ព័ត៌មានជាតិ

ករណី​លោក នួន ជា និង​លោក ខៀវ សំផន អ​.​វ​.​ត​.​ក​នឹង​ប្រកាស​សាលក្រម​នៅ​ថ្ងៃ​ទី​០៧​សីហា​ឆ្នាំ​២០១៤

​ឯកឧត្ដម​បណ្ឌិតសភា​ចារ្យ សុខ អាន ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្ដីការគណៈរដ្ឋមន្ត្រី​បាន​ថ្លែងថា អង្គជំនុំជម្រះ​វិសាមញ្ញ នៅក្នុង តុលាការ​កម្ពុជា (​អ​.​វ​.​ត​.​ក​) នឹង​ប្រកាស​សាលក្រម​នៅ​ថ្ងៃទី ០៧ សីហា ឆ្នាំ ២០១៤ លើ​ករណី លោក នួន ជា និង​លោក ខៀវ សំផន ដែល​ការលើកឡើង​នេះ ខណៈពេល​ឯកឧត្ដម អនុញ្ញាត​ឲ្យ​គណៈប្រតិភូ​សហភាព​អឺរ៉ុប ដឹកនាំ​ដោយ​ឯកឧត្ដម Jean-Francois Cautain ចូលជួប​ពិភាក្សា​ការងារ អំពី​នីតិវិធី​នៃ​ការបង្កើត​ច្បាប់ នៅ​កម្ពុជា និង​អង្គជំនុំជម្រះ​វិសាមញ្ញ នៅក្នុង​តុលាការ​កម្ពុជា​នោះ កាលពី​ថ្ងៃ​ទី ១១ ខែ មិថុនា​។​

​លោក សុខ អាន បាន​ម្រាប​ជូន​ភ្ញៀវ​បន្តថា អ​.​វ​.​ត​.​ក ជា​តុលាការ​ព្រហ្មទណ្ឌ​អន្តរ ជាតិ​តែមួយ​គត់ ដែល​មាន​ការចូលរួម ពី​តំណាង​ភាគី​ស៊ីវិល និង​ដំណើរការ​ការងារ នីតិវិធី​ផ្សេងៗ​ទៀត​របស់​សាលាក្ដី​ខ្មែរក្រហម ។ លោក បាន​បន្តទៀតថា អ​.​វ​.​ត​.​ក ជា​តុលាការ​ព្រហ្មទណ្ឌ​អន្តរ ជាតិ​តែមួយ​គត់ ដែល​មាន​ការចូលរួម ពី​តំណាង​ភាគី​ស៊ីវិល និង​ដំណើរការ​ការងារ នីតិវិធី​ផ្សេងៗ​ទៀត​របស់​សាលាក្ដី​ខ្មែរក្រហម ។ ការបង្កើត​ច្បាប់​នៅ​កម្ពុជា គឺ​ក្រោយ​មាន​សេចក្តីព្រាងច្បាប់​ហើយ ជា​ដំបូង​មាន​ការពិគ្រោះ​យោបល់​ជាមួយ​ក្រុម ការងារ​បច្ចេកទេស ក្រុមប្រឹក្សា​អ្នកច្បាប់ និង​ក្រុមប្រឹក្សា​វប្បធម៌​សេដ្ឋកិច្ច និង​សង្គម ការប្រជុំ​អន្តរក្រសួង សេចក្តីព្រាងច្បាប់​នេះ​ត្រូវ​ពិនិត្យ​ដោយ​ឯកឧត្ដម មុន​ពេល​បញ្ជូន​ទៅ​ដាក់​ជូន​សម័យប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​ធ្វើការ​ពិភាក្សា​ដើម្បី​អនុម័ត​យល់ព្រម ។​

​តាម​គំនិត​ផ្ដួចផ្ដើម​ថ្មី​របស់​សម្ដេច​នាយករដ្ឋមន្ត្រី ចាប់ពី​ពេលនេះ​តទៅ រដ្ឋមន្ត្រី​តាម​ក្រសួង​នី​មួយៗ​មានអំណាច ដើម្បី​ធ្វើ​សេចក្តីព្រាងច្បាប់​តាំងពី​ដើម​រហូត​ដល់​ចប់ មុននឹង​ដាក់ជូន​គណៈ​រដ្ឋមន្ត្រី​ប្រជុំ​ពេញ អង្គ​។​
​ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី​បន្តថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ផ្ទេរ​ក្រុមប្រឹក្សា​កំណែ ទម្រង់​ច្បាប់ និង​ប្រព័ន្ធ​យុត្តិធម៌ និង​កំណែទម្រង់​រដ្ឋបាល​ប្រគល់​ជូន​ក្រសួង​យុត្តិធម៌ និង ក្រសួង​មុខងារសាធារណៈ និង​សេចក្តីព្រាងច្បាប់​សមាគម និង​អង្គការក្រៅរដ្ឋាភិបាល​បាន​និង​កំពុង​ត្រូវបាន​ត្រួតពិនិត្យ​ដោយ​ក្រសួងមហាផ្ទៃ សេចក្តីព្រាងច្បាប់​ស្ដីពី​ការគ្រប់គ្រង​បទ ល្មើស​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ត្រួតពិនិត្យ​ដោយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ សេចក្តីព្រាងច្បាប់​ស្ដី​ពី​សហជីព ពាណិជ្ជកម្ម ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ជា​អ្នកទទួលបន្ទុក ។​

​ក្រោយ​ការ​ជម្រាប​ពី​លោក សុខ អាន លោក Jean-Francois Cautain គណៈប្រតិភូ​សហភាព​អឺរ៉ុប​បាន​សម្តែង​នូវ​ការ ពេញចិត្ត និង​ការគាំទ្រ​ចំពោះ​កម្ពុជា​ផងដែរ ៕​
N1

មតិយោបល់