការតស៊ូក្តីដ៏វែងឆ្ងាយ ដោយស្ថាប័នរដ្ឋអាជ្ញាអាម៉េរិកប្រចាំ Southern District of New York ជាមួយនឹងការគាំទ្រយ៉ាង សកម្មរបស់ក្រុមអ្នកច្បាប់កម្ពុជា។
ដោយមានស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅរាជធានីភ្នំពេញ និងស្ថាប័នរដ្ឋអាជ្ញាអាម៉េ រិក ជាអន្តរការី បដិមា ភីម ត្រូវបានបញ្ជូន ត្រឡប់មកទីឋានកំណើតវិញ បន្ទាប់ពីមានកិច្ចចរចាដោយផ្ទាល់ប្រកបដោយភាពយោគយល់គ្នារវាងមន្ត្រីកម្ពុជា និងតំណាង នៃសារមន្ទីរ Norton Simon នៅទីក្រុង Paadena រដ្ឋ California ។ ចំណែកបដិមា ពលរាម ត្រូវបានបញ្ជូន ត្រឡប់មក កម្ពុជាវិញ តាមការព្រមព្រៀងគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនដេញថ្លៃ Christie’s ក្រោមកិច្ចសម្រប សម្រួលជាអន្តរ ការីពីស្ថានទូត សហរដ្ឋអាមេរិក ប្រចាំនៅរាជធានីភ្នំពេញ និងស្ថាប័នរដ្ឋអាជ្ញាអាមេរិកផងដែរ។
ពិធីជាផ្លូវការនឹងត្រូវប្រារព្ធឡើង នៅវេលាម៉ោង ៤ រសៀល នៅឯវិមានមិត្តភាព នៃទីស្តីការគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការ គណៈរដ្ឋមន្ត្រី៕
មតិយោបល់