ព័ត៌មានជាតិ

ស្លាក​សញ្ញា​ប៉ាណូ​ជា​អក្សរ​ថៃ​ចំនួន​២ ត្រូវបាន​គេ​ដាក់តាំង​លើ​ទឹកដី​ខ្មែរ​ក្នុង​ខេត្ត​ប៉ៃលិន​

ខេត្ត​ប៉ៃលិន ៖ ស្លាក​សញ្ញា​ប៉ាណូ ដែល​សរសេរ​ជា​អក្សរ​ថៃ​ចំនួន​២ ត្រូវបាន​គេ​យកមក​ដាក់​តាំង​នៅ​ក្បែរ​ចិញ្ចើម​ផ្លូវជាតិ​លេខ​៥៧ ខាងស្តាំ​ដៃ ដោយសា្ល​ក​ប៉ាណូ​មួយ​មាន​ចម្ងាយ​ពី​ព្រំដែន​មក​លើ​ទឹកដី​កម្ពុជា ប្រមាណ​ជា ២៥០​ម៉ែត្រ និង​មួយទៀត​ចម្ងាយ​ពី​ព្រំដែន​ប្រមាណ​ជា ៤០០​ម៉ែត្រ ស្ថិតនៅក្នុង​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ដោយ​គ្មាន​អក្សរ​ខ្មែរ​មួយ​តួ​ណា​នៅ​ពីលើ​អក្សរ​ថៃ​នោះ​ឡើយ ហើយ​ស្លាក​សញ្ញា​នេះ ត្រូវបាន​ប្រជាពលរដ្ឋ​រាយការណ៍​មក​ថា គេ​យកមក​ដាក់​តាំង​ជា​យូរ​ថ្ងៃ​ខែ​មក​ហើយ តែ​ពុំ​ឃើញ​មាន​មន្ត្រី​ច្រកព្រំដែន ដែល​ពាក់ព័ន្ធ ឬ​អាជ្ញាធរ​ណា​ម្នាក់​យកចិត្តទុកដាក់​នោះឡើយ​។

​ករណីនេះ ត្រូវបាន​មតិ​សាធារណៈ​ជន​រិះគន់ថា អាជ្ញាធរខេត្ត​ហាក់ដូចជា​មិន​បាន​យកចិត្តទុកដាក់​លើ​វប្បធម៌ ខ្មែរ​ឡើយ បើសិនជា​គេ​បានដាក់​អក្សរ​ខ្មែរ​ពី​លើ​អក្សរ​បរទេស​នោះ វា​ជា​ការ​ឲ្យ​តម្លៃ​ទៅលើ​ប្រទេសជាតិ​របស់​ខ្លួនឯង​ផងដែរ​។​
​តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​សាលាខេត្ត​ម្នាក់ សុំ​មិន​បញ្ចេញ​ឈ្មោះ បានឲ្យដឹងថា តាម​ការពិនិត្យ​សង្កេត​ឃើញ​មាន​ស្លាក​ប៉ាណូ​ចំនួន​២​នៅ​ព្រំដែន​ក ម្ពុ​ជា​-​ថៃ ដែល​អត់​មាន​សរសេរ​អក្សរ​ខ្មែរ​មួយ​តួ​ណា​ទាល់តែសោះ គឺ​គេ​សរសេរ​តែ​ជា​អក្សរ​ថៃ​សុទ្ធសាធ ជាការ​មាក់ងាយ​លើ​វប្បធម៌​ខ្មែរ​យ៉ាង​ធ្ងន់ធ្ងរ​។ ប្រការនេះ អាជ្ញាធរខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ គួរ​គប្បី​ពិនិត្យមើល​ឡើងវិញ​លើ​ស្លាក​យីហោ​ដែល​គេ​ដាក់តាំង​យ៉ាង ច្បាស់ក្រឡែត​នៅលើ​ទឹកដី​ខ្មែរ​។​
​ប្រភព​បន្តទៀតថា ស្លាក​សញ្ញា​នេះ គេ​សរសេរ​ទាក់ទង​ទៅនឹង​ក្រុមហ៊ុន​កាស៊ីណូ និង​សរសេរ​ពី​ការផ្សាយពាណិជ្ជកម្ម ដើម្បី​ងាយស្រួល​ដល់​ជនបរទេស​ចូល​មក​លេង​ក្នុង​កាស៊ីណូ​ក្នុង​ទឹកដី ខ្មែរ ជាពិសេស​ជនជាតិ​ថៃ​តែម្តង​។ ទោះបីជា​បែប​នេះ ក៏ដោយ យើង​គួរ​យក​ភាសាជាតិ​របស់​ខ្លួន​ជា​ភាសា​ទី​មួយ​ដែរ ព្រោះ​នៅក្នុង​ប្រទេស​របស់​គេ ក៏​មិន​អនុញ្ញាត​ឲ្យ​សរសេរ​ជា​ភាសាជាតិ​សាសន៍​ផ្សេង​ទៀត​ទាំងស្រុង ក្រៅពី​ភាសា​របស់​ប្រទេស​គេ​បានឡើយ​។ បើ​សរសេរ​បាន លុះត្រាតែ​សរសេរ​ភាសាជាតិ​សាសន៍​របស់ខ្លួន​ជាមុនសិន ទើប​គេ​សរសេរ​អក្សរ​បរទេស​នៅ​ពីក្រោម ដែល​ជា​ការ​ឲ្យ​តម្លៃ​ទៅលើ​ជាតិ​សាសន៍​របស់ខ្លួន​។​
​ប្រជាពលរដ្ឋ​មួយចំនួន​រស់នៅក្នុង​ខេត្ត​ប៉ៃលិន បាន​ធ្វើ​ការរិះគន់​ថា អាជ្ញាធរ​គួរតែ​ឲ្យ​ម្ចាស់​ប៉ាណូ​បកប្រែ​សរសេរ​ជា​អក្សរ​ខ្មែរ​នៅ​ខាង លើ រួច​សរសេរ​ជា​អក្សរ​ថៃ​នៅ​ខាងក្រោម នោះ​ទើប​ជា​ការ​ឲ្យ​តម្លៃ​ទៅលើ​ភាសា​ខ្មែរ ក៏ដូចជា​ជាតិ​សាសន៍​របស់ខ្លួន តែបើ​យើង​យក​ភាសាបរទេស​មក​សរសេ​រដាក់​តាំង​ទាំង​ដុល​ដូច្នេះ​ហាក់ដូច ជា​មាក់ងាយ​ដល់​ភាសាជាតិ និង​វប្បធម៌​របស់​ខ្លួនឯង​ហើយ​។​

​ប្រជាពលរដ្ឋ​បន្តទៀតថា ថ្ងៃនេះ គេ​យក​ភាសា​គេ​មក​ដាក់​លើ​ទឹកដី​ខ្មែរ បើ​យើង​អត់​កែប្រែ​ស្លាក​សញ្ញា​នេះ​ទេ ថ្ងៃ​ណា​មួយ​គេ​នឹង​ដាក់​អ្វី​ផ្សេង​ទៀត ដែលជា​អត្តសញ្ញាណ​របស់​គេ​មក​លើ​ទឹកដី​យើង​ទៀត​ជា​មិនខានឡើយ​។​
​ទាក់ទិន​នឹង​បញ្ហា​នេះ លោក សុខ សាវុធ ប្រធាន​ទីស្នាក់ការ​ត្រួត​ពិនិត្យ​ព្រំដែន​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន បាន​ប្រាប់ឲ្យដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​៨ ខែមិថុនា ឆ្នាំ​២០១៤ ថា ស្លាក​សញ្ញា​ដែល​គេ​សរសេរ​ជា​ភាសា​ថៃ​នេះ ជា​ស្លាក​សញ្ញា​របស់​ក្រុមហ៊ុន​កាស៊ីណូ ដែល​សរសេរ​ប្រាប់​ពី​ការបើក​ដំណើរការ​និង​កា​ចាប់​រង្វាន់ ហើយ​អត់​សរសេរ​ជា​ភាសា​ខ្មែរ​នោះទេ ព្រោះ​អ្នក​ដែល​ចូល​មក​លេង​នៅ​កាស៊ីណូ​សុទ្ធសឹងតែ​ជា​ជនជាតិ​ថៃ​, ហើយ​ស្លាក​សញ្ញា​ដ៏​ធំ​មួយ​គឺ​គេ​ដាក់​បែរមុខ​ទៅ​ទឹស​ខាងលិច គឺ​សម្រាប់​ឲ្យ​ជនជាតិ​ថៃ​មើល និង​មកលេង ។​

​លោក​បន្តថា លោក​នឹង​ជួបពិភាក្សា​ជាមួយ​ថ្នាក់លើ ដើម្បី​ចុះ​ទៅ​ត្រួតពិនិត្យ​ជាក់ស្តែង​បន្ថែមទៀត ដើម្បី​មាន​វិធានការ​កែប្រែ​អក្សរ​បរទេស​នៅលើ​ស្លាក​ប៉ាណូ​មួយ​នេះ​។ លោក​បាន​បញ្ជាក់ថា លោក​ក៏​អត់​សូវ​ដឹង​រឿង​នេះ​ច្បាស់​ដែរ ព្រោះ​ពុំ​មាន​មន្ត្រី​ណា​ម្នាក់​រាយ​ការណ៏ប្រាប់​នោះទេ ហើយ​ចំពោះ​ក្រុមហ៊ុន​កាស៊ីណូ បើ​យោង​តាម​អនុក្រិត្យ​របស់រាជរ​ដ្ឋា​ភិបាល គឺ​មិនឲ្យ​ជនជាតិ​ខ្មែរ​ចូល​លេង​នោះទេ ,​មានតែ​ជនជាតិ​ថៃ​ទេ​ដែល​ចូល​លេង​បាន ។​បើ​តាម​លោក​ប្រធាន​ទីស្នាក់ការ​បញ្ជាក់ថា មាន​ក្រុមហ៊ុន​ចំនួន​៥​បើក​នៅ​ព្រំដែន​ខេត្ត​ប៉ៃលិន ប៉ុន្តែ​បិទ​អស់​មួយ​នៅសល់តែ​៤​ប៉ុណ្ណោះ គឺ​ក្រុមហ៊ុន​ក្រោន ,​ក្រុមហ៊ុន​k.r ,​ក្រុមហ៊ុនម្គុ​ជ​ពេជ្រ ,​ក្រុមហ៊ុន​ប៉ៃលិន​គ្រូ​ប ៕
2014-06-10_101100

មតិយោបល់